(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា «ក្មួយៗត្រូវចាំថា គ្រួសារ និងសហគមន៍របស់ក្មួយៗ មិនអាចរីកចម្រើនបាននោះឡើយ ប្រសិនបើក្មួយៗ នៅតែបន្តការប្រើប្រាស់គ្រឿងញៀន»។
ការបញ្ជាក់បែបនេះរបស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានធ្វើឡើងក្នុងឱកាសដែលនាយឧត្តមសេនីយ៍ បានអញ្ជើញជាតំណាងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំអំណោយជាគ្រឿងឧបភោគបរិភោគ ជូនជនរងគ្រោះដោយសារគ្រឿងញៀន នៅ «មជ្ឈមណ្ឌលឱកាសខ្ញុំ»។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្មួយៗត្រូវចាំថា គ្រួសារ និងសហគមន៍របស់ក្មួយៗមិនអាចរីកចម្រើនបានឡើយប្រសិនបើក្មួយៗ នៅតែបន្តការប្រើប្រាស់គ្រឿងញៀន! សូមកុំភ្លេចថា បើសិនជាចេញពីមណ្ឌលព្យាបាល និងបន្សាបគ្រឿងញៀនវិញហើយ នៅតែមិនរាងចាល នៅតែប្រើប្រាស់គ្រឿងញៀន ក្រោយសមត្ថចាប់បញ្ចូនមកវិញ ដូច្នេះក្នុងករណីមិនរាងចាលនេះ មិនមែនជាករណីរងគ្រោះទៀតនោះទេ»។
ឆ្លៀតនៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ក៏អំពាវនាវដល់យុវជនដែលរងគ្រោះដោយសារគ្រឿងញៀន នៅតាមមណ្ឌលព្យាបាល បន្សាបគ្រឿងញៀន និងស្តារនីតិសម្បទា ទូទាំងប្រទេស ត្រូវទទួលយកឱកាសរបស់ខ្លួន ដើម្បីខិតខំកែប្រែជីវិតរបស់ខ្លួន ឡើងវិញព្រោះថាក្មួយៗទាំងអស់គ្នានៅក្មេងៗណាស់ ដូច្នេះ មិនត្រូវអស់សង្ឃឹមនឹងជីវិតរបស់ខ្លួននោះទេ។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបន្តថា «ដូច្នេះសម្រាប់ព័ត៌មានថា មានយុវជនមួយចំនួនដែលទទួលបានសេវាព្យាបាល និងបន្សាបគ្រឿងញៀនជាសះស្បើយ ដែលបានចេញពីមណ្ឌលវិញ មានអាការៈលាប់ឡើងវិញ ឬរើញៀនគ្រឿងញៀនឡើងវិញ គឺមិនពិតនោះទេ។ ចំពោះករណីនេះ យុវជនដែលធ្លាប់រងគ្រោះដោយសារគ្រឿងញៀនទាំងអស់ ត្រូវធ្វើជាម្ចាស់ការលើខ្លួនឯង សូមកុំជ្រួលខ្លួនងាកទៅប្រើប្រាស់គ្រឿងញៀន ដូចពីមុនឱ្យសោះ ដើម្បីធ្វើយ៉ាងកែខៃជីវិតខ្លួនឯងឱ្យមានពន្លឺឡើងវិញ»។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏បានក្រើនរំឮកដល់យុវជនដែលទទួលបានសេវាព្យាបាល ស្តារនីតិសម្បទាទាំងអស់ថា ក្មួយៗគឺជាសសរទ្រូងរបស់ប្រទេសជាតិ ដែលត្រូវបន្តវេនទៅថ្ងៃអនាគត ដូចនេះសូមក្មួយៗទាំងអស់ត្រូវបញ្ឈប់ឱ្យបានជាដាច់ខាតរាល់សកម្មភាពទាំងឡាយដែលផ្ទុយនឹងច្បាប់ ជាពិសេសពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។
មន្ត្រីជាន់ខ្ពស់អាជ្ញាធរគ្រឿងញៀនរូបនេះ បានគូសបញ្ជាក់ថា សូមកូនក្មួយទាំងអស់ ត្រូវចេះចាប់យកឱកាសល្អ ដែលអ្នកទាំងអស់គ្នាកំពុងសម្រាកព្យាបាល បន្សាប់គ្រឿងញៀន នៅតាមមណ្ឌល ព្យាបាល ស្តារនីតិសម្បទាទាំងអស់ ជាពិសេសត្រូវខិតខំនូវអនុវត្តរាល់កម្មវិធីអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីប្រែខ្លួនទៅជាកូនល្អ ជាមិត្តល្អ និងជាយុវជនល្អជាឧត្តមប្រយោជន៍សម្រាប់ ក្រុមគ្រួសារ និងសង្គមជាតិកម្ពុជាទាំងមូលផងដែរ។
តាមលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ និងជាប្រធានមជ្ឈមណ្ឌលឱកាសខ្ញុំ បានឱ្យដឹងថា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ រហូតដល់លើកទី៤ គឺចាប់ពីឆ្នាំ២០១៧ ដល់២០១៩ មានជនរងគ្រោះសរុបចំនួន ១៤,៦២២នាក់ ក្នុងនោះមានស្ត្រីចំនួន ៩០០នាក់, ទទួលបានសេវាព្យាបាលសរុបចំនួន ៨,៣៣៩នាក់ ស្ត្រីចំនួន៥០៥នាក់, ទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសរុបចំនួន ២,៧២៧នាក់ ស្ត្រីចំនួន ៧៩៧នាក់, បានសមាហរណកម្មត្រឡប់ទៅក្រុមគ្រួសារវិញ សរុបចំនួន ១៤,៦២២នាក់ ស្ត្រីចំនួន ៩០០នាក់។
លោកស្រី មុំ ចាន់ដានី បានឱ្យដឹងថា ដោយឡែក ក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៥ នៅក្នុងឆមាសទី១ ឆ្នាំ២០២០ «មណ្ឌលឱកាសខ្ញុំ» បានទទួលជនរងគ្រោះដោយសារ គ្រឿងញៀន ចំនួន២០៤៣នាក់ ក្នុងនោះមានស្ត្រីចំនួន ១០៩នាក់ ដើម្បីទទួលបានសេវាព្យាបាល ដោយវេជ្ជសាស្ត្រ និងស្តារនីតិសម្បទា។
ស្ថិតនៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏បាននាំគ្រឿងឧបភោគបរិភោគ របស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រគល់ជូនដល់ក្មួយៗដែលកំពុងសម្រាក ព្យាបាល និងស្នាក់នៅក្នុង «មជ្ឈមណ្ឌលឱកាសខ្ញុំ» នូវត្រីខ ចំនួន១៧០យួរ, មីម៉ាម៉ាចំនួន ៥៧កេស, ទឹកក្រូចចំនួន ១៥០កេស, ទឹកសុទ្ធវីតាល់ចំនួន ១៥០កេស ម៉ាសចំនួន១០,០០០ម៉ាស និងថវិកាចំនួន៥លានរៀល។
ដោយឡែកលោកឧកញ៉ា លាង ឃួន អគ្គនាយកក្រុមហ៊ុន ជីបម៉ុង គ្រុប បាននូវទឹកក្រូចចំនួន ១០០០កេស, ទឹកសុទ្ធចំនួន២០០០កេស ដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីប្រគល់ជូនតាមមណ្ឌលព្យាបាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅតាមបណ្តារាជធានី-ខេត្តផងដែរ៕