(ភ្នំពេញ)៖ ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំពិភាក្សាលើការងារ ក្នុងក្របខ័ណ្ឌការអនុវត្តផែនការសកម្មភាព ក្នុងការបង្កើតសហគមន៍វាសនារួមកម្ពុជា-ចិន (២០១៩-២០២៣) នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបង្ហើបសារយ៉ាងខ្លីតែមានអត្ថន័យថា ក្នុងរយៈពេលដែលជំងឺកូវីដ-១៩ កំពុងតែរាតត្បាតទូទាំង សកលលោក គ្រប់បណ្តាប្រទេសទាំងអស់គួរតែរួមគ្នាបំបាត់ជំងឺកូវីដ-១៩នេះ ដើម្បីផលប្រយោជន៍ប្រជាជនសកលលោកជៀសជៀងបង្កទំនាស់។
ការបង្ហើបសារបែបនេះរបស់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើឡើងក្រោយសហរដ្ឋអាមេរិកនឹងផ្ដល់ការគាំទ្រ ទៅដល់បណ្ដាប្រទេសទាំងឡាយណា ដែលទទួលស្គាល់ថា ចិនបានរំលោភបំពានលើដែនដី និងអធិបតេយ្យភាពរបស់ពួកគេ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។
ថ្មីៗនេះដែរ សហរដ្ឋអាមេរិក ក៏បានបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំង ០២គ្រឿងគឺ USS រ៉ូណាល់ រីហ្គែន (USS Ronald Reagan) និង USS នីមីតស៍ (USS Nimitz) ទៅកាន់តំបន់ជម្លោះដែនទឹកនៃ សមុទ្រចិនខាងត្បូង ដើម្បីដឹកនាំការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ។ ពោលគឺចំពេលតែមួយដែលចិន កំពុងដឹកនាំការធ្វើសមយុទ្ធយោធា នៅក្នុងតំបន់នោះដូចគ្នា។
សមយុទ្ធយោធានេះ គឺជាសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុតរបស់កងនាវាអាមេរិក នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងរឿងកម្របំផុតដែលសហរដ្ឋអាមេរិក និងធ្វើសមយុទ្ធយោធា ក្នុងតំបន់តែមួយ និងចំពេលតែមួយ ហើយវាកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីចិនបានធ្វើសមយុទ្ធយោធារយៈពេល ០៥ថ្ងៃ ដោយចាប់ផ្ដើមកាលពីថ្ងៃពុធសប្ដាហ៍មុន នៅក្បែរទីប្រជុំកោះជម្លោះ ផារ៉ាសែល (Paracel)។
អតីតប្រមុខការទូតកម្ពុជាដ៏ឆ្នើម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបង្ហើបសារយ៉ាងខ្លីតែមានអត្ថន័យយ៉ាងដូច្នេះថា៖ «ក្នុងរយៈពេលដែលកូវីដ-១៩ កំពុងតែរាតត្បាតទូទាំងសកលលោកនេះ គួរតែរួមគ្នាបំបាត់ជំងឺកូវីដ-១៩នេះ ដើម្បីផលប្រយោជន៍ប្រជាជនសកលលោកជៀសជៀងរកទំនាស់»។
គួរជម្រាបថា ចិនបានទាមទារដែនអធិបតេយ្យភាពគ្រប់គ្រងជាង ៩០ភាគរយនៃតំបន់ជម្លោះក្នុងដែនសមុទ្រចិនខាងត្បូង ជាមួយម៉ាឡេស៊ី, ប្រ៊ុយណេ ហ្វីលីពីន តៃវ៉ាន់ និងវៀតណាម ដោយយោងលើតឹកតាងប្រវត្តិសាស្ត្រ ដែលខ្លួនបានអះអាង។ ដោយឡែកសហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថា កំពុងតែព្យាយាមក្នុងចូលមកក្នុងតំបន់នេះ ដើម្បីបំផុសឱ្យវៀតណាម ហ្វីលីពីន និងបណ្តាប្រទេសអាស៊ានមួយចំនួនទៀត ងើបឡើងប្រឆាំងចិន៕