(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានទុកពេលឱ្យចិន ៧២ម៉ោង ពោលគឺនៅត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីបិទស្ថានកុងស៊ុលរបស់ខ្លួននៅក្នុងទីក្រុង ហូស្តុន (Houston) នៃរដ្ឋតិចសាស់ ដែលនេះគឺជាការសម្រេចចិត្តមួយត្រូវបានទីក្រុងប៉េកាំង ចាត់ទុកជា «ល្បែងនយោបាយ» របស់លោក ដូណាល់ ត្រាំ ហើយព្រមានថានឹងចាត់វិធានការសងសឹក បើសិនជាទីក្រុងវ៉ាស៊ីនតោន មិនព្រមដកការសម្រេចចិត្តនេះវិញទេនោះ។

ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន នាពេលបច្ចុប្បន្ន កំពុងមានភាពតានតឹងលើបញ្ហាជាច្រើនក្នុងនោះរួមមានទាំង បច្ចេកវិទ្យា,តំបន់សមុទ្រចិនខាងត្បូង, COVID-19, ទីក្រុង ហុងកុង និងតៃវ៉ាន់ជាដើម ដែលសុទ្ធសឹងតែជាបញ្ហាត្រូវបានក្រុមអ្នកជំនាញខ្លះ ព្រួយបារម្ភខ្លាចក្រែងអាចនឹងរុញឱ្យយោធានៃមហាអំណាចទាំងពីរ ផ្ទុះជម្លោះនឹងគ្នាជាយថាហេតុ ណាមួយនៅពេលអនាគត។

* ហេតុអី្វអាមេរិក បិទស្ថានកុងស៊ុលចិន នៅក្នុងទីក្រុងហូស្តុន?

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បាននិយាយថា ការសម្រេចចិត្តបិទស្ថានកុងស៊ុលចិន នៅក្នុងទីក្រុងហូស្តុន គឺដោយសារតែចិនប្រើប្រាស់ស្ថានកុងស៊ុលនេះ ដើម្បីលួចព័ត៌មានកម្មសិទ្ធិបញ្ញាផ្នែកបច្ចេកវិទ្យា និងព័ត៌មានឯកជនរបស់ប្រជាជនអាមេរិក។ ការលើកឡើងបែបនេះរបស់លោក ប៉ុមប៉េអូ ធ្វើឡើងបន្ទាប់ពីក្រសួងយុត្តិធម៌ អាមេរិក កាលពីថ្ងៃអង្គារកន្លងទៅ បានចោទប្រកាន់ជនជាតិចិនពីរនាក់ថាបាន និងកំពុងព្យាយាមវាយប្រហារព័ត៌មាន ឬ Hack ដើម្បីលួចយកព័ត៌មានពីក្រុមហ៊ុនអាមេរិកជាច្រើន ដែលកំពុងស្រាវជ្រាវលើការអភិវឌ្ឍវ៉ាក់សាំង COVID-19។ ជនជាតិចិនទាំងពីរនាក់ទាំងនេះ ត្រូវបានក្រុមមន្ត្រីអាមេរិកជឿជាក់ថាមានទំនាក់ទំនងជាមួយក្រសួងសន្តិសុខរដ្ឋចិន។

បន្ថែមពីលើការលើកឡើងរបស់លោក ប៉ុមប៉េអូ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Morgan Ortagus នៅតែបញ្ជាក់ដដែលថា ការបង្គាប់ឱ្យបិទស្ថានកុងស៊ុលចិន គឺធ្វើឡើងដើម្បីការពារកម្មសិទ្ធិបញ្ញា និងព័ត៌មានឯកជនរបស់ប្រជាជនអាមេរិក។ ប៉ុន្តែ ព្រមពេលជាមួយគ្នា លោកស្រី Morgan មិនបានឱ្យដឹងអ្វីបន្ថែម ដែលជំរុញឱ្យមានការ សម្រេចចិត្តបែបនេះឡើយ ខណៈមានការសង្ស័យថាការបិទស្ថានកុងស៊ុលចិន អាចជាចេតនានយោបាយមួយរបស់លោក ដូណាល់ ត្រំា ដែលចង់បង្វែរការចាប់អារម្មណ៍ ពីបរាជ័យនៃរដ្ឋបាលរបស់លោក ក្នុងការដោះស្រាយវិបត្តិ COVID-19 តែប៉ុណ្ណោះ។

បើតាមអ្នកជំនាញដូចជា លោក Jeff Moon ដែលជាអតីតជំនួយការតំណាងពាណិជ្ជកម្មអាមេរិក ចិនមានស្ថានកុងស៊ុលចំនួន៥ នៅក្នុងសហរដ្ឋអាមេរិក ដូច្នេះបើសិនជាការបិទ ស្ថានកុងស៊ុលចិន គឺធ្វើឡើងដើម្បីការពារកម្មសិទ្ធិបញ្ញា និងព័ត៌មានឯកជនរបស់ប្រជាជនអាមេរិកមែននោះ ហេតុអ្វីបានជារដ្ឋបាលលោក ដូណាល់ ត្រាំ បិទតែស្ថានកុងស៊ុល ក្នុងទីក្រុងហូស្តុន?

លោក Jeff Moon បានគូសបញ្ជាក់ដូច្នេះថា៖ «បើសិនវាជាហេតុផលពិតប្រាកដ ឬក៏ដើម្បីការពារកម្មសិទ្ធិបញ្ញា និងព័ត៌មានឯកជនរបស់ប្រជាជនអាមេរិក សហរដ្ឋអាមេរិក គួរតែបិទស្ថានកុងស៊ុលចិន នៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូមុនគេទើបត្រូវ ដ្បិតទីនេះគឺជាជម្រកក្រុមហ៊ុនបច្ចេកវិទ្យា នោះគឺតំបន់ Silicon Valley តែម្ដង... ដូច្នេះខ្ញុំយល់ថា ការសម្រេចចិត្តបិទស្ថានកុងស៊ុលចិន ក្នុងទីក្រុងហូស្តុន គឺគ្រាន់តែលោក ត្រាំ ចង់បំពេញចិត្តក្រុមអ្នកគំាទ្រ ដែលជំរុញឱ្យលោកចាត់វិធានការសងសឹកជាមួយចិន និងដើម្បីបង្វែរ ការចាប់អារម្មណ៍ពីបរាជ័យនៃរដ្ឋបាលរបស់លោក ក្នុងការដោះស្រាយវិបត្តិ COVID-19 តែប៉ុណ្ណោះ ខណៈការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខនេះកាន់តែ ខិតជិតចូលមកដល់»

* ប្រតិកម្មរបស់ចិន

ក្រសួងការបរទេសចិន បានទាត់ចោលការចោទប្រកាន់ទាំងឡាយ ហើយចាត់ទុកថាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក គឺជាការបង្ករឿងមិនធ្លាប់មានពីមុនមក។ អ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក វ៉ាង វិនពិន (Wang Wenbin) ថែមទាំងបានព្រមានទៀតផងថា ទីក្រុងប៉េកាំងនឹងចាត់វិធានការសងសឹក ប្រសិនបើអាមេរិកមិនដក ការសម្រេចចិត្តរបស់ខ្លួនវិញទេនោះ។

ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន កាលពីថ្ងៃពុធម្សិលមិញ លោក Wang បានសង្កត់ធ្ងន់ដូច្នេះថា៖ «ចិនបានស្នើឱ្យសហរដ្ឋអាមេរិក លុបចោលការសម្រេចចិត្តខុសមួយនេះ ...ប៉ុន្តែបើសហរដ្ឋអាមេរិក មិនយល់ព្រមទេ នោះចិននឹងចាត់វិធានការវាយបកទៅវិញ»។ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បន្ថែមទៀតថា ទីក្រុងប៉េកាំង បានបង្ហាញ ឆន្ទៈដ៏ល្អទៅកាន់មន្ត្រីទូតអាមេរិក នៅក្នុងប្រទេសចិន និងបានលើកកម្ពស់ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក តាមរយៈមន្ត្រីទូតចិនប្រចាំសហរដ្ឋអាមេរិក។

សហរដ្ឋអាមេរិក មានស្ថានកុងស៊ុលចំនួន៥ នៅក្នុងចិនដីគោក ក្នុងនោះរួមមានស្ថានកុងស៊ុល ក្នុងទីក្រុងឈិនឌូ (Chengdu), ខេត្តក្វាងចូវ (Guangzhou), ទីក្រុងសៀងហៃ (Shanghai), ទីក្រុងសិនយ៉ាង (Shenyang) និងទីក្រុងវ៉ូហាន (Wuhan)។ ក្រុមអ្នកជំនាញយល់ថា ចិនអាចនឹងបិទស្ថានកុងស៊ុលអាមេរិក នៅក្នុងទីក្រុងវូហាន ឬក្នុងទីក្រុង ឈិនឌូ (Chengdu) ជាការសងសឹកទៅនឹងសហរដ្ឋអាមេរិក ហើយអាចនឹងចាត់វិធានការជាបន្តបន្ទាប់ទៀត អាស្រ័យថាតើសហរដ្ឋអាមេរិក នឹងធ្វើរឿងអ្វីចេញមកបន្ថែមទៀត។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា ស្ថានកុងស៊ុលចិនដទៃទៀត នៅក្នុងសហរដ្ឋអាមេរិកក៏ប្រឈមមុខនឹងការបិទទ្វារផងដែរ បន្ទាប់ពីលោក ទទួលបានសេចក្ដីរាយការណ៍ក្រុមមន្ត្រីក្នុងស្ថានកុងស៊ុលចិន ក្នុងទីក្រុង ហូស្តុន (Houston) បានដុតបំផ្លាញចោលឯកសារមួយចំនួនចោល ដើម្បីបំបាត់ភស្តុតាង ក្រោយត្រូវបាន បង្គាប់ឱ្យបិទទ្វារ៕

ប្រភព៖ CNN, BBC (នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០)