(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋក្រីក្រដែលមានបណ្ណសមធម៌ ចំនួន២៥០គ្រួសារ កំពុងជួបការលំបាកក្នុងដំណាក់កាលកូវីដ-១៩ នៅឃុំក្សេមក្សាន្ត នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ទទួលបានអំណោយពី លោកឧកញ៉ា ឡេង សុខគា ប្រធានថ្នាក់ជាតិសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា នឹងជាប្រធានសភាពាណិជ្ជកម្ម ខេត្តកំពង់ស្ពឺ។
ស្ថិតនៅក្នុងឧកាសនោះដែរ លោកឧកញ៉ា ឡេង សុខគា បានលើកឡើងថា នាពេលនេះប្រទេសកម្ពុជា ក៏ដូចជាពិភពលោកកំពុងជួបវិបត្តិកូវីដ-១៩ ហើយរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានខិតខំយ៉ាងខ្លាំងក្នុងការទប់ស្កាត់ និងព្យាបាលមេរោគកូវីដ១៩នេះ ដូច្នេះ ក្នុងនាមជាប្រជាពលរដ្ឋត្រូវរួមគ្នាជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ និងការពារនូវ មេរោគមួយនេះ។
លោកឧកញ៉ា ឡេង សុខគា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវធ្វើតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ទាក់ទងនឹងជំងឺកូវីដ-១៩នេះ ដោយត្រូវសម្អាតដៃ និងអាល់កុល ជែល លាងដៃឱ្យបានគ្រប់ពេលវេលាផងដែរ ដែលការអនាម័យនេះ មិនត្រឹមតែទប់ស្កាត់បាននូវមេរោគកូវីដ-១៩ ប៉ុណ្ណោះទេ វាថែមទាំងធ្វើឱ្យមានការពារនូវមេរោគផ្សេងៗទៀតផងដែរ។
លោកក៏បានប្រាប់ដល់ប្រជាពលរដ្ឋទាំងអស់ថា ប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍសព្វថ្ងៃនេះ គឺដោយារការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ហើយរាជរដ្ឋាភិបាលនៅជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងរួមសុខទុក្ខជាមួយគ្នាគ្រប់កាលៈទេសៈទាំងអស់ និងសូមជឿជាក់លើប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឱ្យប្រទេសមានសុខសន្តិភាពពេញលេញ ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយបន្តការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋជាពិសេសការរក្សាឱ្យបាននូវស្ថានភាពម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរផងដែរ។
អំណោយសប្បុរធម៌នេះ គឺដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងអំឡុងពេលជួយដល់ប្រជាពលរដ្ឋក្រីក្រពិតប្រាកដ និងងាយរងគ្រោះក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ហើយអំណោយនេះគឺជាទឹកចិត្តរបស់បងប្អូនសប្បុរសធម៌ខ្មែរជួយខ្មែរ ក្នុងគ្រាមានអាសន្នផងដែរ។
សូមបញ្ជាក់ថា អំណោយដែលបាននាំមកជូនបងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក្រនាពេលនេះ គឺមួយគ្រួសារទទួលបានអង្ករចំនួន២០គីឡូក្រាម ឆៃប៉ូវ១កញ្ចប់ ទឹកត្រីចំនួន៣ដប ទឹកស៊ីអ៊ីវ៣ដប សៀង១គីឡូ ស្មើនឹង៤ដប អំបិលកំពតចំនួន១គីឡូក្រាម មី១កេះ ព្រមទាំងថវិកាក្នុងមួយគ្រួសារចំនួន ២ម៉ឺនរៀល៕