(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេចពីស្ត្រីរងគ្រោះម្នាក់ ដែលកំពុងជិះម៉ូតូតាមផ្លូវ តែលទ្ធផលជាប់ខ្នោះភ្លាមៗ របស់កម្លាំងនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី១ នៅមុនពេលកម្លាំងនគរបាលប៉ុស្ដិ៍ស្វាយប៉ាក ស្រាវជ្រាវបង្ក្រាបការជួញដូរគ្រឿងញៀន ចំនួន១០កញ្ចប់ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត។ នេះបើតាមការបញ្ជាក់ប្រាប់អ្នកយកព័ត៌មាន Fresh News លោក ហាស់ កំសាន្ដ ពីសំណាក់លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ។
លោកអធិការនគរបាលខណ្ឌឫស្សីកែវ ហ៊ាង ថារ៉េត បញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលឆក់ទូរស័ព្ទបានសម្រេច តែរត់មិនរួច ហើយមានស្ថានទម្ងន់ទោស បានអនុវត្តឡើង ស្ថិតនៅខាងមុខពេទ្យឯកជន (កែវការីណូ) ផ្លូវជាតិលេខ៥ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ នាវេលាម៉ោង១៥៖៤០នាទីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។
លោកវរសេនីយ៍ឯក អធិការនគរបាលខណ្ឌឫស្សីកែវ បញ្ជាក់ទៀតថា ចំពោះការស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងញៀន គឺឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន ចំនួន១០កញ្ចប់ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្រុមទី៧ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ នាវេលាម៉ោង១៧៖១៥នាទីរសៀលថ្ងៃដដែលនេះឯង។
លោកអធិការបន្តថា ការឃាត់ខ្លួនបានក្នុងសកម្មភាពឆក់ទូរស័ព្ទ មានស្ថានទម្ងន់ទោស គឺដកហូតម៉ូតូ១គ្រឿងម៉ាក SUZUKI ស្មាស់ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ1ii-0546 និងទូរសព្ទ័១គ្រឿងទៀត ម៉ាកអាយហ្វូនពណ៌ស ពីជនសង្ស័យជាចោរឆក់ឈ្មោះ ម៉ាត់ សើគីរី ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះ៧០៧ ផ្លូវជាតិលេខ៥ ក្រុម១ ភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ និងមានសារធាតុញៀន ហើយបានប្រគល់ជូនជនរងគ្រោះវិញភ្លាមៗ ក្រោយពីធ្វើកំណត់ហេតុសាកសួរតាមជុំនាញរួចរាល់។ ចំណែកឯជនរងគ្រោះឈ្មោះ ចាន់ លក្ខណា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរនិសិត្ស ស្នាក់នៅផ្ទះលេខ០៣០ ផ្លូវលំ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
លោកអធិការក៏បានឲ្យដឹងផងដែរថា ជនសង្ស័យដែលបង្ក្រាបបានក្នុងសកម្មភាពជួញដូរគ្រឿងញៀនឈ្មោះ លីម សាឡេះ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ គឺដកហូតបានក្រាមពណ៌សថ្លាជាថ្នាំញៀន ចំនួន១០កញ្ចប់តូច។
យ៉ាងណាក៏ដោយ ជនសង្ស័យទាំង២នាក់ ដែលម្នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទ និងម្នាក់ទៀតជួញដូរគ្រឿងញៀន ពេលនេះកំពុងស្ថិតក្រោមការឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ក្នុងការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធី៕