(ភ្នំពេញ)៖ នៅរសៀលថ្ងៃទីអង្គារ៍ ទី២១ ខែកក្កដា ឆ្នាំ២០២០ នាទីស្តីការក្រសួងមុខងារសាធារណៈមានការរៀបចំពិធី ចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងមុខងារសាធារណៈ និងកម្មវិធីអភិវឌ្ឍសហប្រជាជាតិ (UNDP) ក្រោមអធិបតីភាពលោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និង ឭលោក Nick Beresford តំណាងនិវេសនដ្ឋាននៃកម្មវិធីអភិវឌ្ឍសហប្រជាជាតិប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់របស់ស្ថាប័ន ទាំងពីរ សរុប ៣០ រូប។
ពិធីចុះអនុស្សារណៈនាថ្ងៃនេះ គឺដើម្បីបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ លើការងារ កែទម្រង់រដ្ឋបាលសាធារណៈ ពិសេសសការជំរុញនវានុវត្តន៍ ការអភិវឌ្ឍ សមត្ថភាព អ្នកគ្រប់គ្រង ក្នុងវិស័យ សាធារណៈ លើផ្នែកនវានុវត្តន៍ និងជំរុញទំនើបកម្មការផ្តល់សេវាសាធារណៈ សំដៅលើកកម្ពស់អភិបាលកិច្ចល្អក្នុងស្ថាប័នរដ្ឋ។
ភាគីទាំងពីរ បានព្រមព្រៀងគ្នា ធ្វើសហប្រតិបត្តិការលើវិស័យការងារចំនួន ៤ គឺ៖
* ការបង្កើតនិងការអនុវត្តគម្រោងនវានុវត្តន៍ក្នុងវិស័យសាធារណៈ
* ការរៀបចំកម្មវិធីសិក្សាស្តីពីនវានុវត្តន៍ក្នុងវិស័យសាធារណៈសម្រាប់សាលាភូមិន្ទរដ្ឋបាល
* ការលើកកម្ពស់ការផ្តល់សេវាសាធារណៈតាមរយៈប្រព័ន្ធឌីជីថល និងនវានុវត្តន៍ប្រកបដោយបរិយាប័ន្ន នៅក្នុងរដ្ឋបាលសាធារណៈកម្ពុជា
* ការកែសម្រួលនីតិវិធីនៃការផ្តល់សេវាសាធារណៈអាទិភាពមួយចំនួន
ថ្លែងក្នុងពិធីខាងលើលោក ព្រុំ សុខា បានគូសបញ្ជាក់អំពីប្រវត្តិនៃកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរក្នុងការកសាងគ្រឹះនៃរដ្ឋបាលសាធារណៈបច្ចុប្បន្ន គោលដៅបន្ត នៃ កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ និងសារៈសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រ គ្នាទៅវិញទៅមកឈានទៅសម្រេចគោលដៅរួម គឺការពង្រឹង អភិបាលកិច្ចល្អ នីតិរដ្ឋ និងការអភិវឌ្ឍប្រកបដោយ ចីរភាព និងបរិយាប័ន្ន ក្នុងកាលៈទេសៈ ដែលកម្ពុជាក៏ដូចប្រទេសនៅជុំវិញពិភពលោកកំពុង រងការវាយប្រហារដោយជម្ងឺកូវីដ១៩។
គួរបញ្ជាក់ថា UNDP ធ្លាប់បានផ្តើមកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពង្រឹង នីតិរដ្ឋ និងអភិបាលកិច្ចល្អ តាំងពីការចាប់ផ្តើមរៀបចំកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ដំបូងក្នុង ទស្សវត្សរ៍ ឆ្នាំ១៩៩០។
លោករដ្ឋមន្ត្រី និង លោក Nick Beresford បានប្តេជ្ញាបន្តសហការ ឱ្យកាន់តែល្អប្រសើរឡើង ព្រមទាំងផ្តល់ការគាំទ្រនិងលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេសនៃស្ថាប័ន ទាំង ពីរបំពេញការងារក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការដូចមានកំណត់ក្នុងអនុស្សារណៈ នៃការយោគយល់គ្នាដែលត្រូវ បានចុះហត្ថលេខានាថ្ងៃនេះ ឱ្យបានសម្រេចជាផ្លែផ្កាជូនប្រទេសជាតិ និងប្រជាជន៕