(តាកែវ)៖ សម្ដេចតេជោ ហ៊ុន សែន បានទទួលស្គាល់ថា កម្ពុជាមានសក្ដានុពលខ្ពស់លើវិស័យកសិកម្ម តែបច្ចុប្បន្នខ្វះខាតការកែច្នៃ ដើម្បីនាំចេញនៅឡើយ។ សម្តេចតេជោ បានហៅស្ថានភាពបែបនេះថា ជាស្ថានភាព «មានមាស ប៉ុន្ដែខ្វះក្រដាសខ្ចប់»

ក្នុងពិធីសំណេះសំណាលជាមួយកសិករ នៅស្រុកព្រៃកប្បាស ខេត្តតាកែ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំជំរុញការងារកសិកម្ម ៤១ឆ្នាំមកហើយ ចាប់តាំងពីក្រោយសម័យ ប៉ុល ពត តែមិនទាន់គ្រប់គ្រាន់នៅឡើយទេ។

សម្ដេចតេជោ បន្ថែមថា ដើម្បីជំរុញការងារកសិកម្មនេះ រាជរដ្ឋាភិបាល បានកែប្រែហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនជាបន្ដបន្ទាប់ ការស្ដារប្រឡាយ និងរៀបចំប្រឡាយមេ ធ្វើយ៉ាងណាឲ្យប្រជាកសិករមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីបង្កបង្កើនផលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ហើយសល់សម្រាប់ការនាំចេញ។

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីអតីតកាលរឿងប្រព័ន្ធធារាសាស្ដ្រនេះ មុនកិច្ចចរចាកិច្ចព្រមព្រៀងទីក្រុងប៉ារីស រដ្ឋបានប្រឹងប្រែងអន្តរាគមន៍ ប្រឡាយទឹក និងម៉ាស៊ីនបូមទឹក តែក្រោយកិច្ចចរចានោះ រដ្ឋបោះបង់ចោលការអន្តរាគមន៍នេះអស់។ ប៉ុន្ដែក្រោយពេលឃើញពលរដ្ឋជួបបញ្ហាខ្វះខាតទឹក សម្តេចក៏ពិចារណាធ្វើអន្តរាគមន៍ឡើងវិញ និងគិតគូរពីការបង្កើតក្រសួងធនធានទឹក និងឧតុនិយម។

ក្រោយមកដោយមានការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាលជាបន្ដបន្ទាប់ ប្រជាកសិករហាក់បង្កបង្កើនផលមានសន្ទុះខ្លាំងជាងមុន ខណៈឆ្នាំ២០១២ កម្ពុជាខ្វះស្បៀងនៅឡើយទេ តែពេលដាក់ចេញគោលនយោបាយនាំចេញអង្ករ ស្រូវកម្ពុជាក៏ចាប់ផ្តើមសល់។ បើតាមការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន គោលដៅនាំចេញអង្ករឲ្យបាន១លានតោនក្នុងមួយឆ្នាំ នៅតែជាគោលដៅចម្បង ហើយគោលនយោបាយកសិកម្ម ឆ្នាំ២០១៥-២០២៥ នៅតែបន្តអនុវត្តន៍។

ជាក់ស្ដែងកាលពីឆ្នាំ២០១៩កន្លងទៅ កម្ពុជាសល់ស្រូវជាង ៦លានតោន និងអង្ករជាង ៤លានតោន តែសម្ដេចថា គោលនយោបាយស្រូវអង្ករសម្រេចបានតែមួយ គឺវិវឌ្ឍន៍ពីខ្វះស្បៀង មកសល់ស្បៀង។ ប៉ុន្តែការនាំចេញឲ្យបាន ១លានតោន មិនទាន់សម្រេចនៅឡើយ។ សម្រាប់សម្តេចតេជោ ហ៊ុន សែន គោលដៅនាំចេញអង្ករឲ្យបាន១លានតោនក្នុងមួយឆ្នាំនៅតែសំខាន់ ហើយរំពឹងថាអាចសម្រេចបាននៅឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន ក៏បានមើលឃើញផងដែរថា ពីស្ថានភាពប្រឈមលើវិស័យកសិកម្មរបស់កម្ពុជា នាពេលបច្ចុប្បន្ន គឺការខ្វះលទ្ធភាពក្នុងការកែច្នៃសម្រាប់នាំចេញ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងស្ថិតក្នុងស្ថានភាពមានមាសតែខ្វះក្រដាសខ្ចប់។ នេះជាចំណុចដែលយើងកំពុងប្រឹង [...]។ ខ្ញុំទទួលស្គាល់នូវកំហុសទៅចុះ នៅពេលដែលគេងតិះដៀលចំពោះខ្ញុំ យើងផលិតបានស្រូវ ប៉ុន្ដែទីចុងបំផុតទីផ្សារយើងនៅឯណា។ ងាកមកខ្លួនឯងខ្វះម៉ាស៉ីនកិនស្រូវ ខ្វះឃ្លាំងស្ដុកស្រូវ ខ្វះអ្នកប្រមូលទិញ ចឹងនាំចេញខ្លួនឯងបានប្រហែលកន្លះលានតោនប៉ុណ្ណោះនាពេលកន្លងទៅ»

បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី បច្ចុប្បន្នកម្ពុជាកំពុងខិតខំជំរុញការវិនិយោគ ដោយធ្វើឃ្លាំងស្ដុកស្រូវ ធ្វើម៉ាស៉ីនកិនស្រូវ ធ្វើឡសម្ងួត ដើម្បីលើកទឹកចិត្តប្រជាកសិករ។ សម្ដេចតេជោ បានលើកឡើងថា នៅពេលកម្ពុជានាំចេញស្រូវទៅក្រៅប្រទេស នឹងធ្វើឲ្យបាត់បង់ការងារធ្វើរបស់កសិករ បាត់កន្ទួក បាត់ចុងអង្ករ បាត់អង្កាមជាដើម។

នាយករដ្ឋមន្ដ្រីកម្ពុជា ដែលកើតចេញពីកូនកសិករ និងតែងយកចិត្ដទុកដាក់ចំពោះកសិករកម្ពុជារូបនេះ បានឲ្យដឹងទៀតថា កម្ពុជាយកទុន ៤០០លានដុល្លារ ពីប្រទេសចិន ដើម្បីសាងសង់កន្លែងស្តុកស្រូវនៅតាមខេត្ត ខណៈបច្ចុប្បន្ននេះ ទិន្នផលស្រូវបានដើរលើសលទ្ធភាពកែច្នៃក្នុងការនាំចេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បានអះអាងទៀតថា វិស័យកសិកម្ម ជាពិសេសស្រូវ ត្រូវស៊ីសង្វាក់គោលនយោបាយឧស្សាហកម្ម២០១៥-២០២៥ គឺតម្រង់ឆ្ពោះទាញវិនិយោគពីក្រៅមកវិនិយោគលើការកែច្នៃនៅកម្ពុជា។ សម្ដេចថា សម្តេចបានដឹកនាំប្រទេសចេញពីរបបវាលពិឃាត មករកការអភិវឌ្ឍន៍ ហើយដឹកនាំប្រទេសពីខ្វះស្បៀង មកសល់អង្ករជាង ៤លានតោន។

ជាមួយគ្នានេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំឲ្យមន្ដ្រីជំនាញ ត្រូវបង្កើនការអភិវឌ្ឍប្រព័ន្ធធារាសាស្ដ្របន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់ប្រជាកសិករ ពោលត្រូវយកស្រុកព្រៃកប្បាស ខេត្តតាកែវ ជាគំរូ ក្នុងការកសាងប្រព័ន្ធធារាសាស្ដ្រនេះនៅតាមតំបន់កសិកម្មផ្សេងៗទៀត។

គួរជម្រាបថា តាមតួលេខដែលបង្ហាញដោយក្រសួងកសិកម្ម កម្ពុជាបាននាំចេញអង្ករបាន ៦២ម៉ឺនតោន (តួលេខផ្លូវការ) ខណៈការនាំចេញស្រូវក្រៅផ្លូវការ នៅឆ្នាំ២០១៩ ទៅកាន់ប្រទេសវៀតណាម ចំនួនជាង ២លានតោន តាមខេត្តជាប់ព្រំដែនដូចជា តាកែវ ព្រៃវែង ស្វាយរៀង កណ្តាល និងកំពត។

ដោយឡែក រយៈពេល៦ខែ ឆ្នាំ២០២០នេះ ស្រូវប្រមាណ ១លានតោន ត្រូវបាននាំចេញកំពត តាកែវ កណ្តាល ព្រៃវែង និងស្វាយរៀង ទៅប្រទេសវៀតណាម។ រីឯអង្ករជាង ៤០ម៉ឺនតោន ត្រូវបាននាំទៅកាន់ប្រទេសទីផ្សារគោលដៅប្រមាណ ៥៦ប្រទេស៕

\