(ភ្នំពេញ)៖ លោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញជួបសំណេះសំណាល និងនាំអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន៩៩គ្រួសារ ក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ដែលជួបការលំបាក ក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩។
លោក អាំង សិរីពិសិដ្ឋ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់គិតគូរ ចំពោះប្រជាពលរដ្ឋទាំងការលះបង់នាំយកនូវសន្តិភាព មកជូនប្រជាពលរដ្ឋបានរស់នៅក្នុងភាពសុខសាន្ត និងតែងតែគិតគូរសុខទុក្ខការខ្វះខាត ចំពោះប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋដែលមានការខ្វះខាត ក្នុងសម័យកាលកូវីដ១៩ ដែលកំពុងឆ្លងរាតត្បាតទូទាំងសកលលោក។
លោកថា សម្តេចតេជោនាយករដ្ឋមន្ត្រី តែងមានទឹកចិត្តគុណធម៌ មនុស្សធម៌ប្រកប ដោយការទទួលខុសត្រូវ ក្នុងនាមជាអ្នកដឹកនាំមិនថា ចំពោះប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋបរទេស ជាក់ស្តែងកន្លងទៅដែលសម្តេចបានអនុញ្ញាតឲ្យកប៉ាល ទេសចរណ៍អន្តរជាតិមួយ បានចូលចត នៅក្នុងប្រទេសកម្ពុជា គ្រាដែលមិនមានប្រទេសណាទទួល ឲ្យចូលចតព្រោះព្រួយបារម្ភពីការឆ្លងនៃជំងឺកូវីដ១៩នេះជាដើម។
អភិបាលរងខណ្ឌចំការមន បានឲ្យដឹងថា បច្ចុប្បន្នដោយសារជំងឺកូវីដ១៩នេះ បានធ្វើឲ្យមានការប៉ះពាល់ដល់ជីវភាព និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ទើបសម្តេចតេជោ ហ៊ុន សែន មានគោលនយោបាយ ឲ្យស្ថាប័នពាក់ព័ន្ធជាពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវស្រង់ស្ថិតិប្រជាពលរដ្ឋឲ្យបានច្បាស់លាស់ ជាពិសេសអ្នកដែលទីទាល់ក្រពិតប្រាកដ ដើម្បីបានជួយសម្រាលជីវភាពការរស់នៅខ្វះខាតរបស់ប្រជាពលរដ្ឋ ក្នុងខណៈដែលជំងឺកូវីដ១៩ កំពុងតែឆ្លងរាតត្បាត នេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមិនរត់ចោលប្រជាពលរដ្ឋ នៅកាលៈទេសៈដែលប្រទេសជាតិ និងប្រជាពលរដ្ឋកំពុងជួបប្រទះបញ្ហា។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានណែនាំឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តនូវសេចក្ដីណែនាំនេះ ទៅតាមសមត្ថកិច្ចរបស់ខ្លួន ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត។ រាជរដ្ឋាភិបាល បន្តតាមដានជាប្រចាំនូវស្ថានភាពនៃជំងឺកូវីដ-១៩, ស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌតំបន់ និងសកលលោកដើម្បីពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ក្នុងទិសដៅធ្វើបច្ចុប្បន្នភាព និងរៀបចំវិធានការបន្ថែមចាំបាច់នានា សំដៅរក្សាលំនឹងសកម្មភាពសេដ្ឋកិច្ច ក៏ដូចជាត្រៀមខ្លួនក្នុងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច ក្រោយពីវិបត្តិនៃជំងឺកូវីដ១៩។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៩៩គ្រួសារ ដែលក្នុងមួយគ្រួសារ ទទួលបានអំណោយរួមមាន៖ អង្ករ១០គីឡូក្រាម, គ្រឿងឧបភោគ បរិភោគ០១កញ្ចប់ និងថវិកា ២០,០០០រៀល៕