(ភ្នំពេញ)៖ លោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យការ និងជាព្រះរាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ បានចោទប្រកាន់ជនជាតិចិន ចំនួន១១នាក់ ពីបទចាប់ជំរិតមនុស្សទារប្រាក់ និងបទបង្ខាំងមនុស្សដោយខុសច្បាប់ រួចហើយបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរតាមនីតិវិធី។

សូមរំឮកថា កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនជនសង្ស័យចំនួន១១នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។ ក្រុមចិនទាំងនោះ បានធ្វើសកម្មភាពចាប់ជនរងគ្រោះជាជនជាតិចិនដូចគ្នាម្នាក់ ហើយបានយកទៅដាក់ក្នុងផ្ទះលេខ៣២២ ផ្លូវ៩៥៦ ក្នុងភូមិសង្កាត់ខាងលើ ដើម្បីចាប់ជំរិត ប៉ុន្តែត្រូវសមត្ថកិច្ចបង្ក្រាបបាន។

យោងតាមរបាយការណ៏របស់នគបាលនៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការបើកប្រតិបត្តិការបង្ក្រាបករណីជនជាតិចាប់ជំរិតជនជាតិចិនដូចគ្នាមួយករណីនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានខំនួន១១នាក់ និងរំដោះជនរងគ្រោះបានម្នាក់។ សកម្មភាពរំដោះជនរងគ្រោះនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងផ្ទះលេខ៣២២ ផ្លូវ៩៥៦ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ក្រោយការបង្ក្រាបនេះ សមត្ថកិច្ចបានដកហូតនូវសម្ភារ និងវត្ថុតាងដកហូតបានរួមមាន៖ ដំបងឆក់ចំនួន ២ដើម, ខ្នោះដៃមួយ, ទូរស័ព្ទ ១៧គ្រឿង ព្រមទាំងសម្ភារមួយចំនួនផ្សេងទៀត៕