(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក.) នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ បានដឹកនាំប្រតិភូ គ.ប.ផ.ក. ពិភាក្សាការងារ ជាមួយស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen Binh) ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋបារាំង ប្រចាំកម្ពុជា។
ជំនួបពិភាក្សានេះធ្វើឡើង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការងារប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ-អន់គុណភាព និងផលិតផលក្លែងក្លាយ-ខុសច្បាប់ នៅកម្ពុជា ដែលផលិតផលទាំងនោះ នាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងសុវត្ថិភាពសង្គម និងជាហានិភ័យសម្រាប់ប្រជាពលរដ្ឋ គ្រួសារ សហគមន៍ និងសង្គមជាតិ។
សូមបញ្ជាក់ផងដែរថា គ.ប.ផ.ក. បានបង្ក្រាប និងរឹបអូសឱសថអន់គុណភាព-ខុសច្បាប់ និងផលិតផលក្លែងក្លាយ រាប់រយតោនកន្លងមក និងបានធ្វើពិធីកម្ទេចជាច្រើនលើក ដូចជា៖ ឱសថអន់គុណភាព-ខុសច្បាប់ គ្រឿងឧបភោគបរិភោគ គ្រឿងសម្អាង ចំណីអាហារ ភេសជ្ជ ទឹកអប់ (ម៉ាកល្បីៗ) គ្រឿងប្រើប្រាស់ ផ្សេងៗទៀតដែលក្លែងក្លាយ-ខុសច្បាប់។
នាពេលថ្មីៗទៀតសោត ក្នុងកំទ្បុងពេលកម្ពុជា កំពុងមានករណីជំងឺកូវីដ-១៩ គ.ប.ផ.ក បានធ្វើការបង្ក្រាបជាច្រើនករណីនូវការចរាចរឧបករណ៍បរិក្ខាពេទ្យ និងសារធាតុសម្លាប់មេរោគ ដែលក្លែងក្លាយ-ខុសច្បាប់ដូចជា៖ ម៉ាស់ ឧបករណ៍សម្លាប់មេរោគ អាក់កុល ជែល និងសារធាតុសម្លាប់មេរោគជាច្រើនទៀត ពុំមានការបញ្ជាក់គុណភាព និងការអនុញ្ញាតច្បាប់ពីក្រសួងមានសមត្ថកិច្ចឡើយ៕