(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ បានសេចក្តីប្រកាសព័ត៌មានពីការដាក់ចេញនូវវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ នៅក្នុងបរិការណ៍នៃវិបត្តិ និងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី៥)។
ក្នុងវិធានការនោះដែរ រាជរដ្ឋាភិបាលបានសម្រេចបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករ-និយោជិត ដែលបម្រើការងារនៅតាមរោងចក្រ, សហគ្រាស និងអាជីវកម្ម នៃសេដ្ឋកិច្ចក្នុងប្រព័ន្ធ ក្នុងវិស័យកាត់ដេរ និងទេសចរណ៍សម្រាប់រយៈពេល២ខែទៅមុខទៀត រហូតដល់ខែកញ្ញា ឆ្នាំ២០២០។
ជាមួយគ្នានេះ ចំពោះការផ្តល់ប្រាក់ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ក៏នៅតែបន្តរយៈពេល២ខែទៀតផងដែរ។
សេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែកក្កដានេះបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តផ្ដល់ប្រាក់ឧបត្ថម្ភ ដល់កម្មករ-និយោជិត ដែលបម្រើការងារនៅតាមរោងចក្រ, សហគ្រាស និងអាជីវកម្ម នៃសេដ្ឋកិច្ចក្នុងប្រព័ន្ធ (Formal Sector) ក្នុងវិស័យកាត់ដេរ វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ, កាបូប និងវិស័យទេសចរណ៍ ដែលបានចុះបញ្ជីផ្លូវការត្រឹមត្រូវជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងពាណិជ្ជកម្ម, ក្រសួងទេសចរណ៍ និង អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
បន្ទាប់ពីរោងចក្រ-សហគ្រាស និងអាជីវកម្ម ក្នុងវិស័យទាំងពីរខាងលើ ត្រូវទទួលបានលិខិតអនុញ្ញាតឱ្យព្យួរកិច្ចសន្យាការងារ និង/ឬលិខិតអនុញ្ញាតឱ្យពន្យារការព្យួរកិច្ចសន្យាការងារ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយពីបានបំពេញតាមលក្ខណៈវិនិច្ឆ័យ (Criteria) និង លក្ខខណ្ឌនៃការព្យួរកិច្ចសន្យាការងារ ព្រមទាំងប្រតិបត្តិតាមលក្ខខណ្ឌ ដែលបានអនុវត្តក្នុងជុំកន្លងមក រាជរដ្ឋាភិបាលកម្ពុជានឹង៖
* ផ្ដល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់កម្មករ-និយោជិត០១ នាក់ ដែលបំពេញការងារក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ និងកាបូប សម្រាប់រយៈពេល ០២ ខែបន្តទៀត រហូតដល់ដំណាច់ខែ កញ្ញា ឆ្នាំ២០២០ ។ រោងចក្រ-សហគ្រាសក្នុងវិស័យនេះត្រូវបន្ថែមចំនួន ៣០ ដុល្លារអាមេរិក សម្រាប់កម្មករ-និយោជិត ០១ នាក់ (ជាសរុប កម្មករ-និយោជិត ០១ នាក់ ទទួលបាន ៧០ ដុល្លារអាមេរិក ក្នុងមួយខែ)។
* ផ្ដល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារអាមេរិក ក្នុងមួយខែ ជូនកម្មករ-និយោជិត ០១ នាក់ ដែលធ្វើការងារក្នុងវិស័យទេសចរណ៍ ដូចជា៖ សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន និង ភ្នាក់ងារទេសចរណ៍ សម្រាប់រយៈពេល ០២ ខែបន្តទៀត រហូតដល់ដំណាច់ខែ កញ្ញា ឆ្នាំ ២០២០ ។ សហគ្រាស និងអាជីវកម្មក្នុងវិស័យទេសចរណ៍ ត្រូវរួមចំណែកតាមគោលការណ៍ស្ម័គ្រចិត្ត និងតាមលទ្ធភាពជាក់ស្តែង បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលនៅបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ សម្រាប់រយៈពេល ០២ ខែទៀត គឺខែ សីហា និងខែ កញ្ញា ឆ្នាំ២០២០ ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានណែនាំឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តនូវសេចក្ដីណែនាំនេះ ទៅតាមសមត្ថកិច្ចរបស់ខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ។
រាជរដ្ឋាភិបាលនឹងបន្តតាមដានជាប្រចាំនូវស្ថានភាពនៃជំងឺកូវីដ-១៩, ស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌតំបន់ និងសកលលោក ដើម្បីពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើវិស័យ សំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ក្នុងទិសដៅធ្វើបច្ចុប្បន្នភាព និងរៀបចំវិធានការបន្ថែមចាំបាច់នានា សំដៅរក្សាលំនឹងសកម្មភាពសេដ្ឋកិច្ច ក៏ដូចជាត្រៀមខ្លួនក្នុងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩៕