(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ អង្គភាពព័ត៌មាន Fresh News ទទួលបាននូវសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូង ខេត្តព្រៃវែង ដែលបានសរសេរថា «គេហទំព័រ Fresh News បានចុះផ្សាយព័ត៌មានដែលមានចំណងជើងថា បញ្ឈរជើងស្នងការរង និងនគរបាលខេត្តព្រៃវែង៧នាក់ រឿងប្រើហឹង្សា និងយកលុយពីជនសង្ស័យប្រើប្រាស់គ្រឿងញៀន ដែលខ្លឹមសារនៃអត្ថបទខាងលើមានភាពបំភ្លៃពីការពិត ដែលជាហេតុធ្វើឲ្យសាធារណៈជនមានការភាន់ច្រឡំ មកលើស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រៃវែង»។
នៅក្នុងន័យនេះអង្គភាពព័ត៌មាន Fresh News សូមធ្វើការបំភ្លឺជូនអយ្យការអមសាលាដំបូងខេត្តព្រៃវែងឲ្យដឹងថា ខ្លឹមសារដែល Fresh News បានផ្សព្វផ្សាយនៅថ្ងៃរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ថា «បើតាមលោកអនុសេនីយ៍ឯក ទូច ធារ៉ា នាយរងការិយាល័យគ្រឿងញៀនខេត្តព្រៃវែង ប្រាប់បណ្ដាញព័ត៌មានថា លុយ៤លាននោះ បានប្រគល់ទៅឱ្យលោកព្រះរាជអាជ្ញាខេត្តព្រៃវែង ជាថ្នូរនឹងការដោះលែងជនរងគ្រោះឱ្យមានសេរីភាពវិញ» ដែលការផ្សព្វផ្សាយខ្លឹមសារខាងលើនេះគឺយោងតាមសំដីច្បាស់ៗរបស់លោក ទូច ធារ៉ា ដែលមានតួនាទីជានាយរងការិយាល័យគ្រឿងញៀនខេត្តព្រៃវែង ថ្លែងប្រាប់ក្រុមបណ្តាញព័ត៌មាន នៅខេត្តព្រៃវែងកាលពីប៉ុន្មានថ្ងៃមុននេះ ដែលពាក្យពេជន៍របស់លោក ទូច ធារ៉ា ក៏ត្រូវបានក្រុមព័ត៌មានថតសំឡេង (Voice) ទុកជាភស្តុតាងផងដែរ។
នៅក្នុងចំណុចនេះ អង្គភាពព័ត៌មាន Fresh News សូមបញ្ជាក់ជូនសាធារណជនថា ការផ្សព្វផ្សាយរបស់ Fresh News មិនបានបំភ្លៃលើសពីការពិត ដូចអយ្យការអមសាលាដំបូងខេត្តព្រៃវែងលើកឡើងនោះទេ៕