(កំពង់ឆ្នាំង)៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាស្ត្រី ក្នុងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ បានជួបសំណេះសំណាលគ្នា ដើម្បីពង្រឹងសមត្ថភាព និងការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង និងមានការផ្តល់កិត្តិយសចូលរួម ពីលោកស្រី ឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿន ភរិយា លោកអភិបាល ខេត្តកំពង់ឆ្នាំង។ ពិធីនេះ ធ្វើឡើងនៅសាលប្រជុំ ក្នុងសាលាខេត្តកំពង់ឆ្នាំង។

មានមតិសំណេះសំណាល ក្នុងឱកាសនោះ លោកស្រី ប៊ន សុភី បានជំរុញដល់ស្រី្តគ្រប់រូប ត្រូវលើកកម្ពស់ដល់ស្រ្តី ហើយស្រី្តខ្លួនឯង ក៏ត្រូវចេះពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពខ្លួន បន្ថែមទៀតផងដែរ។

លោកស្រី ប៊ន សុភី ក៏បានសម្ដែងការសរសើរ និងគាំទ្រដល់សកម្មភាពការងាររបស់ស្រ្តី ក្នុងការចូលរួមលើកជាគំនិតល្អៗ លើកទឹកចិត្ត ក្នុងការជួយដល់នារីៗ ឲ្យទទួលបានបទពិសោធន៍ច្រើន មានចំណេះដឹងទូលំទូលាយ និងមានគំនិតច្នៃប្រឌិតក្នុងការងារ ក្នុងមុខរបរ និងក្នុងគ្រួសារ។

បន្ទាប់ពីពិធីសំណេះសំណាលរួចមក ក៏មានការចែកជូននូវក្រមា សារ៉ុង និងថវិកា ជាអនុស្សាវរីយ៍ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការជានារី ដែលបានចូលរួម ក្នុងពិធីនេះផងដែរ៕