(កំពង់ធំ)៖ នៅក្នុងពិធីប្រកាស តែងតាំងថ្នាក់ដឹកនាំសាខាសមាគក្រុមប្រឹក្សា ថ្នាក់មូលដ្ឋានប្រចាំស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ លោក គៀង សេងគី ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ប្រចាំខេត្តកំពង់ធំ បានជំរុញឱ្យក្រុមប្រឹក្សា ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ទើបការងារអាចរីកចម្រើនទៅបាន។

គោលបំណងនៃការបង្កើតសាខាសមាគមនេះ គឺមានតួនាទីភារកិច្ចក្នុងការសម្របសម្រួលកិច្ចការផ្សេងៗ ដល់ក្រុមប្រឹក្សាឃុំ/ សង្កាត់ និងស្វែងរកបញ្ហាប្រឈមនានា ដើម្បីឱ្យសមាគមក្រុមប្រឹក្សាទាំងអស់ មានសិទ្ធិបញ្ចេញមតិយោបល់ ក្នុងការស្នើសុំទៅថ្នាក់លើជួយដោះស្រាយ និងជាកន្លែងបណ្ដុំព័ត៌មានសម្រាប់ជួយអភិវឌ្ឍសមត្ថភាព ដល់សមាជិកសមាគមក្រុមប្រឹក្សា។

លោក គៀង សេងគី បានលើកឡើងបន្តថាក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ត្រូវមានការសាមគ្គីភាពគ្នាក្នុងការធ្វើការងារ ហើយត្រូវខិតខំសិក្សាស្វែងយល់អំពីច្បាប់លើលិខិត បទដ្ឋានគតិយុត្តនានា កុំឱ្យពេលមានបញ្ហាបែរជាឆ្លើយដាក់គ្នាទៅវិញទៅមក ដោយមិនមានការទទួលខុសត្រូវនោះឡើយ ហើយត្រូវចូលរួមរាល់សកម្មភាពរបស់សមាគម ចូលរួមអភិវឌ្ឍន៍សមត្ថភាព ដោយផ្លាស់ប្ដូរឥរិយាបថមិនល្អចោល ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា តាមតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ។

លោកបានសំណូមពរដល់ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុក ត្រូវចូលរួមបង់ប្រាក់វិភាគដល់សមាជិកភាព ដើម្បីផ្គត់ផ្គង់ទៅដល់ក្រុមប្រឹក្សាវិញ ចូលរួមលើកកម្ពស់ក្រុមការងារ ងាយរងគ្រោះនៅតាមបណ្ដាក្រុងស្រុក ចូលរួមសំអាតបរិស្ថាននៅតាមដងផ្លូវ និងចូលរួមដាំដើមឈើ ដើម្បីលម្អសោភ័ណភាពក្រុង ស្រុក ទប់ស្កាត់ការបម្រែបម្រួល អាកាសធាតុ ជួយរៀបចំបំភ្លឺផ្លូវទីសាធារណៈត្រូវបង្កើនការយកចិត្តទុកដាក់ ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា តាមតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែលលោកបានអំពាវនាវ ដល់អស់លោក លោកស្រី ដែលជាក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំចូលរួមទប់ស្កាត់ ចំពោះបញ្ហាជំងឺកូវីដ១៩ ដែលកំពុងរាតត្បាត នៅលើសកលលោកក៏ដូចជាប្រទេសកម្ពុជា។ ដូច្នេះមិនត្រូវមើលរំលងបានទេ ចំពោះបញ្ហានេះ គឺសូមឱ្យបងប្អូនដែលជាក្រុមប្រឹក្សា ចូលរួមផ្សព្វផ្សាយដល់បងប្អូន ប្រជាពលរដ្ឋដែលនៅជិតមូលដ្ឋាន របស់ខ្លួនឱ្យចូលរួមការពារ និងទប់ស្កាត់កុំឱ្យជំងឺនេះមានការកើតឡើងនៅក្នុងសហគមន៍របស់ខ្លួនឡើយ ព្រមទាំងចូលរួមអនុវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានទាំងអស់គ្នា៕