(ភ្នំពេញ)៖ នៅវេលាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំបូកសរុបការងារអាជ្ញាធរមីនប្រចាំឆមាសទី១ និងលើកទិសដៅ ឆមាសទី២ ឆ្នាំ២០២០ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិករបស់អាជ្ញាធរមីន។

ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ទេសរដ្ឋមន្ត្រី លី ធុជ បានកោតសរសើរប្រកបដោយការវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកអាជ្ញាធរមីនទាំងអស់ ដែលបានចូលរួមបំពេញការងារសម្រេចតាមផែនការ និងទទួលបានជោគជ័យគួរជាទីមោទនៈ។

លោកទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យគ្រប់នាយកដ្ឋានទាំងអស់ ត្រូវបន្តកិច្ចខិត្តខំប្រឹងប្រែងបន្ថែមទៀត ពង្រឹងការកសាងសមត្ថភាពរបស់ខ្លួននិងត្រួតពិនិត្យឡើងវិញនូវការអនុវត្តសកម្មភាពការងារជាប្រចាំ របស់នាយកដ្ឋាននីមួយៗឲ្យបានចំគោលដៅជាអាទិភាព និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការចូលរួមដឹកនាំ សម្របសម្រប ត្រួតពិនិត្យ និងគ្រប់គ្រងវិស័យសកម្មភាពមីននៅកម្ពុជា។ លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា គ្មានភាពជោគជ័យយូរអង្វែងណាមួយ ដោយពុំមានកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំនោះទេ។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍ណែនាំចំនួន ៦ចំណុច ដល់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីន ដើម្បីពង្រីកភាពជោគជ័យ និងឧត្តមភាពរបស់អាជ្ញាធរមីន រួមមាន៖

*ទី១៖ បន្តមានការប្តេជ្ញាចិត្តខ្ពស់ចំពោះគោលដៅ និងទស្សនវិស័យរួម
*ទី២៖ ប្រកាន់ខ្ជាប់នូវវិន័យ និងវិជ្ជាជីវៈ
*ទី៣៖ លើកកម្ពស់កិច្ចសហការ និងស្មារតីការងារជាក្រុម
*ទី៤៖ ផ្តល់ការគោរពគ្នាទៅវិញទៅមក និងគាំទ្រដល់សមាជិកក្រុម
*ទី៥៖ រក្សាភាពអត់ធ្មត់ បន្តរៀនសូត្រជាប្រចាំ សម្របខ្លួន និងបន្តឆ្ពោះទៅមុខជានិច្ច
*ទី៦៖ ត្រូវបែងចែកឲ្យបានច្បាស់នូវលក្ខណៈសម្បត្តិ នៃភាពជោគជ័យ និងភាពបរាជ័យ៕