(មណ្ឌលគិរី)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ បានណែនាំឲ្យមន្ដ្រីជំនាញរដ្ឋបាលជលផល ខេត្ដមណ្ឌលគិរី បង្កើនសកម្មភាពចុះចែកកូនត្រី កូនកង្កែប និងតង់ចិញ្ចឹមដល់ប្រជាពលរដ្ឋ ដែលចង់ពង្រីកអាជីវកម្ម។

ការណែនាំនេះ ក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនប្រជាកសិករ និងចែកកូនកង្កែប កូនត្រីអណ្តែង តង់ចិញ្ចឹមត្រី-ចិញ្ចឹមកង្កែប និងចំណីត្រី ជូនបងប្អូនវារីវប្បករចំនួន៥០គ្រួសារ ដោយគ្រួសារនីមួយៗ បានទទួលកូនកង្កែបចំនួន៤០០ក្បាល និងកូនត្រីអណ្តែងចំនួន៧០០ក្បាល នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ។

ក្នុងពិធីនេះ ក៏មានការចូលរួម អមដំណើរជាមួយពី លោក អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម, លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល, លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត, លោក ឈឹម កាន អភិបាលរងខេត្ត និងសហការីជាច្រើនរូប។

ជាមួយគ្នានោះ លោករដ្ឋមន្ដ្រី វេង សាខុន ក៏បានលើកទឹកចិត្តដល់ក្មួយស្រី កន សុខណុច ជានិស្សិតឆ្នាំទី៣ នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដែលជាវារីវប្បករឈានមុខគេ ក្នុងការចិញ្ចឹមកង្កែប ក្នុងតំបន់ភូមិអូយ៉េះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ខាងលើនេះផងដែរ។

លោករដ្ឋមន្ត្រី វេង សាខុន បានណែនាំយ៉ាងដូច្នេះថា មន្រ្តីជំនាញរដ្ឋបាលជលផល ត្រូវបន្តចុះជួយផ្សព្វផ្សាយ បណ្តុះបណ្តាលបន្ថែម លើការងារបច្ចេកទេសចិញ្ចឹម បង្កាត់ ភ្ញាស់កូន វិធីលាយ ផ្សំចំណី និងការថែទាំ។

លើសពីនោះទៀត លោករដ្ឋមន្ដ្រី បានបន្ថែមថា ត្រូវបង្កើនសកម្មភាពចុះចែកកូនត្រី កូនកង្កែប និងតង់ចិញ្ចឹម ដល់គ្រួសារ ដែលចង់ពង្រីកអាជីវកម្មបន្ថែម និងអ្នកដែល ចង់ចាប់ផ្តើមចិញ្ចឹម និងជាពិសេសប្រើប្រាស់ថវិកា ដែលជាជំនួយឧបត្ថម្ភ របស់សម្តេចតេជោឲ្យមានតម្លាភាព និងប្រសិទ្ធភាពបំផុត។

ទន្ទឹមនេះ លោករដ្ឋមន្ត្រី វេង សាខុន ក៏បានស្នើសុំឲ្យបងប្អូនស្រុកកោះញែក ខេត្តមណ្ឌលគិរី ចូលរួមថែរក្សាសន្តិភាពឲ្យបានគង់វង្ស មានសន្តិភាព ទើបមានការអភិវឌ្ឍ «អរគុណសន្តិភាព»។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី វេង សាខុន ក៏បានជម្រាបជូនបងប្អូន អំពីបច្ចប្បន្នភាពនៃស្ថានភាពសេដ្ឋកិច្ចជាតិ អន្តរជាតិ និងជាពិសេសស្ថានភាព នៃជំងឺឆ្លងកូវីដ-១៩ ដែលពិភពលោក ក៏ដូចជាកម្ពុជា បាននិងកំពុងជួបប្រទះផងដែរ៕