(ស្វាយរៀង)៖ លោកស្រី ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សាពង្រឹងវិធានការទប់ស្កាត់ និងគ្រប់គ្រងពលករឆ្លងដែន ទៅប្រទេសវៀតណាម ដោយខុសច្បាប់នៅទីស្នាក់ការច្រកទ្វារព្រំដែនទ្វេភាគីសំរោង ស្រកចន្ទ្រា ខេត្តស្វាយរៀង។
លោក រស់ សា ដែនប្រធានទីស្នាក់ការច្រកទ្វាទ្វេភាគីសំរោង បានឱ្យដឹងថា កម្មវិធីនេះធ្វើឡើង ក្នុងគោលបំណង ដើម្បីពង្រឹងវិធានការបន្ថែមលេខ ១៣៩៦ របស់ក្រសួងមហាផ្ទៃ ស្តីពី ការទប់ស្កាត់វិធានការទប់ស្កាត់ប្រជាពលរដ្ឋឆ្លងដែនដោយខុសច្បាប់ ទៅប្រទេសវៀតណាម ដើម្បីពង្រឹងវិធានការទប់ស្កាត់ និងគ្រប់គ្រងពលករឆ្លងដែនដោយខុសច្បាប់ ទៅប្រទេសវៀតណាម និងប្រទេសផ្សេងៗទៀត។
លោកស្រី ឯក សុវណ្ណភារៈ បានឱ្យដឹងថា ដោយសារប្រទេសរបស់យើងស្ថិត ក្នុងស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីត-១៩ ច្រកព្រំដែនត្រូវផ្អាកការឆ្លងកាត់ ហើយប៉ុន្តែ នៅតែមានប្រជាពលរដ្ឋបន្តការឆ្លងដែន ដោយខុសច្បាប់ចាកចេញទៅប្រទេសជិតខាង។ ស្របពេលជាមួយនេះដែរ ខេត្តរបស់យើងបានបន្តការបើកច្រកព្រំដែនឡើងវិញនេះ និងធ្វើឱ្យមានលំហូរចេញចូលនៃពលករមិនស្របច្បាប់ និងស្របច្បាប់ដែលជាហេតុធ្វើឱ្យមាននូវការជួញដូរ ឆ្លងមនុស្សឆ្លងដែន ការរំលោភបំពាន ការកេងប្រវ័ញ្ច កម្លាំងពលកម្ម ក្នុងពេលដែលពួកគាត់ឆ្លងដែន ចូលដោយខុសច្បាប់ បាត់បង់កម្លាំងពលកម្មបំពេញឱ្យទីផ្សារ ក្នុងស្រុក និងមិនអាចគ្រប់គ្រងបាននូវទិន្នន័យ ពលករក្រៅប្រទេស ព្រោះមិនមានការចុះបញ្ជីត្រឹមត្រូវ។
លោកបានបន្តថា ករណីនេះយើងសង្កេតឃើញថា ប្រជាពលរករនៅតែបន្តវិលត្រលប់មកវិញជារាងរាល់ថ្ងៃ ដូចនេះយើងត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយ ដល់ពួកគាត់បានយល់ដឹងពីវិធានការសំខាន់ៗមានជាអាទិ៍៖
* ទី១៖ បន្តការការពារខ្លួន និងសហគមន៍ពីការឆ្លង និងចម្លងមេរោគកូវីដ-១៩
* ទី២៖ អប់រំផ្លាស់ប្តូរផ្នត់គំនិត «បំណាច់ធ្វើខ្ញុំគេ សុខចិត្តធ្វើខ្ញុំបរទេស» ឱ្យទទួលស្គាល់តម្លៃរបស់ខ្លួន ក្នុងនាមជាពលរដ្ឋខ្មែរ លើកទឹកចិត្ត និងផ្តល់ការគាំទ្រ ដល់ការខិតខំផលិត ការប្រើប្រាស់ផលិតផលក្នុងស្រុក និងប្រើប្រាស់សក្តានុពលដែលមាន ដើម្បីបង្កើតមុខរបរក្នុងស្រុក ជាជាងការផ្សងព្រេង ដោយគ្មានគោលដៅច្បាស់លាស់ នៅក្រៅប្រទេសដែលប្រកបដោយគ្រោះថ្នាក់ខាតពេលវេលា និងមិនមានផលប្រយោជន៍។
* ទី៣៖ ត្រូវស្រាវជ្រាវកំណត់មុខសញ្ញាបង្ក្រាប និងការចាប់ខ្លួនមេខ្យល់ដែលមានចលនា អូសទាញប្រជាពលរដ្ឋឆ្លងដែន ដោយខុសច្បាប់ទៅប្រទេសជិតខាងតាមច្រករបៀង។
* ទី៤៖ គួរមានវិធានការម៉ឺងម៉ាត់ក្នុងការគ្រប់គ្រងពលករឆ្លងដែន ព្រឹក ល្ងាច តាមរដូវកាល ទៅប្រទេសវៀតណាម។
* ទី៥៖ ត្រូវបន្តការយកចិត្តទុកដាក់អនុវត្តនូវវិធានការ និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលក្នុងការបង្ការ ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩៕