(កំពង់ធំ)៖ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណ ករណីឃាតកម្មសម្លាប់ស្ត្រីម្នាក់ រួចយកសពទៅបោះចោល ក្នុងស្រះទឹកនៅខេត្តកំពង់ធំហើយដែលជនដៃដល់នោះគឺជាប្តីតែម្តង។
ស្រ្តីរូបនេះត្រូវបានប្តីសម្លាប់ រួចយកសពទៅបោះចូលទឹកស្រះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ នៅភូមិខ្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
សមត្ថកិច្ចខេត្តកំពង់ធំ បានឲ្យភ្នាក់ងារ Fresh News ដឹងថា សាកសពស្រ្តីរងគ្រោះឈ្មោះ ស៊្រុន ចន្រ្ទា អាយុ៣០ឆ្នាំ នៅភូមិកើតហេតុ មានមុខរបរជាគ្រូពេទ្យឯកជន។ ស្ត្រីរងគ្រោះ ត្រូវបានជនសង្ស័យកាប់នឹងកាំបិតផ្គាក់ដងវែង ចំកញ្ចឹងក ខាងឆ្វេងបណ្តាលឲ្យស្លាប់ ហើយយកទៅបោះទម្លាក់ចូលទឹកស្រះនៅខាងក្រោយផ្ទះ ចម្ងាយប្រហែល ១០០ម៉ែត្រ។
បើតាមសមត្ថកិច្ច បានឲ្យដឹងទៀតថា ជនសង្ស័យជាប្តីឈ្មោះ ធល ធារិទ្ធ អាយុ៣០ឆ្នាំ ហើយគ្រួសារនេះ មានកូន៣នាក់ (ស្រីម្នាក់)។ ករណីនេះកម្លាំងជំនាញក្រោមការបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត បានស្រាវជ្រាវ រហូតដល់ម៉ោង ១៤៖០០នាទីរសៀលថ្ងៃដដែល ហើយជនសង្សយ័ជាប្តីបានសារភាពថា ខ្លួនពិតបានកាប់ប្រពន្ធ បណ្តាលឲ្យស្លាប់ពិតប្រាកដមែន។
ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា មូលហេតុនៃអំពើឃាតកម្មនេះ កើតឡើងដោយសារជម្លោះគ្រួសារ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកសាងសំណុំរឿងតាមនីតិវិធី ចំណែកសាកសព ត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕