(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា រដ្ឋាភិបាលចិនបានអនុវត្តពន្លឿនជាបន្ទាន់ នូវគម្រោងចំនួន៨ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តបតាមសំណើររបស់កម្ពុជា បើទោះប្រទេសចិន កំពុងជួបវិបត្តិជំងឺកូវីដ-១៩ យ៉ាងក្តី។
ការបញ្ជាក់បែបនេះ របស់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើឡើងនៅក្នុងឱកាសដែលលោក បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារ ក្នុងក្របខ័ណ្ឌការអនុវត្តផែនការសកម្មភាព ក្នុងការបង្កើតសហគមន៍វាសនារួមកម្ពុជា-ចិន (២០១៩-២០២៣) នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ការឆ្លើយតបភ្លាមៗបែបនេះ របស់រដ្ឋាភិបាលចិន បានធ្វើឡើង បន្ទាប់ពីការបញ្ចប់កិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-ចិន លើកទី៥ កាលពីថ្ងៃទី១៦ ខែមិថុនា កន្លងទៅនេះ ដែលការនោះឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជាសហប្រធានតំណាងរដ្ឋាភិបាលកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ ជារដ្ឋមន្ត្រីការបទេសចិន និងជាសហប្រធានរបស់ភាគីចិន ក្នុងកិច្ចនាពេលនោះក្នុងនាមកម្ពុជា ឧបនាយករដ្ឋមន្ត្រី បានលើកនូវសំណូមពរមួយចំនួន ដើម្បីអភិវឌ្ឍ និងសេដ្ឋកិច្ច សង្គមកម្ពុជាយើង ព្រមទាំងពាណិជ្ជកម្ម ឱ្យស្របតាមតម្រូវការរបស់កម្ពុជា ដល់ភាគីចិន។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម, លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ, លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធយ៉ាងច្រើនផងដែរ។
អតីតប្រមុខការទូតកម្ពុជារូបនេះ បានបញ្ជាក់យ៉ាងដូច្នថា៖ «ក្រោយពីបញ្ចប់កិច្ចប្រជុំលើកទី៥នេះ ភាគីចិនបានឆ្លើយព្រមតាមយើងទាំងអស់ ហើយភាគីមិត្តចិន បានធ្វើបញ្ជីការងារដែលត្រូវធ្វើក្រោយពីធ្វើកិច្ចប្រជុំលើកទី៥នេះ ហើយនៅក្នុងបញ្ជីការងារដែលត្រូវធ្វើរួមគ្នា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាយើងនេះ […] ក្នុងក្របខ័ណ្ឌឥណទានសម្បទានកម្ចីជាប្រាក់យ័នរបស់ចិន មានចំនួន៨គម្រោង ក្នុងក្របខ័ណ្ឌឆ្នាំ២០២០ ដល់២០២៥ ដែលមានហេដ្ឋារចនាសម្ព័ន ដែលមានការស្ថាបនាផ្លូវចំនួន៤ គម្រោងឃ្លាំងស្តុបស្រូវ, ឃ្លាំងសម្ងួតស្រូវ, ប្រព័ន្ធបណ្តាញអគ្គិសនីទៅតាមជនបទ, ការផ្គត់ផ្គង់ទឹកនៅតាមជនបទ ដែលសុទ្ធសឹងជាគម្រោងបន្ទាន់»។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឱ្យដឹងថា គម្រោងទាំង ៨នេះរួមមានទី១៖ គម្រោងឃ្លាំងស្ដុកស្រូវ, ទី២៖ ប្រព័ន្ធអគ្គិសនីជនបទជំហានទី៧, ទី៣៖ ខ្សែកាបអុបទិកបាតសមុទ្រក្រុងព្រះសីហនុ-ទីក្រុងហុងកុង, ទី៤៖ ការការពារទឹកជំនន់ស្ទឹងព្រែកត្នោត, ទី៥៖ លើកកម្រិតផ្លូវជាតិ ៧១C, ទី៦៖ លើកកម្រិតផ្លូវជាតិ៤១, ទី៧៖ លើកកម្រិតផ្លូវជាតិ៣៣ និងលើកកម្រិតផ្លូវជាតិ៣១។
បើតាមឧបនាយករដ្ឋមន្ត្រីបានឱ្យដឹងថា កន្លងមករដ្ឋាភិបាលចិន បានជួយយ៉ាងច្រើនក្នុងការស្ថាបនាផ្លូវនៅតាមជនបទ ជីកស្រះទឹក ជីកអណ្តូងទឹកបន្ថែមពីនេះ ក៏បានខិតខំកសាងមន្ទីរពេទ្យនៅតាមជនបទ និងគម្រោងមួយចំនួនទៀតជាដើម។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្តថា ថ្មីៗនេះ កម្ពុជា និងភាគីចិន បានអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ស្តីពីការនាំអង្ករកម្ពុជាចំនួន៤០ម៉ឺនតោន ចូលទីផ្សារចិន ដែលចុះហត្ថលេខារវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយលោក លូ ជុន ប្រធានក្រុមហ៊ុនសាជីវកម្ម COFCO។ បន្ថែមពីនេះភាគីចិន ក៏បានចុះពិធីសារព្រមទិញផ្លែស្វាយពីកម្ពុជា មិនត្រឹមតែប៉ុណ្ណោះ ភាគីចិន ក៏បាននឹងពង្រីកបន្ថែមទៀត ក្នុងការនាំចេញនូវផលិតផលផ្សេងទៀតរបស់កម្ពុជា ដូចជា៖ ស្វាយ ចេកអំបូងលឿង ម្សៅដំឡូងមី ស្ករ និងកៅស៊ូជាដើម។
សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០១០មក កម្ពុជា-ចិន បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ ក្រោមការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ស៊ី ជិនពីង ប្រធានាធិបតីចិន, ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តំណាងកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានចុះហត្ថលេខាលើផែនការ៥ឆ្នាំ ដើម្បីកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ដូច្នេះ ហើយទំនាក់ទំនង រវាងកម្ពុជាជាមួយចិន ជាទំនាក់ទំនងពិសេស លើគ្រប់ជ្រុងជ្រោយទាំងអស់៕