(បន្ទាយមានជ័យ)៖ ពលរដ្ឋក្រីក្រចាស់ជរាស្រ្តីមេម៉ាយសរុបចំនួន ១២០គ្រួសារ លើ៦ភូមិ ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទទួលបានអំណោយជាស្បៀង មានអង្ករ និងគ្រឿងឧបភោគ បរិភោគ និងអាហារសុខភាព ពីលោក ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជានាយកសមាគមន៍បេសកកម្ម ដំណឹងល្អ និងលោកស្រី ខឹម បុប្ផា។
ពិធីចែកអំណោយនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែកក្កដាម្សិលមិញ នៅសាលាសង្កាត់ទឹកថ្លា ក្រោមអធិបតីភាពលោក អ៊ុ រាត្រី អភិបាលខេត្ត, លោក ខាន់ ខុន, ថ្នាក់ដឹកនាំក្រុងអង្គភាពពាក់ព័ន្ធផងដែរ។
លោក ខាន់ ខុន បានសម្តែងភាពសប្បាយរីករាយ ដែលបានចូលរួមចំណែកជាមួយរដ្ឋាភិបាល តាមរយៈការការងារមនុស្សធម៌ ជួយដល់ពលរដ្ឋក្រីក្រ ជួយទុក្ខលំបាកនានា។ លោកថ្លែងថា ការជួយនិងចែករំលែកនេះ មិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ សំខាន់ជួយដល់អ្នកដែលកំពុងតែជួបការលំបាក។
លោក អ៊ុ រាត្រី បានថ្លែងអំណរគុណចំពោះលោក ខាន់ ខុន ដែលបានជួយដល់ពលរដ្ឋដែលកំពុងជួបបញ្ហាខ្វះខាតស្បៀង នៅក្នុងខេត្តបន្ទាយមានជ័យ ក្នុងអំឡុងមានវិបត្តិកូវីដ១៩។
លោកបានអំពាវនាវយ៉ាងទូទូចដល់ប្រជាពលរដ្ឋ មិនត្រូវមើលស្រាលចំពោះកូវីដ១៩ឡើយពីព្រោះជំងឺនេះមិនទាន់មានការថមថយនៅឡើយទេ ហើយចំនួនអ្នកឆ្លងនៅក្នុងបណ្តាប្រទេសក្នុងពិភពលោក រកឃើញករណីឆ្លងជាបន្តបន្ទាប់ ខណៈកម្ពុជាក៏នៅតែបន្តរកឃើញផងដែរ ដែលជាករណីនាំចូលពីក្រៅប្រទេស។
លោកបានជំរុញប្រជាពលរដ្ឋត្រូវបន្តអនុវត្តតាមវិធានការណែនាំឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរប់សក្រសួងសុខាភិបាល ដែលបានដាក់ចេញ។
ជាងនេះទៅទៀត លោកអភិបាលខេត្តក៏បានណែនាំកុំចាញ់បោកការអូសទាញពីសំណាក់មេខ្យល់ ដើម្បីទៅរកការងារធ្វើនៅទឹកដីប្រទេសថៃ ដែលជាហានិភ័យខ្ពស់ពីការចម្លងជំងឺដ៏កាចសាចហាវកូវីដ១៩ ហើយបើរកឃើញមេខ្យល់ដែលអូសទាញថា នាំទៅធ្វើការនៅប្រទេសដោយខុសច្បាប់ នឹងត្រូវផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា អំណោយដែលចែកជូនពលរដ្ឋទាំង១២០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ១០គីឡូក្រាម មីមួយកេស ទឹកត្រីមួយយួរ និងអាហារសុខភាពមួយកញ្ចប់៕