(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីសេចក្ដីណែនាំអំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ នៅក្នុងបរិការណ៍នៃវិបត្តិ និងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី៥)។

សេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី៣១ ខែកក្កដានេះបានបញ្ជាក់ថា នៅក្នុងអំឡុងពេលដែលជំងឺកូវីដ-១៩ នៅបន្តមានវត្តមាន និងបង្កនូវផលប៉ះពាល់, ដោយស្ថិតក្នុងស្មារតីបុរេសកម្ម គួបផ្សំនឹងកិច្ចសហការ និងការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់ប្រជាជន និងវិស័យឯកជន រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការចំនួន ៤ ជុំ ជាបន្តបន្ទាប់ ដើម្បីជួយរក្សាលំនឹងអាជីវកម្ម-ធុរកិច្ច ក្នុងវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ។ គិតមកដល់ពេលនេះ, កម្ពុជាបានសម្រេចនូវលទ្ធផលវិជ្ជមានគួរជាទីកត់សម្គាល់ ។

ជាក់ស្តែង, ប្រជាជនទូទៅ ក៏ដូចជាធុរជន បាននិងកំពុងផ្លាស់ប្តូរទម្លាប់ និងឥរិយាបទសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងបរិបទនៃជំងឺកូវីដ-១៩ ហើយសម្រេចចិត្តធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ នៅតាមបណ្ដាខេត្ត-ក្រុងនានានៅទូទាំងប្រទេស និងចាប់ផ្តើមប្រកបរបរចិញ្ចឹមជីវិត និងបំពេញសកម្មភាពអាជីវកម្ម-ធុរកិច្ចជាបណ្តើរៗឡើងវិញ ។ ទោះជាយ៉ាងនេះក្ដី, វិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដែលរួមមាន៖ វិស័យកាត់ដេរ-វាយនភណ្ឌ, វិស័យទេសចរណ៍ និងវិស័យអាកាសចរណ៍ជាដើម នៅតែមិនទាន់អាចងើប និងរក្សាលំនឹងឡើងវិញបានពេញលេញនៅឡើយទេ ។ ជាមួយគ្នានេះដែរ, គ្រួសារក្រីក្រ និងងាយរងគ្រោះមួយចំនួនធំក៏កំពុងបន្តប្រឈមនឹងបញ្ហាលំបាកផ្សេងៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។

ក្នុងបរិការណ៍នេះ, ដោយពិនិត្យលើទិដ្ឋភាពនៃការវិវឌ្ឍនៃស្ថានភាពសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងសង្គម, ទាំងក្នុងក្របខ័ណ្ឌសកលលោក, តំបន់ និងក្នុងប្រទេស, រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការបន្ថែមសម្រាប់ជុំទី ៥ ក្នុងគោលបំណង (១). បន្តជួយស្ដារ និងជំរុញលទ្ធភាពអាជីវកម្ម-ធុរកិច្ច ឱ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និង (២). បន្តជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះតាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់។

វិធានការជុំទី ៥ ដែលត្រូវបានរៀបចំឡើង ដោយមានការពិគ្រោះយោបល់ជាមួយគ្រប់អង្គពាក់ព័ន្ធ រួមមាន ដូចខាងក្រោម ១៖ វិធានការបន្តជួយវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ, កាបូប និងវិស័យទេសចរណ៍, ២៖ វិធានការបន្តជួយវិស័យអាកាសចរណ៍ ដោយបន្តលើកលែងការបង់ពន្ធអប្បបរមា (Minimum Tax) សម្រាប់រយៈពេល ០២ ខែបន្តទៀត ចាប់ពីខែ សីហា ដល់ខែ កញ្ញា ឆ្នាំ ២០២០ ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅកម្ពុជា និង ៣៖បន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ សម្រាប់រយៈពេល ០២ ខែទៀត គឺខែ សីហា និងខែ កញ្ញា ឆ្នាំ ២០២០៕

សូមអានសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលទាំងស្រុង៖