(កណ្ដាល)៖ នគរបាលក្រុងតាខ្មៅ បានក្របួចចោរឆក់យ៉ាងសកម្មចំនួន២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ដែលជាមុខសញ្ញាធ្វើសកម្មភាពឆក់ប្រជាពលរដ្ឋយ៉ាងសកម្មនៅទីក្រុងតាខ្មៅ និងរាជធានីភ្នំពេញ។

លោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹង ជាបន្តបន្ទាប់ច្រើនករណីរួចមក នគរបាលក្រុងតាខ្មៅ បានចាត់កម្លាំងសើបការសម្ងាត់តាមឃ្លាំមើល និងតាមដានពីករណីនេះ ហើយក៏ឈានដល់ការចាប់ខ្លួនមនុស្សបាន ២នាក់តែម្ដង ក្នុងចំណោមបក្ខពួក៤នាក់។

លោកបានបន្តថា ជនសង្ស័យទាំង២នាក់ ដែលចាប់ខ្លួនបានមានទី១៖ ឈ្មោះ ចាន់រី សីហា ហៅ សាត រ៉ាវីដ ហៅ វីន ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិកណ្តាល ឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ និងទី២៖ ឈ្មោះ ចៅ ដូមានិ ហៅ ខ្លឹង ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ, មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។ រីឯជនសង្ស័យ២នាក់ទៀត មិនស្គាល់អត្តសញ្ញាណដោយបានគេចខ្លួន។

តាមដំណើររឿងឈានដល់ការចាប់ខ្លួននេះ នគរបាលបានរៀបរាប់ថា កាលពីវេលាកើតហេតុលើកទី១ និងទី២ ជនសង្ស័យ២នាក់ខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាក Honda c125 ពណ៌ក្រហម សេរី២០២០ ផ្លាកលេខ ភ្នំពេញ ១LG-៦៤២០ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ របស់ជនរងគ្រោះដែលទុកនៅផ្វម៉ូតូ ហើយជិះគេចខ្លួនបាត់ទៅ តែពេលនោះជនរងគ្រោះបានថត សកម្មភាពបង្ហោះតាមបណ្តាញសង្គម Facebook។

លុះមកដល់លើកទី៣ ជនសង្ស័យទាំង២នាក់ខាងលើ បានជិះម៉ូតូដដែលតែបានដោះស្លាកលេខចោល ហើយប្តូរស្លាកលេខថ្មី ដោយដាក់ស្លាកលេខ ភ្នំពេញ 1HL-1938 ហើយជិះធ្វើសកម្មភាពជាមួយជនសង្ស័យ ២នាក់ទៀត មិនស្គាល់ឈ្មោះជិះម៉ូតូមិនចាំម៉ាក ដោយជនសង្ស័យ២នាក់ទៀត បានឆក់កាបូបដែលមានទូរស័ព្ទ១គ្រឿងយកទៅបាត់។ ពេលជនរងគ្រោះទី៣បានជិះម៉ូតូដេញតាមមកដល់ស្តុប១១០ ក៏ត្រូវជនសង្ស័យទី១ និងទី២ បានធាក់ម៉ូតូជនរងគ្រោះបណ្តាលឱ្យដួលបោកក្បាលសន្លប់ស្តូកស្តឹងលែងដឹងខ្លួន។ ចំណែកជនសង្ស័យក៏ដួលម៉ូតូដែរ ហើយជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋចាប់បាននៅកន្លែងកើតហេតុ រីឯជនសង្ស័យម្នាក់ទៀត រត់ទៅដល់តារាងបាល់ទាល់ខេត្តកណ្តាល មុខមន្ទីរពន្ធដារ ក៏កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួន និងបញ្ជូនមកអធិការដ្ឋាននគរបាលក្រុង។

ជនរងគ្រោះត្រូវបានឪពុកម្តាយយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យជ័យជំនះ តែជនរងគ្រោះនៅតែមិនដឹងខ្លួនទើបដឹកយកទៅមន្ទីរពេទ្យភ្នំពេញ បាត់ទៅបច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕