(ភ្នំពេញ)៖ លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញការអរគុណដល់រដ្ឋាភិបាលឥណ្ឌា ដែលតែងតែជួយដល់ គ.ជ.ប។ ជាពិសេសការជួយបណ្តុះបណ្តាលមន្ត្រី គ.ជ.ប ដើម្បីពង្រឹងសមត្ថភាពក្នុងការបម្រើដល់ស្ថាប័នរៀបចំការបោះឆ្នោតមួយនេះ។
ការថ្លែងអំណរគុណរបស់លោក ឌឹម សុវណ្ណារុំ បានធ្វើឡើងក្នុងពេលរូបលោកទទួលស្វាគមន៍លោកស្រី ម៉ានីកា ចេន (H.E. Ms.Manika Jain) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ដែលបានអញ្ជើញចូលរួមធ្វើ «យោហ្គា (Yoga)» ជាមួយមន្ត្រី គ.ជ.ប កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ។
ក្នុងកិច្ចស្វាគមន៍វត្តមានលោកស្រី ម៉ានីកា ចេន មុននឹងចាប់ផ្តើមធ្វើយោហ្គានោះ លោក ឌឹម សុវណ្ណារុំ បានគូសបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌា តែងតែផ្តល់កិច្ចសហការជិតស្និទជាមួយ គ.ជ.ប ដែលបង្ហាញឱ្យឃើញពីកិច្ចសហការល្អរវាងប្រទេសជាតិទាំង២។ ជាមួយគ្នានេះ គ.ជ.ប ក៏តែងតែទទួលបានកិច្ចសហការយ៉ាងល្អជាមួយ គ.ជ.ប ឥណ្ឌា ផងដែរ។
អ្នកនាំពាក្យរូបនេះ បានរំលឹកថា រដ្ឋាភិបាលឥណ្ឌាបានផ្តល់អាហារូបករណ៍ដល់មន្ត្រី គ.ជ.ប កម្ពុជា ប្រមាណ ៣១រូប ចូលរួមវគ្គបណ្ដុះបណ្ដាលទាក់ទងការបោះឆ្នោត នៅប្រទេសឥណ្ឋាគិតចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០។ កាលពីខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ ក៏ជាលើកដំបូងសម្រាប់ គ.ជ.ប កម្ពុជា ដែលទទួលបានវគ្គបណ្ដុះបណ្ដាលពិសេសស្ដីពីការគ្រប់គ្រងការបោះឆ្នោត សម្រាប់ប្រតិភូ គ.ជ.ប ចំនួន ២២រូប ពីរដ្ឋាភិបាលឥណ្ឌាតាមរយៈស្ថានទូតឥណ្ឌាប្រចាំកម្ពុជា។
លោក ឌឹម សុវណ្ណារុំ បានសង្កត់ធ្ងន់ថា តាមរយៈទំនាក់ទំនងល្អនេះ បានឈានដល់លទ្ធផលផ្លែផ្កាមួយ គឺការផ្តួចផ្តើមឱ្យមានអនុស្សរណៈយោគយល់គ្នារវាង គ.ជ.ប កម្ពុជា និងឥណ្ឌា ដែលពុំធ្លាប់មានពីមុនមក។ លើពីនោះទៀត នៅចុងខែមិថុនា ឆ្នាំ២០២០នេះ គ.ជ.ប កម្ពុជា ក៏បានធ្វើទំនាក់ទំនងជាមួយ គ.ជ.ប ឥណ្ឌា ដោយឯកភាពលើខ្លឹមសារនៃ សេចក្ដីព្រាងអនុស្សរណៈនេះទាំងស្រុង ព្រមទាំងបានត្រៀមខ្លួនជាស្រេចសម្រាប់ការចុះហត្ថលេខាលើ អនុស្សរណៈនេះ ជាមួយ គ.ជ.ប ឥណ្ឌា នៅក្នុងពេលវេលាមួយសមសម្របសម្រាប់ស្ថាប័នទាំង២។
តាងនាមឱ្យ គ.ជ.ប លោក ឌឹម សុវណ្ណារុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលឥណ្ឌា ក៏ដូចជាស្ថានទូតឥណ្ឌា ចំពោះកិច្ចសហការល្អមកទល់ពេលនេះ។ គ.ជ.ប នឹងបន្តស្វាគមន៍នូវរាល់កិច្ចសហការនានាជាមួយរដ្ឋាភិបាលឥណ្ឌា ដើម្បីជាប្រយោជន៍ដល់ប្រជាជាតិទាំង២ផងដែរ៕