(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ បានព្រមានត្រង់ៗ ក្នុងការដកតំណែងរបស់ប្រធានផ្សារដើមគរ និងប្រធានបេនឡានផ្សារដើមគរ ខណៈដែលមានប្រជាពលរដ្ឋ និងអាជីវកររាយការណ៍ថា បេនឡានផ្សារដើមគរ បង្កភាពអនាធិបតេយ្យ មិនមានសណ្តាប់ធ្នាប់ និងបានបិទច្រកចេញ ចូលទៅក្នុងផ្សារ បង្កឲ្យមានការថ្នាំងថ្នាក់ ពីសំណាក់ពីបងប្អូនប្រជាពលរដ្ឋ និងអាជីវករយ៉ាងខ្លាំង។

ការព្រមាននេះធ្វើឡើងក្នុងឱកាសលោកអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសថ្មើរជើងស្តុបផ្សារដើមគរ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួល ក្នុងការឆ្លងថ្នល់ មិនប្រឈមគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

លោក ឃួង ស្រេង បានលើកឡើងថា ប្រធានបេនឡានផ្សារដើមគរ ត្រូវសណ្ដាប់ធ្នាប់របៀបរៀបរយឲ្យបានល្អ ជៀសវាងការថ្នាំងថ្នាក់ ពីសំណាក់ប្រជាពលរដ្ឋ និងអាជីវករ ដូច្នេះទេប្រធានផ្សារ និងអ្នកគ្រប់គ្រងបេនឡានផ្សារដើមគរ ត្រូវរួមគ្នាដើម្បីរៀបចំសណ្ដាប់ធ្នាប់ នៅក្នុងពេលនេះ ឲ្យបានល្អសំខាន់ត្រូវ ឲ្យមានច្រកចេញចូលទៅក្នុងផ្សារឲ្យបានស្រួល។ បើមិនដូច្នោះទេ អ្នកទាំងពីរប្រឈមនឹងការដកតួនាទីចេញពីការងារនេះហើយ។

គួរបញ្ជាក់ផងដែរថា មុននៃការចាប់ផ្ដើមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវស្ពានអាកាសថ្មើរជើងខាងលើនេះ លោក ឃួង ស្រេង អញ្ជើញចុះជួបសំណេះសំណាល ជាមួយបងប្អូនអាជីវករនៅក្នុងផ្សារដើមគរ ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារ ស្នើសុំ និងសំណូមពរឲ្យលោកអភិបាលរាជធានីភ្នំពេញ ជួយអន្តរាគមន៍បើកច្រកផ្លូវចេញចូលផ្សារ ខណៈដែលបេនឡានបានយកឡានមកចតបាំងផ្លូវមិនអាចឲ្យប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ចេញចូលបាន។

ផ្ដើមចេញពីបញ្ហានេះ ទើបលោកអភិបាលរាជធានីភ្នំពេញ ធ្វើការព្រមានដកប្រធានផ្សារ និងអ្នកម៉ៅការបេនផ្សារដើមគរ ដោយលោកបញ្ជាក់ថា បើធ្វើការងារមិនត្រូវគ្នាទេ បើដក គឺដកទាំងពីរនាក់តែម្តង។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសថ្មើរជើងស្តុបផ្សារដើមគរ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ លោក ឃួង ស្រេង បានបញ្ជាក់ថា ការដាក់ឲ្យដំណើរការស្ពានអាកាសថ្មើរជើងថ្មីនេះ គឺជាសមិទ្ធផលមួយក្នុងយុគ្គសម័យ កូវីដ១៩ ដែលជាអំណោយសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។

លោកអភិបាលរាជធានី បានបន្តថា ការសាងសង់ស្ពានអាកាសថ្មើរជើងនេះ និងជួយកាត់បន្ថយហានិភ័យនៃការដើរឆ្លងផ្លូវ កាត់បន្ថយការកស្ទះចរាចរណ៍ សម្រួលលំហូចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ឲ្យកាន់តែស្រស់បំព្រង។

សូមបញ្ជាក់ថា ស្ពានអាកាសថ្មើរជើងផ្សារដើមគរ នៅលើមហាវិថីម៉ៅសេទុងបានបើកការដ្ឋាន កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ដែលម៉ៅការសាង់ដោយក្រុមហ៊ុន Space Media ប្រើប្រាស់រយៈពេលសាងសង់៧ខែ ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សឆ្លងកាត់ដោយថ្មើរជើងទៅមកសាលារៀន និងបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ។ ស្ពានអាកាសផ្សារដើមគរនេះ មានបណ្តោយ២៨ម៉ែត្រ ទទឹង៣.៤ម៉ែត្រ ទទឹងផ្លូវដើរផ្នែកខាងក្នុង២.៨ម៉ែត្រ កម្ពស់៥.៥ម៉ែត្រ៕