(ភ្នំពេញ)៖ ក្រុមយុវជនមនុស្សធម៌តេជោ ហ៊ុន សែន ប្រមាណជាង៣០នាក់ ដឹកនាំដោយលោក សូ រដ្ឋា ហៅ រតនៈ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ បានចូលសម្ដែងការគួរសម និងទទួលយកការចែករំលែកបទពិសោធន៍ លើការងារដឹកនាំយុវជន និងការងារសង្គមមួយចំនួនពីសំណាក់ លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្ដេចតេជោនាយករដ្ឋមន្ត្រី។
ក្រុមយុវជនមនុស្សធម៌តេជោ ហ៊ុន សែន ត្រូវបានបង្កើតឡើង ដោយក្រុមយុវជនស្ម័គ្រចិត្តមួយក្រុម ក្នុងគោលបំណងចូលរួមចំណែក ធ្វើសកម្មភាពការងារសង្គម និងមនុស្សធម៌ ជាមួយប្រជាពលរដ្ឋកម្ពុជា នៅតាមមូលដ្ឋាននានា ទូទាំងប្រទេស និងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាអគ្គមគ្គុទេសក៍ដ៏ឆ្នើមបំផុត សម្រាប់ប្រជាជាតិកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិក្រោមម្លប់សន្តិភាព។
ក្រុមយុវជនមនុស្សធម៌តេជោ ហ៊ុន សែន មានឆន្ទៈសាមគ្គីគ្នា ដោយរួមគិត និងរួមធ្វើគ្រប់សកម្មភាព ដែលបម្រើដល់សេចក្ដីសុខសន្តិភាព និងការរីកចម្រើនសម្រាប់ សង្គមជាតិ និងប្រជាជនកម្ពុជាគ្រប់រូប។ លោក ប៉ាន់ខែម ប៊ុនថន បានថ្លែងការកោតសរសើរខ្ពស់ចំពោះឆន្ទៈ និងសកម្មភាពសំដៅបម្រើដល់ប្រយោជន៍សង្គមជាតិ របស់ក្រុមយុវជន មនុស្សធម៌តេជោ ហ៊ុន សែន។
ក្រៅអំពីការចែករំលែក នូវបទពិសោធន៍ការងារ ដែលធ្លាប់បានទទួលជោគជ័យ នាពេលកន្លងមក លោក ប៉ាន់ខែម ប៊ុនថន បានលើកទឹកចិត្តដល់ ក្រុមយុវជនមនុសធម៌ តេជោ ហ៊ុន សែន ក៏ដូចជាយុវជនកម្ពុជាទាំងអស់ ត្រូវតែមានមោទនភាព និងរីករាយទទួលស្គាល់នូវ ភាពរីកចច្រើនលើគ្រប់វិស័យគួរឲ្យកត់សម្គាល់ ដែលបានកើតចេញពីស្នាដៃដឹកនាំជាប្រវត្តិសាស្ត្ររបស់ សម្ដេចតេជោ ហ៊ុន សែន និងឥស្សរជនកម្ពុជាជាច្រើនរូបទៀត។
លោក ប៉ាន់ខែម ប៊ុនថន បានលើកឡើងថា ក្នុងនាមយើងទាំងអស់គ្នា ជាយុវជនជំនាន់ក្រោយ ត្រូវប្រឹងរៀនសូត្របង្កើនចំណេះដឹង ពង្រឹងសមត្ថភាពរៀបចំខ្លួន ឲ្យក្លាយទៅជាទំពាំងស្នងឫស្សី និងក្លាយជាសរសរទ្រូងយ៉ាងពិតប្រាកដ ដើម្បីរួមគ្នា បន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងចូលរួមបម្រើប្រទេសជាតិ ដែលកំពុងធ្វើដំណើរឆ្ពោះទៅមុខ ប្រកបដោយវឌ្ឍនភាព និងចីរភាព៕