(កណ្ដាល)៖ លោក ហួត វណ្ណថូ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកណ្ដាល បានព្រមានចាត់វិធានការណ៍ផ្លូវច្បាប់ ទៅលើម្ចាស់សិប្បកម្មផលិតទឹកសុទ្ធទាំងឡាយណា ដែលមិនគោរពតាមបទដ្ឋានបច្ចេកទេស មិនស្របតាមស្តង់ដារ គ្មានអនាម័យជាដើម។
ការព្រមានបែបនេះរបស់លោក ហួត វណ្ណថូ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីជូនដំណឹង របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លេខ១១២៣ ឧវបន.សតម ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការពង្រឹងការគ្រប់គ្រង លើការផលិតទឹកពិសាដប នៅទូទាំងប្រទេសឱ្យមានគុណភាព អនាម័យ និងមានសុវត្ថិភាពតាមស្តង់ដារ ដែលកំណត់ដោយវិទ្យាស្ថានស្តង់ដារកម្ពុជា ចៀសវាងមានការក្លែងបន្លំ និងផលិតខ្វះគុណភាពជាដើម ដោយមានការចូលរួមពីមន្ត្រីជំនាញ និងម្ចាស់សហគ្រាសសិប្បកម្មផលិតទឹកពិសាដបជាង ២០នាក់ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ។
ក្នុងឱកាសនោះដែរ លោក ហួត វណ្ណថូ ក៏បានណែនាំពីវិធានការណ៍ផ្លូវច្បាប់ និងពន្យល់ពីបែបថបថដ្ឋានបច្ចេកទេសយ៉ាងក្បោះក្បើយដល់ម្ចាស់សិប្បកម្មទាំងអស់ ឱ្យយល់ពីដំណើរការនៃ នៃសង្វាក់ផលិតកម្មទឹកសុទ្ធៗធស្របតាមស្តង់ដា មិនមែនចេះតែធ្វើតាមគេតាមឯងនោះទេ ព្រោះថាវាមានផលប៉ះពាល់ដល់សុខភាពពលរដ្ឋនៅថ្ងៃខាងមុខ។ លោកជំរុញឱ្យគ្រប់ម្ចាស់សិប្បកម្មផលិតទឹកសុទ្ធត្រូវគិតគូរឱ្យបានម៉ត់ចត់លើគុណភាពអនាម័យទឹកសុទ្ធរបស់ខ្លួនឱ្យស្របតាមស្តង់ដារ បើសិនជំនាញរកឃើញសិប្បកម្មណាមានបញ្ហា និះជំនាញនឹងចាត់វិធានការណ៍ផ្លូវច្បាប់មិនខានឡើយ។
ទន្ទឹមនឹងសារនេះលោកក៏បានក្រើនរំឮកដល់មន្ត្រីនាញរបស់មន្ទីរ ត្រូវបន្តណែនាំដល់ម្ចាស់សហគ្រាស សិប្បកម្មផលិតទឹកពិសាដប អំពីច្បាប់បទបញ្ញាតិ លិខិតបទដ្ឋានគតិយុត្ថដែលមានជាធរមាន និងក៏បានផ្ដល់អនុសាសន៍ដល់ម្ចាស់សហគ្រាសសិប្បកម្មត្រូវរៀបចំ អនុវត្តន៍វិធានផលិតកម្មល្អ (GMP) និងវិធានអនាម័យល្អ (GHP) និងអនុវត្តន៍វិធីសាស្ត្រស៥។
លោក ហួត វណ្ណថូ បានសង្កត់ធ្ងន់ ទៅលើម្ចាស់សហគ្រាសផលិតទឹកពិសាដបទាំងអស់ ដែលមិនទាន់បានចុះបញ្ជីផលិតផល ត្រូវរូតរះប្រញ៉ាប់សុំចុះបញ្ជីផលិតផល (ចបផ) និងស្នើរសុំស្លាកសញ្ញាស្តង់ដារកម្ពុជា (CS) នៅវិទ្យាស្ថានស្តង់ដារកម្ពុជា ដើម្បីឱ្យស្របតាមច្បាប់៕