(មណ្ឌលគិរី-រតនគិរី)៖ រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២៣ និងទី២៤ ខែកក្កដា ឆ្នាំ២០២០ នៃដំណើរចុះទៅតាម ខេត្តទាំង០៦ ក្នុងភូមិភាគឦសានរួមមាន ខេត្តត្បូងឃ្មុំ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ និងឧត្តរមានជ័យ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងសហការីបានជួបសំណេះសំណាលលើកទឹកចិត្តមន្ត្រីរាជការ ដែលកំពុងបំពេញការងារនៅតាមមន្ទីរមុខងារសាធារណៈទាំងអស់។
នៅរាល់ជំនួបសំណេះសំណាល ដែលមានការចូលរួមពីសំណាក់ប្រធានក្រុមប្រឹក្សាខេត្តនិងអភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការមួយចំនួន លោករដ្ឋមន្ត្រី តែងតែបានលើកឡើងគូសបញ្ជាក់ពីសារសំខាន់នៃមុខនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់គ្រប់ផ្នែក គ្រប់ថ្នាក់ ដើម្បីធានាឱ្យនយោបាយកំណែទម្រង់រដ្ឋបាល សាធារណៈ ត្រូវបានជម្រុញអនុវត្តឱ្យកាន់តែស៊ីជម្រៅ ក្នុងក្របខ័ណ្ឌរដ្ឋបាលដែនដីនៅថ្នាក់ក្រោមជាតិ។
ហេតុនេះ មន្ទីរមុខងារសាធារណៈនៅតាមរាជធានីខេត្តត្រូវខិតខំលើកកម្ពស់និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាសេនាធិការដ៏មានប្រសិទ្ធភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងវិស័យមុខងារសាធារណៈ រួមចំណែកធ្វើជាបង្អែកដ៏រឹងមាំក្នុងការអនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។
ទន្ទឹមនោះ លោករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈក៏បានរំលឹកផងដែរថា ក្នុងកាលៈទេសៈបច្ចុប្បន្នដែលប្រទេសជាតិកំពុងនៅបន្តប្រឈមនឹងវិបត្តិសកលនៃជំងឺកូវីដ១៩ ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរខាងសេដ្ឋកិច្ចសង្គម រដ្ឋបាលខេត្ត អាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ពិសេសមន្ទីរមុខងារសាធារណៈត្រូវធ្វើគំរូក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមរយៈការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពក្នុងស្មារតីសន្សំសំចៃខ្ពស់ ចៀសវាងដាច់ខាតបាតុភាព ធូរលុង ខ្ជះខ្ជាយថវិកា និងធនធានរបស់ជាតិ ។
ក្នុងស្ថានភាពយ៉ាងណាក្តី យើងត្រូវរួមគ្នាពុះពាររាល់ការលំបាក ប្រឹងប្រែងបំពេញការងារឱ្យបានប្រសើរទ្វេដងថែមទៀត ដោយជឿជាក់យ៉ាងមុតមាំថា កម្លាំងសាមគ្គីប្រជាជាតិយើងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ យើងពិតជាឈ្នះកូវីដ១៩ និងជំនះបានរាល់ការលំបាកដែលជាផលប៉ះពាល់នៃវិបត្តិកូវីដ១៩ នាំសង្គមជាតិយើងវិលត្រឡប់ឆាប់រហ័សទៅកាន់ប្រក្រតីភាពជាធម្មតាឡើងវិញ ដើម្បីបុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍ សម្រាប់អានាគតរុងរឿងជារៀងដរាបរបស់មាតុភូមិយើង៕