(រតនគិរី)៖ នាយខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី លោក កែប កត់ បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ថា ក្នុងនាមលោកជាប្រធានអង្គភាព គ្មានការកិបកេងលុយអប្បហារមន្ត្រីថ្នាក់ក្រោមនោះទេ ពោលមានតែការលើកទឹកចិត្តមន្ត្រីសកម្មការងារថែមទៀត។
លោកថា រាល់ថ្ងៃមានមន្ត្រីមួយចំនួនអសកម្មគ្មានមុខកន្លែងការងារច្រើននៅហាងកាហ្វេ, ហាងគុយទាវ មិនគោរពវិន័យមន្ត្រីរាជការ និងមន្ត្រីមួយចំនួនទៀតធ្វើការគ្មានគោរពឋានុក្រម, មិនគោរពមេកើយត្រូវបានថ្នាក់លើដកឲ្យមកបម្រើការងារនៅក្រសួងកសិកម្ម។
នាយខណ្ឌរដ្ឋបាលព្រៃឈើរូបនេះ បញ្ជាក់ឲ្យដឹងទៀតថា មួយរយៈកន្លងមកនេះ មានអង្គភាពព័ត៌មាន និងបណ្តាញសង្គម ធ្វើការផ្សាយថា រូបលោកកិបកេងលុយអប្បហារ ដែលបានមកពីការដេញថ្លៃឈើ ដែលអង្គភាពទទួលបានភាគរយសម្រាប់ចែកជូនមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី។
នាយខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី បញ្ជាក់ឲ្យដឹងទៀតថា រាល់ការដកលុយពីក្រសួង គឺមានគណនេយ្យអង្គភាពជាអ្នកដកប្រាក់មានឯកសារត្រឹមត្រូវ ច្នេះគ្មានអ្នកណាកិបកេងបានទេ។
ជាមួយគ្នានោះដែរ មន្ត្រីសកម្មការងារ ត្រូវបានអង្គភាពផ្តល់ការលើកទឹកចិត្តពោល គឺពួកគេបានចំណែកច្រើនជាងមន្ត្រីអសកម្មមួយចំនួនអត់ចូលកន្លែងធ្វើការងារ គឺអង្គុយច្រណែនមើលកំហុសអ្នកដទៃ៕