(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា កាលពីពេលថ្មីៗនេះ មានការកើតចេញនូវជំងឺឈីកគន់ហ្គន់យ៉ា (Chikunngunya) ដែលហៅកាត់ថា ឈីក (CHIK) នៅក្នុងភូមិមួយចំនួននៃសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រសួងអះអាងថា ចាប់តាំងពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ប្រជាពលរដ្ឋនៅភូមិក្បាលកោះ ភូមិអូរជ្រៅ ភូមិប៉ោយប៉ែត ភូមិព្រៃគប់ ភូមិអូរនាង និងភូមិអូរឫស្សី នៃសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានចេញរោគសញ្ញា គ្រុនក្តៅ ៣៨អង្សាសេ កន្ទូល ក្រហមលើស្បែក និងឈឺសន្លាក់ដៃជើង។
ក្រោយមានករណីនោះ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ កម្មវិធីជាតិផ្តល់ថ្នាំបង្ការ ក្រុមគ្រូពេទ្យមណ្ឌលសុខភាព និងមន្ទីរពេទ្យប៉ោយប៉ែត សហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះ ស្រាវជ្រាវអង្កេតទៅដល់ភូមិទាំង ០៦ខាងលើនេះ និងផ្ទះប្រជាពលរដ្ឋដែលមានបញ្ហា ដើម្បីពិនិត្យស្ថានភាពសុខ ភាពជាក់ស្តែង បានចំនួន ១៦៨នាក់ (ស្រី ៩៥នាក់) និងបានបញ្ជូនបុគ្គលដែលមានបញ្ហាសុខភាព មកពិនិត្យ និងសម្រាកព្យាបាលនៅមណ្ឌលសុខភាពប៉ោយប៉ែត១ និងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត មានចំនួន ៣២នាក់ (ស្រី២៣នាក់) ប៉ុន្តែបច្ចុប្បន្ន ស្ថានភាពសុខភាពរបស់ពួកគាត់ មានសភាពបានធូរស្បើយហើយ។
ស្របតាម លក្ខណ:បច្ចេកទេស ក្រុមការងារក៏បានប្រមូលសំណាកវត្ថុវិភាគឈាម ចំនួន ២២នាក់ (ស្រី ១២នាក់) ដើម្បីធ្វើតេស្តវិភាគរកមើលវីរុសគ្រនឈីក (CHIK) និងមើលរកវីរុសកញ្រ្ជឹល-ស្អូច (Measles - Rubella) ចំនួន៦០នាក់ (ស្រី ៣៧នាក់) និងយកសំណាកសម្រាប់ធ្វើតេស្តរកវីរុសកូវីដ-១៩ ចំនួន២២នាក់ (ស្រី១១នាក់) ផងដែរ។ សំណាកទាំងអស់នេះ ត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលលទ្ធផលជាបឋមចេញនៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ បានបង្ហាញថា ជាករណីជំងឺគ្រុនឈីក។ នេះបើតាមការអះអាងរបស់ក្រសួងសុខាភិបាល។
ជំងឺគ្រុនឈីក (CHIK) កើតឡើងដំបូងបំផុតនៅឆ្នាំ១៩៥៣ នៅទ្វីបអាហ្វ្រិក និងធ្លាប់បានរកឃើញដំបូង នៅកម្ពុជាដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅឆ្នាំ១៩៦១ និងនៅឆ្នាំ ២០១១ ក៏មានការបញ្ជាក់ពីករណីជំងឺនេះ នៅខេត្តបាត់ដំបង សៀមរាប និងព្រះវិហារដែរ ហើយជំងឺគ្រុនឈឺក ធ្លាប់មានអត្រាឆ្លងរោគខ្ពស់រហូតដល់ ៦០-៧០% ក្នុងប្រទេសកម្ពុជានាទសវត្សរ៍ទី៦០ ហើយមានការរាតត្បាតខ្លាំងផងដែរ នៅក្នុងឆ្នាំ២០១១-២០១២ នៅខេត្តព្រះវិហារ ខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ ខេត្តកណ្ដាល និងខេត្តកំពត។ បច្ចុប្បន្ននេះ ក្រៅអំពីការទប់ការស្កាត់នូវការចម្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ការលេចឡើងនៅជំងឺគ្រុនឈីក សាជាថ្មីឡើងវិញនៅខេត្តបន្ទាយមានជ័យនេះ អាចជាបញ្ហាសុខភាពសាធាណៈ មួយទៀត ដែលប្រឈមទៅនិងហានិភ័យអាចឱ្យមានការឆ្លងរាលដាលពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ពីគ្រួសារមួយ ទៅគ្រួសារមួយ ពីភូមិមួយទៅភូមិមួយ ឃុំមួយទៅឃុំមួយទៀតជាដើម តាមរយៈមូសខ្លាញីខាំ ដែលចល័តពី កន្លែងមួយទៅកន្លែងមួយតាមមធ្យោបាយធ្វើដំណើរផ្សេងៗ និងតាមទីកន្លែងដែលមិនមានអនាម័យបរិដ្ឋានស្អាត និងទីកន្លែងដែលបង្កឱ្យមានជម្រកមូសខ្លាច្រើន ជាដើម។ ជំងឺនេះអាចកើតលើមនុស្សគ្រប់វ័យ ទាំងក្មេង និងចាស់។
ជំងឺគ្រុនឈឺក (CHIK) គឺជាជំងឺបង្កឡើងដោយវីរុសឈឺក ហើយចម្លងតាមរយៈមូសខ្លាញីខាំ ជាពិសេស ខាំនៅពេលថ្ងៃ។ ភ្នាក់ងារចម្លង គឺសត្វមូសប្រភេទក្រុមអាអេដេស (Aedes Aegypti and Aedes Abopictus) ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមផងដែរ។ រោគសញ្ញារួមមាន៖ គ្រុនក្ដៅស្រួចស្រាវលើសពី ៣៨អង្សារសេ ឈឺសន្លាក់ ឈឺសាច់ដុំ ឈឺក្បាល ប្អូតចង្អោរ អស់កម្លាំង មានស្នាមកន្ទួលក្រហមលើខ្លួន និងកន្តួលក្រហមលើ ស្បែកដៃ។
ជាទូទៅ ជំងឺគ្រុនឈឺក មិនបណ្ដាលឱ្យអ្នកជំងឺស្លាប់បាត់បង់ជីវិតទេ ស្ទើរតែគ្រប់អ្នកជំងឺទាំងអស់បាន ជាសះស្បើយឡើងវិញក្នុងរយៈពេលក្នុងមួយសប្តាហ៍ ឬអាចមានរយៈពេលយូរដល់រាប់អាទិត្យក្នុងករណីខ្លះៗដែរ ជាពិសេសជំងឺនេះ អាចធ្វើឱ្យអ្នកជំងឺមានអាការៈឈឺសន្លាក់ដៃជើងក្នុងរយៈពេលយូរ (ដល់ឆ្នាំ) ក៏មានដែរ ហើយជំងឺនេះ អាចបណ្ដាលឱ្យស្លាប់បាត់បង់ជីវិតបាន នៅក្នុងករណីដែលអ្នកជំងឺកើតមានជំងឺនេះរួមផ្សំគ្នាជាមួយជំងឺ ផ្សេងៗ ដូចជាជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺរលាកស្រោមខួរជាដើម ព្រោះជំងឺរួមផ្សំទាំងនេះអាចបណ្ដាលឱ្យ អ្នកជំងឺស្លាប់បាន។
ទោះបីជាជំងឺគ្រុនឈីក មានហានិភ័យបណ្ដាលឱ្យស្លាប់ក្នុងកម្រិតទាបក៏ពិតមែន តែវានាំឱ្យ ប៉ះពាល់សុខភាព ខាតបង់ពេលវេលារៀនសូត្រ ពេលវេលាធ្វើការរកស៊ីទទួលទានចិញ្ចឹមជីវិតប្រចាំថ្ងៃ ជាពិសេស អ្នកមានវ័យចំណាស់ចាប់ពីអាយុ៥០ឆ្នាំឡើង ពួកគាត់អាចឈឺសន្លាក់ឆ្អឹងយូរ ដែលប៉ះពាល់ដល់សុខភាពបុគ្គល សេដ្ឋកិច្ចគ្រួសារ និងសង្គមផងដែរ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា៖ «ការទប់ស្កាត់ និងការពារជំងឺឈឺក (CHIK) គឺវាដូចគ្នាទៅនឹងជំងឺគ្រុនឈាមដែរ ដោយផ្អែកទៅលើការការពារកុំឱ្យ មូសខ្លាញីខាំ តាមរយៈការកម្ចាត់វត្ថុដក់ទឹក ដែលជាជម្រកនៃការកកើតសត្វមូសនេះ។
លោកបញ្ជាក់ថា៖ «ខ្ញុំសូមជំរុញឱ្យថ្នាក់ដឹកនាំ មូលដ្ឋានគ្រប់ថ្នាក់ទាំងអស់ ចលនាប្រជាជននៅក្នុងសហគមន៍ ក្នុងការកម្ចាត់ជម្រកមូសខ្លា ដែលនាំឱ្យករកើតដង្កូវ ទឹក និងមានមូសបង្ករជំងឺ ស្លៀកពាក់ខោអាវវែង និងសំរាន្តក្នុងមុង។ ពេលមានជំងឺដែលមានរោគសញ្ញាដូចខាងលើ សូមអញ្ជើញទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតលោកអ្នកជាទីបំផុត ដើម្បីពិនិត្យពិគ្រោះជំងឺ និងទទួលបានការព្យាបាលបានទាន់ពេលវេលា និងរាល់ករណីសង្ស័យត្រូនឈើកក្នុងមួយសប្តាហ៍ដំបូងនៃជំងឺនេះ ត្រូវសម្រាកនៅក្នុងមុង ឬក្នុងបន្ទប់មានសំណាញ់ការពារ ដើម្បីការពារកុំឱ្យមូសខាំចម្លងបន្តទៅសមាជិកសារ ឬ អ្នកជិតខាង»។
លោកបន្តថា លើសពីនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តនូវវិធានការដូចខាងក្រោម ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើង ចៀសផុតពីការឆ្លងជំងឺឈីក និងជំងឺគ្រុនឈាម ឬជំងឺហ្សីកា ផងដែរ៖
* បំបាត់ជម្រកមូសខ្លា ដោយធ្វើអនាម័យសំអាតជុំវិញផ្ទះ លុបបំបាត់គុម្ពោតស៊ុបទ្រុបនៅជុំវិញផ្ទះ ការពារកុំឱ្យ មានទឹកដក់នៅជុំវិញផ្ទះ លុបបំបាត់ផ្លុក សំបកកំប៉ុង សំបកកង់ឡាន ត្រឡោកដូង ធុងទឹក ជើងផ្កា និងប្រើអា បែតដាក់ក្នុងពាង ឬ អាងស្តុកទឹក ជារៀងរាល់អាទិត្យ។
* ស្លៀកពាក់ខោជើងវែង អាវដៃវែង និងស្រោមជើង ធ្វើយ៉ាងណាគ្របដណ្ដប់ភាគច្រើននៃរាងកាយឱ្យជិត (ស ម្លៀកបំពាក់គួរតែមានពណ៌ភ្លឺ កុំខ្មៅឬងងឹត)
* ប្រើថ្នាំបាញ់ (spray) ឬលាប (repellent) កុំឱ្យមូសមកជិត ព្រោះថ្នាំនេះ ស្ត្រីមានផ្ទៃពោះអាចប្រើបាន ដោយ មានសុវត្ថិភាព មិនមានផលប៉ះពាល់ទេ
* សំរាន្តក្នុងមុង រាល់ពេលសំរាន្តនៅពេលយប់ និងថ្ងៃ ព្រមទាំងបើកបង្អួច ទ្វារ ឱ្យធំ ដើម្បីឱ្យពន្លឺថ្ងៃ និងមាន ខ្យល់ចេញចូលបានល្អ
ក្រសួងសុខាភិបាល និងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តនៃបញ្ហាសុខភាពតាមទំព័រ ហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំ សុខភាព ដែលអាចទាញយកមកមើល និងប្រើប្រាស់បាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរសព្ទទាន់ ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខ ទូរសព្ទ៖ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕