(កំពង់ធំ)៖ លោក លឹម ប៊ុនហេង និង លោកស្រី កឺ ឆេងវួច ព្រមទាំងបុត្រ និងចៅៗ រស់នៅស្រុកស្ទោង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ បាននាំយកអំណោយមនុស្សធម៌ មួយចំនួន មកចែកជូនបងប្អូនទីទ័លក្រចំនួន៤០គ្រួសារ មកពីភូមិបុសធំ ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ប្រកបដោយសទ្ធាបុណ្យ។
ក្នុងឱកាសនេះ លោក លឹម ប៊ុនហេង បានបញ្ជាក់ថា ថ្វីដ្បិតតែអំណោយពេលនេះ តិចតួចក្តីតែវាពិតជាអាចជួយលើកកម្ពស់ជីវភាពបងប្អូន បានមួយកម្រិត និងទាន់ពេលវេលា និងបង្ហាញពីសាមគ្គីភាព ក៏ដូចជាស្វាមីភក្តិនឹងគ្នា និងដើម្បីជាការតបស្នងគុណ ដល់ម្ចាស់ទាននាពេលនេះ។
លោកបានក្រើនរំលឹក ដល់ប្រជាពលរដ្ឋគ្រប់រូប ឲ្យយកទុកដាក់ចិត្តចំពោះជំងឺកូវីដ-១៩ ព្រោះថាប៉ុន្មានថៃ្ងនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងថ្មីបន្ថែមទៀត ដូច្នេះពុកម៉ែបងប្អូនមិនត្រូវធ្វេសប្រហែសឡើយ ត្រូវតែធ្វើអនាម័យឲ្យបានជាប្រចាំ ដូចជាត្រូវលាងដៃជាមួយនឹងសាប៊ូ ទឹកអាល់កុល ជេលឲ្យបានញឹកញាប់ នៅពេលដែលយើងប៉ះ ឬកាន់នៅរបស់អ្វីមួយព្រមទាំងពាក់ម៉ាស់ ឬក្រម៉ានៅពេលធ្វើដំណើរទៅទីសាធារណៈ ឬទៅផ្សារដើម្បីទប់ស្កាត់ការឆ្លងរោគ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងគោរពតាមការណែនាំ របស់ក្រសួងសុខភិបាលឲ្យបានជាប្រចាំ។
បងប្អូនទាំង៤០គ្រួសារ មានទឹកចិត្តរីករាយក្រៃលែង មិនអាចគណនាបាននិងប្រសិទ្ធិពរជ័យ មហាប្រសើរចូរកើតមានដល់លោក លឹម ប៊ុនហេង និងលោកស្រី កឺ ឆេងវួច ព្រមទាំងបុត្រនិងចៅៗកុំបីខានឡើយ ហើយឲ្យលោកកាន់តែរកទទួលទានចម្រើនឡើងៗ។
អំណោយដែលគ្រួសារនីមួយៗទទួលបាននៅពេលនេះ រួមមាន អង្ករ២៥គីឡូក្រាម មីមួយកេះ ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ ទឹកសុទ្ធមួយយួរ អំបិលមួយកញ្ចប់ ប៊ីចេងមួយកញ្ចប់ សារុងមួយ ក្រមារមួយ ខោមួយ និងថវិកាបួនម៉ឺនរៀល៕