(សៀមរាប)៖ ក្រុមហ៊ុន MIZUDA ដែលជាក្រុមហ៊ុនវិនិយោគ របស់សាធារណរដ្ឋប្រជាមានិតចិន មានគម្រោងសាងសង់រោងចក្រដុត ដើម្បីផលិត និងផ្គត់ផ្គង់ ថាមពលអគ្គិសនី នៅខេត្តសៀមរាប។
តាមការបង្ហាញគម្រោងវិនិយោគនេះ ធ្វើឡើងកិច្ចប្រជុំរវាងតំណាងក្រុមហ៊ុន ជាមួយលោក អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នាសាលាខេត្តសៀមរាប។
លោក Zhang Xiaozhong ប្រធានការិយាល័យតំណាងក្រុមហ៊ុន MIZUDA ប្រចាំនៅកម្ពុជា បានលើកឡើងថា រោងចក្រដុតសំរាមដើម្បីផលិតថាមពលអគ្គិសនី ដែលជាគំរោងវិនិយោគ របស់ក្រុមហ៊ុនចិន ( MIZUDA ) ត្រូវបានសិក្សាប្រកបដោយជោគជ័យរួចហើយ។ ហើយគម្រោងនេះ នឹងក្លាយជាឧបករណ៍រក្សាការពារ បរិស្ថានដំបូងគេនៅកម្ពុជា សម្រាប់ការបង្កើតទីក្រុងបរិស្ថាន និងអនាម័យ នាក្រុងសៀមរាប-អង្គរ នាពេលអនាគត។
បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា បច្ចុប្បន្ន សម្រាមនៅក្នុងក្រុងសៀមរាប ដែលមានប្រមាណជាង៤៨០តោន ក្នុង១ថ្ងៃៗ ហើយនៅឆ្នាំ២០២២ អាចនឹងកើនដល់៦០០តោនក្នុង១ថ្ងៃ។ បើគិតរហូតដល់ឆ្នាំ២០៣៥ ការប៉ាន់ប្រមាណ ដែលផ្អែកទៅលើកំណើនប្រជាពលរដ្ឋ និងកំណើនភ្ញៀវទេសចរ ផងនោះអាចក្នុងក្នុង១ថ្ងៃ មានសម្រាមប្រមាណជា១ពាន់តោន សម្រាប់តែក្នុងក្រុងសៀមរាប។
ក្រុមហ៊ុនមួយនេះ បានសិក្សាបញ្ចប់កាលពីកំឡុងខែធ្នូ ឆ្នាំ២០១៩កន្លងទៅ ដោយចំណាយរយៈពេល៦ខែ។ ហើយរោងចក្រនេះ ក្នុង១ឆ្នាំៗ មានតម្រូវការសំរាមប្រមាណជា ២១ម៉ឺនតោន និងអាចផលិតជាថាមពលអគ្គិសនីផ្គត់ផ្គង់ បានប្រមាណជាង៧៥ម៉ឺន គីឡូវ៉ាត់ម៉ោង ក្នុងកម្លាំងអានុភាព ១២មេកាវ៉ាត់ គឺស្មើនឹងប្រហែល ១០% នៃតម្រូវការផ្គត់ផ្គង់សរុប ក្នុងក្រុងសៀមរាប នាពេលច្ចុប្បន្ន។
ក្នុងកិច្ចប្រជុំ ខាងអាជ្ញាធរខេត្ត បានទទួលស្គាល់អំពីបច្ចេកទេស និងការផ្តល់អត្ថប្រយោជន៍ នៃប្រតិបត្តិការរបស់រោងចក្រ ដុតសម្រាមមួយនេះ ដែលមានគុណភាព មិនបន្សល់នូវផលប៉ះពាល់បរិស្ថាន ក្រោយការផលិតថាមពលអគ្គិសនី។
លោកអភិបាលខេត្ត ក៏បានបង្ហាញនូវជំហរគាំទ្រទាំងស្រុង ចំពោះគម្រោងវិនិយោគដ៏មានសារៈសំខានមួយនេះ។ ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាប្រមូលការកំណត់ តម្លៃលក់ថាមពល និងការកំណត់ទីតាំងសាងសង់រោងចក្រ នឹងត្រូវសិក្សាស៊ីជម្រៅបន្ថែមទៀត សម្រាប់ការបង្ហាញក្នុងកិច្ចប្រជុំលើកក្រោយ ស្តីពី វឌ្ឍនភាពនៃគម្រោងនេះ ដើម្បីជំរុញល្បឿននៃកិច្ចដំណើរការ តាមលទ្ធភាព ដែលអាចធ្វើទៅបាន៕