(ភ្នំពេញ)៖ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញថា ការធ្វើពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន វាមិនត្រឹមតែជាកិច្ចសហប្រតិបត្តិការលើផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ តែក៏ជាឱកាសមួយឱ្យចិនបង្ហាញភាពជាគំរូក្នុងការធ្វើពាណិជ្ជកម្មទៅកាន់បណ្តាប្រទេសនានាលើពិភពលោកផងដែរ។
លោកបណ្ឌិត សុខ ទូច បានគូសបញ្ជាក់បែបនេះនៅក្នុងវេទិកាតុមូលស្តីពីសារប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅរាជបណ្ឌិត្យសភាកម្ពុជា។
លោក សុខ ទូច បានលើកឡើងថា ការពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន គឺជាការជួយគាំទ្រគ្នាទៅវិញទៅមកលើផ្នែកពាណិជ្ជកម្ម មិនមែនជាការជួយរបស់ភាគីណាទៅលើភាគីណានោះទេ។ បន្ថែមពីលើនោះ លោកមើលឃើញទៀតថា ការធ្វើពាណិជ្ជកម្មសេរីនេះ ក៏ជាឱកាសមួយសម្រាប់ចិនក្នុងការបង្ហាញនូវភាពគំរូមួយក្នុងការធ្វើពាណិជ្ជកម្មជាមួយប្រទេសជាមិត្តផងដែរ។
លោក សុខ ទូច បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ពាណិជ្ជកម្មសេរីគេអត់និយាយរឿងជួយទេ គេនិយាយរឿងចំណេញ។ ប៉ុន្តែជួយទៅជួយមក ចំណេញទៅចំណេញមក។ ចិន ក៏បានជាគំរូ បើធ្វើជាមួយកម្ពុជាជោគជ័យ ចិនទៅធ្វើពាណិជ្ជកម្មសេរីជាមួយប្រទេសណា ក៏គេចាប់ដៃ។ ប៉ុន្តែបើកកម្ពុជាមួយបរាជ័យ គេយកអាហ្នឹងទៅវាយរន្ធើនតែម្តង»។
លោក សុខ ទូច បានមើលឃើញផងដែរថា ការឈានដល់ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ក៏ជាបង្ហាញឱ្យឃើញពីភាពខ្លាំងរបស់កម្ពុជាលើទំនាក់ទំនង និងការធ្វើពិពិធកម្មពាណិជ្ជកម្មផងដែរ។
សូមបញ្ជាក់ថា តាមរយៈជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក លី ខឺជាំង នាយករដ្ឋមន្ត្រីចិន កាលពីខែមករា ឆ្នាំ២០១៩ នៅរដ្ឋធានីប៉េកាំង បានសម្រេចឱ្យមានការសិក្សាពីលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដើម្បីពង្រីកការធ្វើពាណិជ្ជកម្មវិនិយោគ សេវា និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាងមុន សំដៅសម្រេចឱ្យបានគោលដៅពាណិជ្ជកម្មសរុប ១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣ តាមការកំណត់។
បន្ទាប់ពីមានការផ្តួចផ្តើមនេះ ក្រុមការងារចរចាដឹកនាំដោយក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរបានចាប់ផ្តើមឡើងនៅខែមករា ឆ្នាំ២០២០។ កិច្ចចរចានេះបានធ្វើឡើងជាបន្តបន្ទាប់ចំនួន៣លើក។ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និង លោក ចុង ស្សាន (Zhong Shan) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន បានប្រកាសបិទបញ្ចប់ការចរចាបង្កើតកិច្ចព្រមព្រៀងនេះកាលពីថ្ងៃទី២០ ខែកក្កដា កន្លងទៅនេះ។
កិច្ចព្រមព្រៀងត្រូវបានប្រគល់ទៅរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីពិនិត្យលទ្ធភាពរកពេលវេលាសមគួរឈានទៅចុះហត្ថលេខាជាផ្លូវការ។ តាមការគ្រោងកិច្ចព្រមព្រៀងនេះត្រូវបានរំពឹងថា ចុះហត្ថលេខានៅចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១។ បើឈានដល់ការចុះកិច្ចព្រមព្រៀងជាផ្លូវការ នេះជាការធ្វើពាណិជ្ជសេរីទ្វេភាគីជាលើកដំបូងហើយសម្រាប់កម្ពុជា។
លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចាលើការធ្វើពាណិជ្ជកម្មសេរីនេះ បានឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន នឹងបើកឱកាសកាន់តែធំសម្រាប់កម្ពុជាក្នុងការនាំចូលផលិតផលកសិផល និងកសិផលកែច្នៃចូលទៅប្រទេសចិន ដោយមិនជាប់ពន្ធនោះឡើយ។ បើតាមលោក សុខ សុភ័ក្ត្រ ក្នុងមុខទំនិញរបស់កម្ពុជាប្រមាណ ៣៤០មុខ មានប្រមាណ ៩៥ភាគរយ នឹងលែងជាប់ពន្ធក្រោយកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា។ ដោយឡែកមុខទំនិញប្រមាណជា ៥ភាគរយទៀត នឹងត្រូវលែងជាប់ពន្ធដែរក្នុងរយៈពេល១០ឆ្នាំខាងមុខ។
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន កាលពីឆ្នាំ២០១៩ មានជាង ៨ពាន់លានដុល្លារអាមេរិក។ ក្នុងនោះកម្ពុជានាំចេញទៅចិន បានជាង ១ពាន់លានដុល្លារ ហើយចិននាំចូលមកកម្ពុជាមានជាង ៧ពាន់លានដុល្លារអាមេរិក។
លោក សុខ សុភ័ក្ដ្រ បានថ្លែងថា ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ចូលជាធរមាន ការនាំទំនិញចេញរបស់កម្ពុជាទៅកាន់ប្រទេសចិន នឹងកើនឡើងប្រមាណ ២៥ភាគរយបន្ថែមទៀត។
លោក សុខ សុភ័ក្ត្រ បានឱ្យដឹងផងដែរថា ទំនិញដែលកម្ពុជា បានព្រមព្រៀងឱ្យចិននាំចូលដោយរួចពន្ធនោះភាគច្រើនជាប្រភេទផលិតផលរ៉ែ ផលិតគីមីសម្រាប់ឧស្សាហកម្ម និងផលិតផលជាប្លាស្ទីក ដែលគេយកមកសម្រាប់ផ្គុំធ្វើផលិតផលផ្សេងៗ។ បើតាមលោក សុខ សុភ័ក្ត្រ ការអនុគ្រោះពន្ធសម្រាប់ទំនិញទាំងនេះ គឺជាការជួយគាំទ្រដល់ច្រវ៉ាក់ផលិតកម្មនៅកម្ពុជា៕