(ស្ទឹងត្រែង)៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងខណ្ឌរដ្ឋបាលជលផល សហការជាមួយឆ្នាំទន្លេ ចុះឃាត់ខ្លួន កំពុងធ្វើសកម្មភាពឆក់ត្រីខុសច្បាប់។ ជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួននៅចំណុចបឹងយ៉ក (ដងទន្លេសេកុង) ស្ថិតក្នុងភូមិស្ដៅ ឃុំស្ដៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង នាវេលាម៉ោង០៥៖៣០នាទីល្ងាច ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។
លោក វង្ស សាវឿន នាយរងរដ្ឋបាលជលផល ខេត្តស្ទឹងត្រែង បានឲ្យដឹងថា ជនសង្ស័យឆក់ត្រីខុសច្បាប់ទាំងពីរនាក់ ១៖ ឈ្មោះ ពុន រស្មី (ហៅអាម៉ី) ភេទប្រុស អាយុ២៥ឆ្នាំ, និង២៖ ឈ្មោះ ពុន មិនប៉ាក់ ភេទប្រុស អាយុ២៥ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិថ្មី សង្កាត់សាមគ្គី ក្រុង-ខេត្តស្ទឹងត្រែង។
លោកនាយរងខណ្ឌ បានបន្តទៀតថា ជនសង្ស័យទាំង២នាក់នេះ បានធ្វើសកម្មភាពប្រើឧបករណ៍នេសាទឆក់ខុសច្បាប់ នៅចំនុចខាងលើ ហើយក៏ត្រូវបាន កម្លាំងសហការ ធ្វើការចុះបង្ក្រាប និងឃាត់ខ្លួនដកហូតបានឧបករណ៍ខុសច្បាប់ មានដូចជា៖ អាគុយ១២វ៉ុលចំនួនពីរ ក្បាលឆក់ក្តៅ១២គ្រាប់ ខ្សែកាបមួយខ្សែ ថ្នងដងត្រីពីរ ទូកមួយគ្រឿងប្រវែង៧ម៉ែត្រ ម៉ាស៊ីនទូកមួយគ្រឿងកម្លាំង៦សេះ និងត្រីចំរុះចំនួន៥គីឡូ និងបាននាំខ្លួនជនសង្ស័យ មកកាន់ស្នាក់ការជលផល ធ្វើការសាសួរ។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង និងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕