(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យ វឌ្ឍនភាពការងាររបស់ រដ្ឋបាលខេត្ត ប្រចាំខែកក្កដា ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត ក្នុងគោលបំណងត្រួតពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តការងាររបស់រដ្ឋ បាលខេត្ត និងមន្ទីរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។
កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាល អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាល និងនាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត នៅសាលប្រជុំតូចសាលាខេត្តស្ទឹងត្រែង។
នៅក្នុងឱកាសនោះលោក ម៉ុម សារឿន ក៏បានដាក់ចេញនូវទិសដៅភារកិច្ចសំខាន់ៗបន្ថែមចំនួន ៧ចំណុចដើម្បីបន្តអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពរួមមាន៖
* ទី១៖ ត្រូវបន្តពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរសំដៅធានានូវការអភិវឌ្ឍ។
* ទី២៖ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដើម្បីផ្តល់ជំនឿទុកចិត្តនិងភាពជឿជាក់ជូនប្រជាពលរដ្ឋដែលមកទទួល យកសេវា។
* ទី៣៖ ពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាសម្រាប់មន្ត្រីរាជការ។
* ទី៤៖ មន្ទីរសុខាភិបាលត្រូវសហការជាមួយរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ បន្តយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩។
* ទី៥៖ ជំរុញទប់ស្កាត់ និងបង្ក្រាបបទលើ្មសគ្រប់ប្រភេទ ជាពិសេសបទល្មើសព្រៃឈើ និងធនធានធម្មជាតិ ដើម្បីរក្សាបាននូវស្ថេរភាពសង្គម។
* ទី៦៖ ជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅនិងសំបុត្រកំណើតជូនដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
* ទី៧៖ មន្ទីរផែនការត្រូវសហការជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ជំរុញការធ្វើបណ្ណក្រីក្រជូនប្រជាពលរដ្ឋ (ក្រីក្រ១ និងក្រីក្រ២) ជូនដល់គ្រួសារប្រជាពលរដ្ឋ ដែលក្រីក្រ ពិតប្រាកដដើម្បីឧបត្ថម្ភសាច់ប្រាក់ ប្រកបដោយតម្លាភាព និងសមធម៌។
លោក ម៉ុម សារឿន ក៏បានវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចថ្នាក់ដឹកនាំតាមមន្ទីរអង្គភាពជុំវិញខេត្ត រួមទាំងមន្ត្រីថ្នាក់មូលដ្ឋាន ពិតជាបានខិតខំបំពេញការងារ របស់ខ្លួនបានល្អប្រសើរ រហូតបានធ្វើឱ្យខេត្តស្ទឹងត្រែងមានភាពរីកចំរើនគួជាទីមោទៈ ពិសេសលើហេដ្ឋារចនាសម្ព័ន្ធនិងការម្រើសេវាសាធារណៈជូន ប្រជាពលរដ្ឋ ជាដើម៕