(ឧត្តរមានជ័យ)៖ អ្នកទោសខ្មែរចំនួន៣នាក់ទៀត ត្រូវបានអាជ្ញាធរប្រទេសថៃបន្តបញ្ជូនខ្លួនត្រឡប់មកឱ្យអាជ្ញាធរកម្ពុជាវិញ តាមច្រកអន្តរជាតិជាំ ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បន្ទាប់ពីបានចាប់ខ្លួននិងជាប់ឃុំឃាំង ជាច្រើនឆ្នាំក្នុងទឹកដីថៃពីបទឆ្លងដែនខុសច្បាប់។
បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យបានបញ្ជាក់ថា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ អាជ្ញាធរថៃ បានបញ្ជូនខ្លួនពលរដ្ឋខ្មែរចំនួន៣នាក់ ទៀតត្រឡប់មកវិញ តាមច្រកអន្តរជាតិជាំ បន្ទាប់ពីពលរដ្ឋខ្មែរទាំង៣នាក់នេះ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនដាក់ពន្ធនាគារនៅខេត្តស៊ីសាកេត ពីបទឆ្លងដែនខុសច្បាប់ ចូលកាប់ឈើគ្រញូង។
ពលរដ្ឋខ្មែរទាំង៣នាក់មានឈ្មោះ កង តូង ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវបានសមត្ថកិច្ចថៃ ចាប់ខ្លួននៅ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨, ទី២៖ ឈ្មោះ ឈុន ចាន់រី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិបរក្នុង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ត្រូវថៃចាប់ខ្លួន ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ និងទី៣៖ ឈ្មោះ ឈឿម កាយ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិជាយសំពៅ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ត្រូវថៃចាប់ខ្លួនថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧។
បន្ទាប់ពីបានស្គែនកំដៅរកមេរោគកូវីដ១៩ និងលាងសម្អាតខ្លួនប្រាណដោយទឹកអាល់កុល ពីមន្ត្រីចត្តាឡីសក័រួចមក សមត្ថកិច្ចបានធ្វើការអប់រំណែនាំឱ្យបញ្ឈប់ការ ឆ្លងដែនដោយខុសច្បាប់តទៅទៀត និងបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញរៀងៗខ្លួន៕