(ភ្នំពេញ)៖ អនុវត្តកម្មវិធីរបបគោនយោបាយចំពោះជនមានពិការភាពក្រីក្រ មានគោលបំណងផ្តល់ប្រាក់របបជាផ្លូវការ ជូនជនមានពិការភាពដោយគ្មានលក្ខខណ្ឌ ក្នុងអំឡុងពេលប្រឆាំងជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញយកប័ណ្ណសមធម៌ ផ្តល់ជូនបងប្អូនជនពិការភាព ដែលកំពុងរស់នៅស្នាក់អាស្រ័យនៅក្នុងសមាគមតន្ត្រីសំនៀងជនពិការ។

លោកស្រី មុំ ចាន់ដានី បានលើកឡើងថា ឆ្លើយយតបតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាផែនការយុទ្ឋសាស្ត្រជាតិ ស្តីជនពិការភាព ឆ្នាំ២០១៩-២០២៣ ក្នុងការយកចិត្ត ទុកដាក់ និងលើកកំពស់ជនពិការ សិទ្ធិជនពិការ ស្ត្រីពិការ កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្ររបស់ក្រសួងផែនការដល់ជនមានពិការភាពភ្នែក កាយសម្បទា ប័ណ្ណសមធម៌ ចំនួន១៦៥គ្រួសារ ត្រូវបានផ្តល់ជូនដល់បងប្អូនពិការភាព នៅសមាគមតន្ត្រីសំនៀងជនពិការ នាស្នាក់ការសមាគមតន្ត្រីសំនៀងជនពិការ ស្ថិតនៅអគារ២៩៨ដេ ភូមិជំរៅ សង្កាត់គោករកា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងនោះលោក ចាប តូ ប្រធានសមាគមតន្ត្រីសំនៀងជនពិការ បានឲ្យដឹងថា ដោយបានទទួលនូវសេចក្តីអាណិតអាសូរយកចិត្តទុកដាក់ទិញដីសាងសង់មជ្ឈមណ្ឌលស្នាក់នៅ និងរៀនជំនាញ អំពីសម្តេចព្រះមហាក្សត្រី សម្តេចម៉ែ សម្តេចយាយ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងនោះ មានសមាជិកសរុបចំនួន៤០៦នាក់ ស្រ្តី ១៧៤នាក់ ប្រុស២៣២នាក់ ជនមានពិកាភាពភ្នែក ២៩៩នាក់ ពិការកាយសម្បទា ១០៦នាក់ គថ្លង់ ០១នាក់ សុទ្ធតែមានពិការភាពភ្នែក និងពិការកាយ សម្បទាខ្លះ ដើម្បីជួយដឹកដៃជនពិការភ្នែក បច្ចុប្បន្នស្ដីនិង ជនពិការមួយចំនួនកំពុងបម្រើការងារនៅតាមបណ្តាហាងម៉ាស្សាបែបបុរាណ ច្រៀងតាមភោជនីយដ្ឋាន និងរោងការនានា។

លោក ចាប តូ បានឲ្យដឹងថា សមាគមរបស់លោក សព្វថ្ងៃស្ថិតនៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ និងបានចាប់ផ្តើមដំណើរការនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២ ក្នុងគោលដៅ ប្រមូលផ្តុំជនពិការ ដើម្បីបណ្តុះបណ្តាល ជំនាញបំណិនជីវិត ដូចជា ជំនាញដូរតន្ត្រី រៀនអក្សរព្រាល និងជំនាញម៉ាស្សាដៃទេព។

លោកបន្តថា សព្វថ្ងៃនេះសមាគម ក៏ដូចជាបងប្អូនជនពិការទាំងអស់ ដំណើរការ និងរស់រានបានអាស្រ័យ ដោយបងប្អូនទាំងអស់ទៅប្រកបរបរប្រគុំតន្ត្រីនៅគ្រប់ទីកន្លែងនានា តាមការជួលរបស់អតិថិជន។

ជាមួយគ្នានេះ លោកស្រីប្រធាន ក៏បាននាំនូវការផ្តាំផ្ញើពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឲ្យសមាជិកក្នុងសមាគម យកចិត្តទុកដាក់អនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេស ការថែរក្សាសុខភាព អនាម័យលាងសំអាតដៃអោយបានញឹកញាប់ សំអាតបរិវេណរស់នៅដើម្បីសុខភាពបងប្អូនមានពិការភាពយើង ក៏ដូចដើម្បី ចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដផងដែរ៕

ជាមួយគ្នានេះ លោកស្រី មុំ ចាន់ដានី ក៏បានលើកឡើងនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតថា ក៏ដូចប្រសាសន៍អភិបាលរាជធានី មិនត្រូវឲ្យនរណាម្នាក់ ស្លាប់ដោយសារតែ ភាពអត់ឃ្លាតនោះទេ ហើយលោកមានការកោត សរសើចំពោះជនពិការទាំងនេះ ចំពោះការខិតខំប្រឹងប្រែង ដោយមិនដើរសុំទាន ដូចជនពិការផ្សេងទៀត ។ បានស្នើឲ្យសមាគម ត្រូវចេះ ថែរក្សាសុខភាព ដើម្បីបន្តស្វែងរកជំនួយពីសប្បុរសជន ឲ្យគេជួយទៅតាមការប្រគំតន្រ្តីទៅថ្ងៃខាងមុខ ពិសេសត្រូវរស់នៅស្អាត ត្រូវលាងដៃដផយទឹកអាល់កុល និងសាប៊ូជាប្រចាំ ដើម្បីបង្ការទប់ស្កាត់នូវមេរោគកូវីដ១៩ (COVID19) ។

សូមរំលឹកថា សមាគមជនពិការខាងលើនេះ ត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តាមរយៈលោកស្រីប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទា រាជធានីភ្នំពេញតែងតែនាំយកផ្តល់អំណោយផ្តល់ឱ្យជាបន្តបន្ទាប់ ជាពិសេសលោកបានឧបត្ថម្ភនូវអង្ករ និងថវិកា ក្នុងការចំណាយថ្លៃទឹក ថ្លៃភ្លើងជារៀងរាល់ខែ ៕