(ភ្នំពេញ)៖ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស បានចេញព្រះរាជសារអបអរសាទរ ឧបាសិកាចំនួន ២១ រូប ដែលទទួលបានការតែងតាំងឱ្យមានស័ក្តិជា ឧត្តមទីប្រឹក្សាផ្ទាល់ ពីគណៈសង្ឃពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជានិកាយធម្មយុត្តខ្មែរ និងរាជរដ្ឋាភិបាលកម្ពុជា។
សម្រាប់ការតែងតាំងនេះ លោកស្រីកិត្តិបណ្ឌិត សៀង ចាន់ហេង ជាអគ្គនាយិកា ក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានទទួលបានការតែងតាំងជាឧត្តមទីប្រឹក្សាផ្ទាល់សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃ រាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ប៊ូរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ និងមានបញ្ញត្តិងារជា នាងវិសាខាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍។
រីឯឧបាសិកា ២០រូបផ្សេងទៀត ទទួលបានបញ្ញត្តិងារជា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍។
ការទទួលបានការតែងតាំងក៏ដូចជា បញ្ញត្តិងារនេះ គឺដោយសារការចូលរួមទាំងកម្លាំងកាយចិត្ត កសាងសមិទ្ធផលនានាលើផ្នែកពុទ្ធចក្រ និងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកតម្កើងវិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចំរើន ស្ថិតស្ថេរ គង់វង្ស។
ក្នុងឱកាសចេញព្រះរាជសារអបអរសាទរនេះ សម្ដេច ព្រះមហាសង្ឃរាជ ទេព វង្ស ក៏មានសង្ឃដីកា ជំរុញលើកទឹកចិត្តឱ្យ ឧបាសិកាទាំង ២១ រូបបន្តចូលរួមបំពេញសកម្មភាពយ៉ាងថ្លៃថ្លា ក្នុងវិស័យព្រះពុទ្ធសាសនាឱ្យកាន់តែរីកចំរើនបន្ថែមទៀតផងដែរ៕