(ប៉ៃលិន)៖ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទួលការស្នើសុំឥណទានពីក្នុងកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ចំនួនប្រមាណ៤០០ ក្នុងទំហំទឹកប្រាក់ប្រមាណ៤៥លានដុល្លារអាមេរិក។
ការបញ្ជាក់របស់លោក កៅ ថាច ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញ បន្តចុះផ្សព្វផ្សាយលទ្ធភាពទទួលឥណទាន ក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ចំនួន៥០លានដុល្លារអាមេរិក នៅក្នុងខេត្តប៉ៃលិន។
ថ្លែងក្នុងកម្មវិធីផ្សព្វផ្សាយនៅសាលាខេត្តប៉ៃលិន លោក កៅ ថាច បានធ្វើការពន្យល់ដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមចំនួន ជិត២០០នាក់ អំពីគោលការណ៍ និងនិតីវិធីស្នើសុំឥណទានពីក្នុងកម្មវិធីហិរញ្ញប្បទានពិសេសនេះ។
ជាមួយគ្នានេះ លោក កៅ ថាច បានបន្តលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រកបរបរកសិកម្ម នៅក្នុងខេត្តប៉ៃលិនដែលមានគោលដៅចង់ពង្រីកអាជីវកម្ម រួសរាន់រៀបចំឯកសារ ដើម្បីធ្វើការស្នើសុំឥណទានមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។
សូមបញ្ជាក់ថា វត្តមានអញ្ជើញចូលរួមក្នុងឱកាសនោះមាន លោក ឃ្លក នួយ អភិបាលរងខេត្តប៉ៃលិន តំណាងរដ្ឋបាលជលផល លោកប្រធានមន្ទីកសិកម្ម ប្រធានមន្ទីពាណិជ្ជកម្ម និងមន្ទីពាក់ព័ន្ធ និងអាជ្ញាធរស្រុកជុំវិញខេត្តផងដែរ៕