(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា លោកស្រី Liurka Rodriguez Barrios បានជួបសំណេះសំណាលការងារជាមួយលោក លឹម ជាវុត្ថា ស្ថាបនិក និងជានាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅស្ថានទូតគុយបា ប្រចាំរាជធានីភ្នំពេញ។
ជំនួបរវាងលោកស្រីឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា ជាមួយលោក លឹម ជាវុត្ថា បានធ្វើឡើងដោយសារតែលោកស្រីចង់ស្វែងយល់ពីការងារផ្សព្វផ្សាយព័ត៌មាននានា នៅក្នុងប្រទេសកម្ពុជា និងមានបំណងចង់សហការផ្សព្វផ្សាយព័ត៌មានផ្សេងៗផងដែរ។
ក្នុងជំនួបនោះ លោកស្រីឯកអគ្គរដ្ឋទូត បានប្រាប់នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ថា លោកស្រីក៏ជាអតីតអ្នកសារព័ត៌មានមួយរូបដែរ ហេតុនេះហើយលោកស្រី បានយល់ដឹងច្រើនពីការងាររបស់អ្នកព័ត៌មាន ដែលមានភាពលំបាក ហត់នឿយ និងពុះពារធ្វើការងារយ៉ាងខ្លាំងទម្រាំទទួលបានជោគជ័យលើវិស័យនេះ។
សូមបញ្ជាក់ថា លោកស្រី Liurka Rodriguez Barrios បានក្លាយជាឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា រយៈពេលជាង ៨ខែមកហើយ។ ក្នុងពេលកាន់តំណែងនេះ លោកស្រីធ្លាប់ជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា រួមមាន ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឥស្សរជនជាន់ខ្ពស់កម្ពុជាមួយចំនួនទៀតផងដែរ៕