(ព្រះសីហនុ)៖ តាមការគ្រោងទុកនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ស្អែកនេះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងអញ្ជើញដឹកនាំការដុតបំផ្លាញគ្រឿងញៀន ដែលត្រូវបានរឹបអូសនៅខេត្តព្រះសីហនុ, ខេត្តកោះកុង, ខេត្តកំពត និងខេត្តកែប។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែកក្កដានេះ។
បើយោងតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា សារធាតុញៀន ៣ខេត្ដដែលត្រូវដុតបំផ្លាញនៅខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែកក្កដាស្អែកនេះ រួមមាន៖ ខេត្តព្រះសីហនុ ៣១,៣៨៥,៩៣ក្រាម និងសារធាតុផ្សេងៗ ១៦៩៨,០១ក្រាម, ខេត្តកំពត មានគ្រឿងញៀន២,១១ក្រាម, ខេត្តកោះកុង គ្រឿងញៀន២០៣២២,៥១ក្រាម ថ្នាំ WY ១,២០៩គ្រាប់ ស្មើរនឹង១០៨,៨១ក្រាម សរុបទាំង៣ខេត្ត មានទម្ងន់ ៥១១៧៩,៥៥ក្រាម និងសារធាតុផ្សេងៗ ១៦៩៨,០១ក្រាម។
នៅក្នុងសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ពិធីដុតគ្រឿងញៀននេះនឹងធ្វើឡើងនៅលើដីឡូតិ៍មួយកន្លែងក្បែររូបសំណាក់យាយម៉ៅ ចម្ងាយពីច្រកចូលរមណីយដ្ឋានក្បាលឆាយប្រមាណ ១,០០០ម៉ែត្រ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕