(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំឡើយដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ បានប្រកាសពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងមូលដ្ឋានឲ្យដូចភ្លៀងរលឹម។
លោកឧត្តមសេនីយ៍ទោ សុខ សំណាង ក៏បានលើកឡើងបញ្ហាគ្រឿងញៀននេះ ទោះបីជាការប្រឈមសកលក៏ពិតមែន ប៉ុន្ដែទាមទារឲ្យសមត្ថកិច្ចពាក់ព័ន្ធត្រូវតែធ្វើការបង្ក្រាបឲ្យខាងតែបាន ព្រោះគ្រឿងញៀនប្រសិនបើទៅដល់ទីណាហើយនោះ នឹងនាំឲ្យអន្ដរាយដល់ទីនោះជាមិនខាន។
លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានថ្លែងយ៉ាងដូច្នេះថា «ខេត្តតាកែវ ក៏ដូចជាខេត្តផ្សេងៗដែរ យើងជាជនរងគ្រោះក្នុងបញ្ហាគ្រឿងញៀន ប៉ុន្ដែទន្ទឹមនឹងយើងជាជនរងគ្រោះ យើងមានវិធានការណ៍ដើម្បីទប់ស្កាត់ ធ្វើមិចឲ្យជួញដូរ និងការប្រើប្រាស់ឲ្យមានការថមថយ ទោះជាមានប្រសិទ្ធភាពកម្រិតណា យើងនៅតែរក្សាការបង្ក្រាបដូចភ្លៀងរលឹម»។
ក្រៅពីការប្ដេជ្ញាចិត្តនេះ ស្នងការនគរបាលខេត្តតាកែវ បានបង្ហាញពីវិធានការសំខាន់ៗ ចំនួន៣ ដើម្បីកាត់បន្ថយបទល្មើសគ្រឿងញៀន រួមមាន ទី១៖ ប្រើប្រាស់វិធានការណ៍សរុប កម្លាំងសរុប និងមធ្យោបាយសរុប, ទី២៖ វិធានការណ៍ផ្សព្វផ្សាយអប់រំ ដែលត្រូវធ្វើការផ្សព្វផ្សាយតាមទីប្រជុំជន សាលារៀន វេទិកាសាធារណៈនានា និងទី៣៖ ប្រើប្រាស់វិធានការណ៍ជំនាញដើម្បីបង្ក្រាបគ្រឿងញៀន។
លោកឧត្តមសេនីយ៍ស្នងការ បានអះអាងថា មន្ដ្រីនគរបាល ក៏ត្រូវបង្កើនការសិក្សារៀនសូត្រ និងស្វែងយល់ឲ្យបានច្បាស់អំពីបញ្ហាគ្រឿងញៀន ព្រោះបើមន្ដ្រីនគរបាលខ្លួនឯងមិនយល់ច្បាស់អំពីបញ្ហាគ្រឿងញៀន ម្ល៉េះមិនអាចទៅបង្ក្រាបគ្រឿងញៀនបាននោះទេ។
យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានឲ្យដឹងថា ឆមាសទី១ ឆ្នាំ២០២០ កម្លាំងនគរបាលខេត្តតាកែវ បទល្មើសគ្រឿងញឿនបង្ក្រាប បានចំនួន២៩លើ១០ករណី ចាប់ខ្លួនមនុស្សចំនួន៥៨នាក់ និងចាប់តាមដីកា ចំនួន០៨ដីកា មនុស្សចំនួន០៨នាក់ ចាប់យកវត្ថុតាង រួមមាន៖ ថ្នាំញៀនមេតំហ្វេតាមីន (Ice) ចំនួន៥៣.៤៨ក្រាម និងវត្ថុតាងចំនួនទៀត ជនសង្ស័យ និងវត្ថុតាងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។
ដោយឡែក បទល្មើសព្រហ្មទណ្ឌកើតឡើង ចំនួន៥៩លើក លើ៤៩លើក ប្រៀបធៀបនឹងឆ្នាំ២០១៩ កើនឡើង ចំនួន១០លើក ក្នុងនោះបទល្មើសឧក្រិដ្ឋចំនួន ០៨ករណី លើ១៣ និងបទល្មើសមជ្ឈឹម ចំនួន៥១ករណី លើ៣៦ លទ្ធផលនៃការបង្ក្រាបបាន ចំនួន៥៨ លើ៥៩ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៧៣នាក់ ក្នុងនោះបទល្មើសឧក្រិដ្ឋ ៧លើ៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់ និងបទល្មើសមជ្ឈឹមចំនួន ៥១លើ៥១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៦១៕