(កំពង់ធំ)៖ ទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ បានណែនាំថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជាខេត្ដកំពង់ធំ សហការជាមួយស្ថាប័នពាក់ព័ន្ធ ពន្លឿននីតិវិធីដើម្បីប្រគល់ដីជូនអតីតយុទ្ធជន ចំនួន១៥៣គ្រួសារដែលជួបការលំបាក។
ការណែនាំរបស់ទេសរដ្ឋមន្ដ្រី គន់ គីម ធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររបស់ សមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ដែលមានការចូលរួមពី លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
តាមរបាយការណ៍របស់ លោក សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនខេត្ត បានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ សមាគមបានដោះស្រាយបើកប្រាក់ បេឡាមរណៈសង្គ្រោះជូនគ្រួសារសព អតីតយុទ្ធជនបានចំនួន៤៤នាក់ ស្មើនឹង១៧៦លានរៀល និងកសាងផ្ទះអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចំនួន២៧ផ្ទះ ជូនដល់អតីតយុទ្ធជនដែលមានជីវភាពលំបាក។
បើតាមលោក សោម ស៊ុន គិតសរុបមកដល់ពេលនេះ អតីតយុទ្ធជននៅទូទាំងខេត្តកំពង់ធំ បានទទួលផ្ទះអំណោយសម្តេចតេជោប្រធានសមាគម ចំនួន១៧០ខ្នង។ ដោយឡែកអ្នកមានដីអត់ផ្ទះ និងមានផ្ទះមិនសមរម្យ ចំនួន៤៣គ្រួសារទៀត សមាគមត្រូវដោះស្រាយបន្ត។ ក្រៅពីនោះ នៅមានអ្នកអត់ដី អត់ផ្ទះ ១៥៣គ្រួសារទៀត ដែលសមាគមកំពុងរៀបចំដីសម្បទានសង្គមកិច្ច ដើម្បីដោះស្រាយជូនពួកគាត់។
ដើម្បីពន្លឿនការគ្រប់គ្រង និងដោះស្រាយដីដែលក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ បានផ្តល់ជូនកន្លងមក ទេសរដ្ឋមន្ដ្រី គន់ គីម បានផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំសមាគមខេត្ត ត្រូវចាត់តាំងគណៈកម្មាការមួយ ដែលមានគ្រប់មន្ទីរពាក់ព័ន្ធជាសមាជិក ដឹកនាំដោយអភិបាលរងខេត្តម្នាក់ ចូលទៅគ្រប់គ្រង កំណត់ព្រំដី ធ្វើបច្ចុប្បន្នភាពដោះស្រាយបញ្ចប់បញ្ហា ដោយផ្អែកលើគោលការណ៍ឈ្នះឈ្នះ នឹងឈានទៅឈូសផ្លូវចែកជាឡូតិ៍ ដើម្បីប្រគល់ជូនសមាជិក ទាំង១៥៣គ្រួសារនេះ៕