(ភ្នំពេញ)៖ ដើម្បីលើកស្ទួយកម្រិតសមត្ថភាពបន្ថែមដល់ថ្នាក់ដឹកនាំស្ថាប័ន អង្គភាពចំណុះក្រសួងការពារជាតិ ក្នុងការចូលរួមអនុវត្តការងារ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងការកែទម្រង់ក្នុងកងយោធពលខេមរភូមិន្ទ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ បានរៀបចំផ្សព្វផ្សាយខ្លឹមសារការងារអប់រំចិត្តសាស្ត្រ ស្តីពី ការអភិវឌ្ឍភាពជាអ្នកដឹកនាំ។
ពិធីនេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ អគ្គលេខាធិការរង ក្រសួងការពារជាតិ ព្រមទាំងមានវត្តមានចូលរួមពីសំណាក់នាយទាហានជាន់ខ្ពស់កម្រិតថ្នាក់នាយក នាយករងជាច្រើនរូបមកពីស្ថាប័ន អង្គភាពចំណុះក្រសួងការពារជាតិ ដែលជាគណៈអធិបតីនិងជាសិក្ខាកាម។
ស្ថិតនៅក្នុងឱកាសនោះដែរ ខ្លឹមសារដំបូងមុននឹងចាប់ផ្តើមកម្មវិធី លោកឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ បានលើកយកពាក្យ ៣ប្រយោគ គឺ អគុណសន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក អគ្គមគ្គុទេសក៏ និងប្រតិបត្តិការនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!។
លោកឧត្តមសេនីយ៍ឯក បានថ្លែងថា ការរៀបចំពិធីផ្សព្វផ្សាយខ្លឹមសារការងារអប់រំចិត្តសាស្ត្រនេះ គឺដើម្បីធ្វើយ៉ាងឱ្យនាយទាហានដែលស្ថិតក្នុងកម្រិតជាថ្នាក់ដឹកនាំនៅតាមនាយកដ្ឋានចំណុះក្រសួងការពារជាតិ មានសមត្ថភាពកាន់តែប្រសើរឡើងបន្ថែមទៀត ក្នុងការដឹកនាំនាំអង្គភាពរបស់ខ្លួនឱ្យកាន់តែរីកចម្រើន ឱ្យស័ក្តិសមជាកម្លាំងឆ្អឹងខ្នងរបស់ប្រទេសជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមត្ថភាពការពារជាតិ។
លោកឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ បានបន្តថា ក្នុងនាមជាកងទ័ព ត្រូវតែមានសមត្ថភាព មានវិន័យថ្លៃថ្នូរ និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីទប់ស្កាត់នូវសង្រ្គាម និងទប់ស្កាត់នូវបដិវត្តន៍ពណ៌ គ្រប់ប្រភេទឱ្យខានតែបាន។ ពិសេស កងទ័ព គឺជាកម្លាំងស្នូលដ៏សំខាន់របស់ជាតិ។ ដូច្នេះត្រូវតែមានសាមគ្គីភាពរឹងមាំ មានភក្តីភាព មានមនសិការ អាកប្បកិរិយាល្អ និងសកម្មភាពក្នុងការងារ។ ត្រូវខិតខំបង្កើនសមត្ថភាពខ្លួនតាមគ្រប់លទ្ធភាព ស្វះស្វែងរកចំណេះដឹង និងប្រើចំណេះដឹងដើម្បីប្រយោជន៍ជាតិ ប្រយោជន៍អង្គភាព ប៉ុន្តែត្រូវឃ្លាតឆ្ងាយពីប្រយោជន៍បុគ្គល។
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិរូបនេះ បានបន្ថែមថា ក្នុងនាមជាមន្ត្រីជាថ្នាក់ដឹកនាំនៅតាមស្ថាប័ន អង្គភាពនានា ត្រូវតែខិតខំសិក្សាក្រេបយកចំណេះដឹងនានាជាប្រចាំ ដើម្បីឱ្យស័ក្តិសមជានាយទាហានគំរូ ជាថ្នាក់ដឹកនាំល្អ ដែលប្រកបដោយគុណភាព និងត្រូវបានមន្ត្រីក្រោមឱវាទស្រឡាញ់គាំទ្រ។ ដូច្នេះការងារអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ គឺជាតម្រូវការចាំបាច់ របស់កងយោធពលខេមរភូមិន្ទ ក្នុងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព សមត្ថភាព ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងការអភិវឌ្ឍកងទ័ព។ នាយទាហានបន្តវេន ជាកត្តាគន្លឹះសម្រាប់ខឿនការពារជាតិ ការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព និងបរណភាពទឹកដី ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីបង្កលក្ខណៈឱ្យប្រជាជនរស់នៅដោយសុខក្សេមក្សាន្ត សុវត្ថិភាព ទាំងក្នុងពេលចំពោះមុខ និងសម្រាប់អនាគតរយៈពេលវែង។
លោកឧត្តមសេនីយ៍ឯក ប៉ែន ផលពិសិដ្ឋ បានបញ្ជាក់ថា ការជំនះការលំបាក ព្យាយាមអត់ធ្មត់ និងលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីប្រយោជន៍រួម គឺជាភាពចាំបាច់បំផុត ក្នុងនាមជាមន្ត្រីនាយទាហាន និងជាថ្នាក់ដឹកនាំមួយរូប។ បន្ថែមពីនេះ ក្នុងនាមជាថ្នាក់ដឹកនាំត្រូវតែមានចក្ខុវិស័យវែងឆ្ងាយ កំណត់គោលដៅច្បាស់លាស់ គឺគោលដៅដែលថ្នាក់ក្រោមអាចសម្រេចបាននិងប្រកបដោយប្រសិទ្ធភាព៕