(កំពង់ឆ្នាំង)៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ក្រោមការសម្របសម្រួលពី រដ្ឋបាលខេត្តកំពង់ឆ្នាំង បានដឹកនាំសហការី ចុះបន្តផ្សព្វផ្សាយគោលការណ៍ ឥណទានក្រោមកម្មវិធីហិរញ្ញប្បទាន ពិសេសរបស់រាជរដ្ឋាភិបាលចំនួន៥០លានដុល្លារអាមេរិក ជូនដល់បងប្អូនប្រជាសហគមន៍នៅក្នុងខេត្តកំពង់ឆ្នាំង។
លោក កៅ ថាច បានជម្រាបជូនដល់បងប្អូនទាំងអស់ ដែលបានអញ្ជើញចូលរួមថា ដោយទទួលបានការគាំទ្រ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បាននឹងកំពុងអនុវត្តតួនាទីជាអន្តរការីទទួលនូវកិច្ចការគ្រប់គ្រង និងអនុវត្តកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលមានទឹកប្រាក់រហូតដល់៥០លានដុល្លារអាមេរិក ដើម្បីផ្តល់ឥណទាន ដែលមានអត្រាការប្រាក់ទាប ជូនដល់បងប្អូនប្រជាកសិករ របរចញ្ចឹមត្រី មាន់ ទារ ដាំបន្លែ និងសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ដើម្បីឱ្យបងប្អូនមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាល ដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះ បញ្ហាប្រឈមមួយចំនួន កើតចេញពីជំងឺឆ្លង COVID-19 និងបញ្ហា EBA។
លោក កៅ ថាច បានបន្ថែមទៀតថា ជាគោលការណ៍កម្មវិធីហិរញ្ញប្បទានពិសេសនេះនឹងផ្តល់ឥណទានពីចំនួន៥០០០ដុល្លារអាមេរិក រហូតដល់៣០០,០០០ ដុល្លារអាមេរិក ដែលមានអត្រាការប្រាក់ទាបចំនួន៥ភាគរយប្រចំាឆ្នាំ សម្រាប់ជាទុនបង្វិល (រយៈពេលខ្លីចំនួន២ឆ្នាំ) និងសម្រាប់ទុនវិនិយោគ (រយៈពេលវែងចំនួន៧ឆ្នាំ) ក្នុងអត្រាការប្រាក់ចំនួន៥.៥ភាគរយក្នុងមួយឆ្នាំ។
ជាមួយគ្នានេះពាក់ព័ន្ធនឹងទ្រព្យធានាឥណទាន ក្រោមកម្មវិធីពិសេសនេះ លោក កៅ ថាច បានបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អាចផ្តល់ជូនរហូតដល់៨០ភាគរយ នៃតម្លៃទ្រព្យធានាបំណុល ដែលជាអចលទ្រព្យ ហើយការទទួលយកទ្រព្យធានាបំណុល ក៏មានភាពបត់បែនច្រើន ដោយទទួលយក៖ ឧបករណ៍-គ្រឿងម៉ាស៊ីន, សន្និធិ, លិខិតធានាសងបំណុលពីភាគីអ្នកទិញ ឬលិខិតធានាផ្សេង, វិញ្ញាបនបត្រប្រាក់បញ្ញើ ក្រៅពីអចលនទ្រព្យ ជាដើម។
លោក កៅ ថាច បានបន្ថែមទៀតថា លើការអនុវត្តនូវកម្មវិធីហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ដែលមានទឹកប្រាក់រហូតដល់ ៥០ លានដុល្លារអាមេរិកនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏មានផលិតផលឥណទានផ្សេងទៀត ដែលមានអត្រាការប្រាក់អនុគ្រោះ ដល់បងប្អូនប្រជាកសិករផងដែរ ហើយលោកក៏បានលើកទឹកចិត្តដល់បងប្អូនកសិករ ក្នុងករណីប្រសិនបើបងប្អូន មិនអាចបំពេញបានតាមលក្ខខណ្ឌ តម្រូវរបស់កម្មវិធីហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល បងប្អូនអាចធ្វើការពិចារណា ធ្វើកម្ចីពីកញ្ចប់ឥណទានផ្សេងទៀតរបស់ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានផងដែរ។
លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានធ្វើការស្នើសុំ និងសំណូមពរដល់បងប្អូនកសិករចិញ្ចឹមត្រី ចិញ្ចឹមសត្វ ដាំដុះបន្លែ ឲ្យរៀបចំផែនការដាំដុះ ផែនការចិញ្ចឹមឱ្យបានច្បាស់លាស់ ដើម្បីធ្វើការផ្គត់ផ្គង់ក្នុងទីផ្សារឲ្យបានតាមតម្រូវការ និងមាននិរន្តរភាព ដើម្បីចូលរួមកាត់បន្ថយការនាំចូលពីប្រទេសជិតខាង៕