(ប៉ៃលិន)៖ ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី ការគ្រប់គ្រងប្រេងកាត់នឹងផលិតផលប្រេងកាត និងវគ្គបណ្តុះបណ្តាលស្តីពីហានិភ័យស្ថានីយនឹងសារាចរសុវត្ថិភាព សម្រាប់ការរៀបចំស្ថានីយ៍ប្រេង និងឧស្ម័នឥន្ធនៈជូនដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ម្ចាស់ស្ថានីយ និងអាជីវករប្រេងកាតនានាក្នុងខេត្តប៉ៃលិន នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ ដែលមិនទាន់មានច្បាប់អនុញ្ញាតពីសុវត្ថិភាពបច្ចេកទេស សូមប្រញាប់មកដាក់ពាក្យស្នើសុំឲ្យបានទាន់ពេលវេលា។
លោកបានព្រមានថា «បើសិនម្ចាស់ស្ថានីយប្រេង និងឧស្ម័នឥន្ធនៈណាមួយ មិនគោរពតាមការណែនាំរបស់ក្រសួងរ៉ែ និងថាមពល ត្រូវចាត់វិធានការទៅតាមនីធិវិធីច្បាប់ធ្វើការបិទកន្លែងអាជីវកម្ម តែម្តង ក្នុងន័យធានាសុវត្ថិភាព និងការគ្រប់គ្រងវិស័យប្រេងកាតឲ្យមានប្រសិទ្ធិភាពសំដៅលើកកម្ពស់ជីវភាពរបស់ពលរដ្ឋ នឹងចូលរួមបង្កើនសេដ្ឋកិច្ចជាតិឲ្យប្រែក្លាយប្រទេសកម្ពុជា ពីប្រទេសមានចំណូលកម្រិតទាប មកជាប្រទេសមានចំណូលធម្យមកម្រិតទាប និងបន្តឆ្ពោះទៅជាប្រទេសដែលមានចំណូលមធ្យមមកម្រិតខ្ពស់នៅឆ្នាំ២០៣០ នាពេលអនាគត់»។
អភិបាលខេត្ត បានលើកឡើងថា ធនធានប្រេងកាតជាដើមទុនដ៏មានតម្លៃរបស់ជាតិសម្រាប់ការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឲ្យក្លាយជាផលប្រយោជន៍យូរអង្វែងរបស់ជាតិ សំដៅលើកកម្ពស់កម្រិតជីវភាព រស់នៅរបស់ប្រជាជនកម្ពុជា ដូច្នេះម្ចាស់ស្ថានីយ និងអាជីវករប្រេង និងឧស្ម័នឥន្ធនៈទាំងអស់ ត្រូវសហការអនុវត្តបទដ្ឋានបច្ចេកទេសសុវត្ថិភាព និងគោរពច្បាប់រួមគ្នា សំដៅរក្សាបាននូវនិរន្តរភាព នៃអាជីវកម្ម របស់បងប្អូនអាជីវករ និងរក្សាបាននូវនិរន្តរភាព នៃបែបផែនបច្ចេកទេសសុវត្ថិភាពទាំងអស់គ្នា ដើម្បីឲ្យមានសុដុមនីយកម្ម ក្នុងមុខរបរ និងសង្គតិភាពនៃការអនុវត្តច្បាប់ និងសុវត្ថិភាពទាំងអស់គ្នា។
លោក អ៉ឹង អៀង រដ្ឋលេខាធិការនៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា «ការបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត និងវគ្គបណ្តុះបណ្តាលស្តីពី ហានិភ័យស្ថានីយ និងសារាចរសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយ៍ប្រេង និងឧស្ម័នឥន្ធនៈជូនដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នឹងម្ចាស់ស្ថានីយ អាជីវករប្រេងកាត នានាក្នុងខេត្តប៉ៃលិននាពេលនេះ ដើម្បីបង្កើនការយល់ដឹងអំពីច្បាប់ អំពីហានិភ័យដែលអាចកើតមានឡើង និងអំពីបែបបទ និងនីតិវិធីក៏ដូចជាបច្ចេកទេសសុវត្ថិភាពក្នុងការគ្រប់គ្រងនិងប្រកបអាជីវកម្មដល់ម្ចាស់ស្ថានីយ អ្នកសាងសង់ស្ថានីយ និងអ្នកធ្វើការស្តុកទុក ផលិតផលប្រេងកាត ជាពិសេសពង្រឹងសមត្ថភាពមន្ត្រីជំនាញបច្ចេកទេស មន្ទីររ៉ែ និងថាមពល និងស្ថាប័នពាក់ព័ន្ធ ឱ្យយល់ពីតួនាទីភារកិច្ច និងនីតិវិធីនានាដើម្បីមានភាពងាយស្រួលក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក៏ដូចជា ការចុះត្រួតពិនិត្យ និងធ្វើអធិការកិច្ចប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងតម្លាភាព ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាជាធរមាន ស្របតាមគោលនយោបាយ និងសកម្មភាពអទិភាពឆ្នាំ២០១៩-២០២៣ នៃវិស័យប្រេងកាតកម្ពុជានៃក្រសួងរ៉ែ និងថាមពល»។
សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តប៉ៃលិនមានស្ថានីយប្រេងសរុបចំនួន ២៨ទីតាំង ក្នុងនោះមានច្បាប់ចំនួន ០៦ទីតាំង និងបានដាក់ពាក្យស្នើសុំទៅក្រសួងចំនួន ១១ទីតាំង ចំណែកឧស្ម័នឥន្ទនៈមានចំនួន ០៥ទីតាំង មានច្បាប់ ០១ និងបានដាក់ពាក្យស្នើរសុំទៅក្រសួងចំនួន ០៣ទីតាំង៕