(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំកិច្ចប្រជុំ ពេញអង្គអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ ២០២០ តាមរយៈតាមវីដេអូខនហ្វឺរេនជាលើកដំបូង នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយសារតែការគំរាមកំហែង ពីជំងឺកូវីដ-១៩ នៅមិនទាន់មានសញ្ញា នៃការថមថយឥទ្ធិពលនៅឡើយ។ យោងតាមគម្រោងផែនការ សកម្មភាពឆ្នាំ២០២០ កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវប្រារព្ធឡើងរៀងរាល់៦ខែម្តង។ កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យមើលរួមគ្នានូវវឌ្ឍនភាព សមិទ្ធផល និងប្រសិទ្ធភាពក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ សម្រាប់រយៈពេល៦ខែដើមឆ្នាំ២០២០នេះ។
កិច្ចប្រជុំនេះមានការចូលរួមពី សំណាក់លោក អ្នកស្រីជាប្រធាន និងតំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ អន្តរជាតិ សរុប៧០គណនី។ ជាមួយគ្នានេះ នៅបន្ទប់ប្រជុំអាជ្ញាធរក៏មានការចូលរួម ពីថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីអាជ្ញាធរ ចំនួន៤៥នាក់។
លោកទេសរដ្ឋមន្រ្តី អៀង មូលី បានថ្លែងថា តាមរបៀបវារៈកិច្ចប្រជុំ យើងនឹងមានបទបង្ហាញចំនួន២ ដែលរៀបចំដោយអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ បទបង្ហាញទាំង២នោះរួមមាន៖
*ទី១៖ របាយការណ៍វឌ្ឍនភាព ជាពហុវិស័យនៃការឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ និងសមិទ្ធផលការងារឆមាសទី១ ឆ្នាំ២០២០ បន្ទាប់ពីកិច្ចប្រជុំពេញអង្គលើកទី២ ឆ្នាំ២០១៩។ បទបង្ហាញនេះធ្វើឡើង ដើម្បីឲ្យមានការយល់ដឹងច្បាស់ថា តើយើងបាននិងកំពុងសម្រេចបានអ្វីខ្លះ? តើនៅមានចំណុចខ្វះខាតអ្វីខ្លះដែលត្រូវកែលម្អ?
*ទី២៖ បទបង្ហាញស្តីពីវឌ្ឍនភាព នៃការអនុវត្តផែនការយុទ្ធសាស្ដ្រជាតិ ទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៥ (NSP V) និងវឌ្ឍនភាពនៃការអនុវត្ត «សេចក្តីជូនដំណឹងលេខ ២១៣ សជណ.សស ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ស្តីពីវិធានការក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍»។
ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍រូបនេះ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជាគោលការណ៍ ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ក្នុងការលុបបំបាត់ជំងឺអេដស៍ តាមរយៈការកំណត់យ៉ាងច្បាស់លាស់ នូវគោលដៅសូន្យបី គឺ «គ្មានការឆ្លងមេរោគអេដស៍ថ្មី» «គ្មានការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍» និង «គ្មានការស្លាប់ដោយសារជំងឺអេដស៍» នៅត្រឹមឆ្នាំ២០២៥។ យើងក៏បាន និងកំពុងតែធ្វើដំណើររួមគ្នា ប្រកបដោយទស្សនវិស័យច្បាស់លាស់ ក្នុងក្តីសង្ឃឹមពិតប្រាកដ ឆ្ពោះទៅរកការលុបបំបាត់ជំងឺអេដស៍ផងដែរ។ នេះក៏ដោយសារតែប្រទេសកម្ពុជាយើងមាននូវ កត្តាចាំបាច់ដ៏មានប្រសិទ្ធភាពខ្ពស់ រួចទៅហើយគឺ ការប្តេជ្ញាចិត្តគាំទ្រជានយោបាយដ៏ខ្ពង់ខ្ពស់របស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ កម្ពុជា។ រួមជាមួយគ្នានេះ យើងមានចីរភាពនៃការចូលរួម ជាពហុវិស័យឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ ពីគ្រប់ស្ថាប័នជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន និងជាពិសេសបណ្តាញអ្នកផ្ទុក មេរោគអេដស៍។ យើងមានស្ថាប័នដឹកនាំ គ្រប់គ្រង និងសម្របសម្រួលតែមួយ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ជាពិសេស យើងមានផែនការយុទ្ធសាស្រ្តជាតិតែមួយ មានប្រព័ន្ធតាមដាន និងវាយតម្លៃជាតិតែមួយ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
លើសពីនេះទៀត យើងក៏បាននិងកំពុងបញ្ចូលសកម្មភាព ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ទៅក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងទម្រង់វិធីសាស្រ្តថ្មីនៃការឆ្លើយតប នឹងមេរោគអេដស៍នៅកម្ពុជា ជាពិសេសវិធីសាស្រ្តការងារសហគមន៍។ ចំណុចគន្លឹះទាំងនោះ នឹងក្លាយជាបច្ច័យជួយធ្វើឲ្យ ឃុំ សង្កាត់ មានលទ្ធភាព និង សមត្ថភាព ក្នុងការដោះស្រាយឧបសគ្គដែលកើតឡើង ក្នុងសហគមន៍ខ្លួន និងការធ្វើសកម្មភាពឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅថ្នាក់ក្រោមជាតិ ដែលអាចឈានឆ្ពោះសម្រេចគោលដៅ ៩៥-៩៥-៩៥ នៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺ អេដស៍ ក្នុងរយៈពេល៥ឆ្នាំខាងមុខ តាមការកំណត់របស់រាជរដ្ឋាភិបាល៕