(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជួយសម្រាលភាពខ្វះខាត ដល់អង្គការលើកស្ទួយប្រជាពលរដ្ឋ។

នេះជាលើកទី៨ គិតចាប់តាំងពីឆ្នាំ២០១៤មក ដែលកាកបាទក្រហមកម្ពុជា បានបន្ដជួយឧបត្ថម្ភ ថវិកា ស្បៀងឧបភោគ-បរិភោគ និងសម្ភារចំាបាច់នានា ក្នុងការចូលរួមចំណែកដោះស្រាយការលំបាកនានា និងលើកកកម្ពស់កសាងភាពធន់ នៅក្នុងអង្គការមួយនេះ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកស្រី ម៉ែន នារីសោភ័គ បានលើកយកនូវប្រសាសន៍ផ្ដាំផ្ញើរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានសេចក្ដីនឹករលឹក អាណិត ស្រឡាញ់ និងគិតគូរជានិច្ចមិនដែលភ្លេចឡើយ ចំពោះកុមារគ្រប់រូបដែលជួបនូវការលំបាក និងជំរុញលើកទឹកចិត្ដ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ កុំផ្ដេកផ្ដួល នោះជីវិតនោះទទួលបានជោគជ័យ។

លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងបន្ដទៀតថា ដោយបច្ចុប្បន្ននេះ នៅលើពិភពលោក រួមទាំងកម្ពុជាយើង កំពុងយាយីដោយជំងឺកូវីដ-១៩ កាកបាទក្រហមកម្ពុជា គឺបានគិតគូរពីការចែករំលែកនូវក្ដី អាណិត ស្រលាញ់ និងការយកចិត្ដទុក្ខដាក់ទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុតជួបប្រទះនឹងការលំបាក នៅតាមអង្គការមួយចំនួន តាមរយៈចុះស្វែងយល់ និងផ្ដល់អំណោយសម្រាលដល់ការលំបាកក្នុងជីវភាពរស់នៅជាប្រចាំថ្ងៃ។

លើសពីនោះ ក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជា កាកបាទក្រហមកកម្ពុជា ក៏បានចូលរួមចំណែក ក្នុងការបើកឱកាសឱ្យកុមារកំព្រារនានាទោះនៅជាមួយបងប្អូន ឬនៅតាមមណ្ឌលនានាក៏ដោយ ក៏ទទួលបាននូវការផ្គត់ផ្គង់ ឧបត្ថម្ភសម្រាលការលំបាក ជាពិសេសទទួលបានសិទ្ធិពេញលេញក្នុងការរស់រានមានជីវិត សិទ្ធិទទួលបានការសិក្សាអប់រំ សិទ្ធិការពារ និងសិទ្ធិក្នុងការចូលរួមក្នុងការងារសង្គម។

លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងបញ្ជាក់ថា «ទន្ទឹមនឹងនេះដែរ ការជួយអ្វីដែលមិនអាចមើលឃើញជារូបភាព ក្រៅពីសង់សាលារៀន អគារ ថវិកា និងសម្ភារផ្សេងៗនោះ គឺកាកបាទក្រហមកម្ពុជា តែងតែចុះមកសំណេះសំណាលសួរសុខទុក្ខ បង្កាញពីសេចក្ដីអាណិត ស្រលាញ់ យកចិត្ដទុក្ខដាក់ មិនទុកកុមារកំព្រាចោលដោយមិនបានគិតគូនោះទេ ថែមទាំងលើកទឹកចិត្ដដល់ពួកគាត់ថែមទៀត ដែលនេះជាភាពកក់ក្ដៅមួយយើងតែងតែផ្ដល់ជូនពួកគាត់កន្លងមកនេះ»។

ជាមួយគ្នានេះ រាល់ការចុះសំណេះសំណាលនេះ កាកបាទក្រហមកម្ពុជា តែងតែពាំនាំនូវនូវសារអប់រំសុខភាព ពីការរស់នៅប្រចាំថ្ងៃ ដែលត្រូវប្រកាន់ខ្ជាប់នូវអនាម័យ និងផ្ដល់ដំបូន្មានត្រូវជាធ្វើជាកូនល្អ សិស្សល្អ គោរពចាស់ទុំព្រឹទ្ធិចារ្យ និងអប់រំពួកគាត់ ឱ្យចៀសវាងអំពើអសីលធម៌ជាដើម។ ស្របនឹងបច្ចុប្បន្ននេះ ក៏បានផ្សព្វផ្សាយពីការរាលត្បាលយ៉ាងសាហាវពីជំងឺកូវីដ-១៩ នៅលើសកលលោក និងអំពាវនាវដល់ពលរដ្ឋគ្រប់មជ្ឈដ្ឋានបន្ដគោរព និងអនុវត្ដឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារទប់ស្កាត់ជំងឺកូវីដ និងការផ្ទុះឡើងនូវជំងឺឈីកជាថ្មីនេះផងដែរ។

ទន្ទឹមនឹងនោះដែរ លោកស្រី នួន ភីមាន ស្ថាបនិកអង្គការ បានថ្លែងថា «ក្នុងនាមបុគ្គលិក លោកគ្រូ អ្នកគ្រូ កុមារកំព្រា កុមារក្រីក្រទាំងអស់ជិត១,៥០០នាក់ និងក្នុងនាមខ្ញុំផ្ទាល់ជាស្ថានិក នៃអង្គការលើកស្ទួយប្រជាពលរដ្ឋ សូមសម្ដែងនូវមនោសញ្ចេតនារំភើបសប្បាយរីករាយឥតឧបមា ចំពោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចាត់លោកស្រី ម៉ែន នារីសោភ័គ ជាតំណាង ដើម្បីចុះសួរសុខទុក្ខ ដោយនាំយកមកជាមួយនូវអំណោយឧបត្ថម្ភជាច្រើន ដែលនេះបានបង្ហាញពីការយកចិត្ដទុកដាក់ សណ្ដោសប្រណី ចំពោះកុមារកំព្រា និងក្រីក្រគ្រប់ៗរូប។

លោកស្រីថ្លែងបន្ដថា ចាប់តាំងពីអង្គការបង្កើតឡើងក្នុងឆ្នាំ២០០២មក សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានជួយឧបត្ថម្ភគាំទ្រជាហូរហែរជាច្រើនដូចជា៖ ឡានក្រុង៤៥កៅអីចំនួន១គ្រឿង, ឡានវែនចំនួន១គ្រឿង សម្រាប់ជាមធ្យោបាយធ្វើដំណើរដល់កុមារក្រីក្ររៀននៅអង្គការ, ថវិកាសាងសង់អាគារសិស្សា១ជាន់ តម្លៃ៥ម៉ឺនដុល្លារ, តុ កៅអី សរុបថវិកា ជិត២ម៉ឺនដុល្លារ, គ្រឿងឧបភោគបរិភោគ និងសម្ភារនានាជាច្រើនទៀត រួមទាំងថវិកាផងដែរ។

ជាក់ស្ដែងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ក៏បាននាំយកនូវអំណោយផ្តល់ជូន អង្គការលើកស្ទួយប្រជាពលដ្ឋ រួមមាន៖ អង្ករ៥តោន មី៥០កេស ត្រីខ១៥កេស ទឹកត្រី៣៦ដប ទឹកស៊ីអ៊ីវ៣៦ដប ប្រេងឆា៣៦ដប អាល់កុល៦០លីត្រ ម៉ាស១០ប្រអប់ និងថវិកា១០,០០០,០០០រៀល៕