(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សម្តេចមិនប្រជែង ឬតាំងខ្លួនពូកែជាងនរណានោះឡើយលើការដឹកនាំកម្ពុជា។ តែអ្វីដែលសម្តេចដឹងត្រឹមថា សម្តេចបានដឹកនាំកម្ពុជា ពីប្រទេសវាលពិឃាត មកជាប្រទេសមួយមានការអភិវឌ្ឍ។

ក្នុងកិច្ចសំណេះសំណាលជាមួយប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីបុគ្គលម្នាក់ ដែលវាយតម្លៃសម្តេចថាជាមេដឹកនាំពូកែក្នុងការធ្វើវេទិកាសាធារណៈ។

ថ្លែងរំលឹកដល់ការវាយតម្លៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានតបថា សម្តេចមិនតាំងខ្លួនជាអ្នកពូកែនោះឡើយ តែសម្តេចដឹងត្រឹមថា សម្តេចគឺជាមេដឹកនាំមួយរូប ដែលដឹកនាំកម្ពុជាពីប្រទេសវាលពិឃាត មកជាប្រទេសមានការអភិវឌ្ឍ និងដឹកនាំប្រទេសមានប្រជាពលរដ្ឋត្រឹមជាង ៥លាននាក់ មកប្រទេសមានប្រជាពលរដ្ឋរហូតដល់ជិត ១៦លាននាក់។

នៅចំពោះមុខកសិករលើវាលស្រែដ៏ល្វឹងល្វើយ ក្រោមកំដៅព្រះទិនករដ៏សែនក្តៅនោះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ដូច្នេះ «ខ្ញុំអត់តាំងខ្លួនពូកែជាងនរណាទេ។ ប៉ុន្តែអ្វីដែលខ្ញុំដឹង គឺគ្រាន់តែដឹកនាំប្រទេសកម្ពុជាមួយពីវាលពិឃាត មកកាន់កម្ពុជាមួយ ដែលមានការអភិវឌ្ឍតែប៉ុណ្ណឹងទេ ខ្ញុំអត់ពូកែ។ ចង់អ្នកឯងថាអីថាទៅ ប៉ុន្តែខ្ញុំបានលះបង់គ្រប់បែបយ៉ាង ដើម្បីការរស់រានមានជីវិតតាំងពីប្រជាជនជាង ៥លាននាក់សេសសល់ពីអាពតសម្លាប់ ឥឡូវឡើងដល់ ១៦លាននាក់ទៅហើយ។ ធ្វើតាំងពីខ្មែរអត់អង្ករស៊ី សល់អង្ករជាង ៤លានតោន ដែលអាចក្លាយទៅជាអ្នកផ្គត់ផ្គង់នៅក្នុងតំបន់ និងនៅក្រៅតំបន់ផងដែរ»

សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេដឹងថា ជាឥស្សរជននយោបាយដ៏សំខាន់របស់កម្ពុជា ដែលបានចាប់ផ្តើមដឹកនាំចលនាតស៊ូវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅឆ្នាំ១៩៧៧។ ក្រោយខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ សម្តេចតេជោ ហ៊ុន សែន បានក្លាយទៅជាមេដឹកនាំដ៏សំខាន់មួយរូបទៀត ក្នុងការដឹកនាំរដ្ឋបាលថ្មី នៃសម័យរដ្ឋកម្ពុជា ក្នុងតួនាទីជារដ្ឋមន្ត្រីការបរទេស។

សម្តេចតេជោ ហ៊ុន សែន បានក្លាយជាអ្នកទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនារបស់កម្ពុជា ក្រោយពេលសភារដ្ឋកម្ពុជា បោះឆ្នោតឱ្យក្លាយជាប្រធានក្រុមប្រឹក្សារដ្ឋ ឬជានាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៨៥។

ចាប់តាំងពីពេលនោះមកមេដឹកនាំដែលត្រូវបានគេដាក់រហស្សនាមបុរសខ្លាំងកម្ពុជា បានប្រឹងប្រែងពុះពារក្នុងការដឹកនាំកម្ពុជាចេញស្ថានភាពដ៏លំបាក ដោយត្រូវដោះស្រាយបញ្ហាអត់ឃ្លានរបស់ប្រជាពលរដ្ឋ ហើយស្វះស្វែងរកការបញ្ចប់វិបត្តិសង្គ្រាមនៅកម្ពុជាផងដែរ។

មេដឹកនាំថ្មីវ័យក្មេងរបស់កម្ពុជារូបនេះ បានទទួលជោគជ័យជាបន្តបន្ទាប់លើនយោបាយរបស់ខ្លួនទាំងការដោះស្រាយបញ្ហាគ្រោះអត់ឃ្លាន និងការដោះស្រាយវិបត្តិនយោបាយរហូតបង្កើតឱ្យមានការបោះឆ្នោតជាថ្មីនៅឆ្នាំ១៩៩៣ និងបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងនៅឆ្នាំ១៩៩៨។

រយៈពេលជាង ២០ឆ្នាំក្រោយក្រោយបិទបញ្ចប់ភ្លើងសង្គ្រាម នាំមកនូវទំព័រប្រវត្តិសាស្ត្រថ្មីនៃសុខសន្តិភាព និងការរួបរួមសម្តេចតេជោ ហ៊ុន សែន ទទួលបានឱកាសពេញទីក្នុងការអភិវឌ្ឍន៍ជាតិ រហូតរុញច្រានកម្ពុជាពីប្រទេសមានឋានៈក្រីក្រ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន, អត្រាភាពក្រីក្រត្រូវបានមកក្រោម១០ភាគរយនៅឆ្នាំ២០១៥ ដោយរក្សាបានកំណើនសេដ្ឋកិច្ចជាប់គ្នាក្នុងរង្វង់ប្រមាណ ៧ភាគរយរយៈពេល ២ទសវត្សរ៍ចុងក្រោយ។

តាមរយៈការរីកលូតលាស់ដ៏ប្រសើរនៃសេដ្ឋកិច្ចនេះហើយ ដែលនាំកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ក៏បានវិវឌ្ឍន៍មករកស្ថានភាពកាន់តែប្រសើរផងដែរ រហូតមានការភ្ញាក់ផ្អើល។ វឌ្ឍនភាពរបស់កម្ពុជា ត្រូវបានគេផ្តល់តម្លៃសំខាន់ទៅលើភាពប៉ិនប្រសព្វ និងឈ្លាសវៃក្នុងការដឹកនាំរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលជាអ្នកសម្រេចចិត្តខ្ពស់លើការងារដឹកនាំរដ្ឋ៕

\