(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ករណីនគរបាលខេត្តព្រៃវែង ៧នាក់ ដែលដោះលែងអ្នកប្រើប្រាស់គ្រឿងញៀនជាថ្នូរនឹងលុយនោះ មិនទាន់បញ្ចប់ត្រឹមការផ្អាកការងារបណ្ដោះអាសន្នពួកគេនោះទេ អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងបន្តនីតិវិធីដោយបើកការស្រាវជ្រាវថែមទៀត។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានឲ្យដឹងថា ការផ្អាកការងារបណ្តោះអាសន្នរបស់ស្នងការរង និងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ទាំង៧រូបនោះ គ្រាន់តែជាជំហានទី ១ប៉ុណ្ណោះ។ នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាឲ្យនាយកដ្ឋានបុគ្គលិកធ្វើការស្រាវជ្រាវ និងស៉ើបអង្កេតបន្តទៀត ដើម្បីឈានទៅដល់ការដាក់វិន័យតាមទម្ងន់ទោស ឬក៏ការអនុវត្តច្បាប់។
«សូមបញ្ជាក់ថា យើងមិនផ្អាកការងារបណ្តោះអាសន្នទេ គឺយើងនៅតែធ្វើបន្តទៀតទាល់តែដល់ទីបញ្ចប់»។ នេះជាការបញ្ជាក់បន្ថែម របស់ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន។
បើតាមអ្នកនាំពាក្យ, បញ្ហានេះលោកអគ្គស្នងការ បានដាក់ចេញវិធានការ ៣ភ្លាមៗជាបន្ទាន់ដែរ រួមមាន៖
១៖ លោកបានបញ្ជាឲ្យស្នងការខេត្តព្រៃវែង ចុះទៅជួបជាមួយនឹងអាជ្ញាធរឃុំស្រុក ដើម្បីជួបគ្រួសារដែលត្រូវរងការគៀបសង្កត់យកលុយយកកាក់នោះ ដើម្បីធ្វើការសុំទោសចំពោះការខុសឆ្គង ដែលមន្ត្រីខ្លួនបានប្រព្រឹត្ត។
២៖ ប្រមូលប្រាក់យកទៅសងប្រជាពលរដ្ឋវិញ។
៣៖ បន្តចាត់វិធានការស៉ើបអង្កេតបន្ថែមទៀតលើមន្ត្រីទាំងនោះ។
ថ្មីៗនេះនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចផ្អាកការងារបណ្តោះអាសន្នរបស់ស្នងការរង និងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងទទួលបន្ទុកការងារគ្រឿងញៀន ចំនួន៧រូប បន្ទាប់ពីពួកគេបានប្រើហិង្សា និងយកលុយប្រមាណ៤លានរៀល ពីជនសង្ស័យពេលចុះបង្ក្រាបករណីគ្រឿងញៀន។
មន្ត្រីនគរបាលដែលផ្អាកការងារបណ្តោះអាសន្ននេះ រួមមាន៖ ឧត្តមសេនីយ៍ត្រី ថោង វណ្្ណឌី ស្នងការរងទទួលផ្ទុកផែនការងារប្រឆាំងគ្រឿងញៀន, វរសេនីយ៍ឯក ពៅ ជីវ័ន នាយការិយាល័យប្រឆាំងគ្រឿងញៀន, អនុសេនីយ៍ឯក ទូច ធារ៉ា នាយរងការិយាល័យប្រឆាំងគ្រឿងញៀន, អនុសេនីយ៍ឯក ស៉ី បូ នាយផ្នែកនៃការិយាល័យប្រឆាំងគ្រឿងញៀន, អនុសេនីយ៍ឯក ហេង ចាន់រតនា មន្ត្រីនៃការិយាល័យប្រឆាំងគ្រឿងញៀន, អនុសេនីយ៍ឯក សៀក ចាន់ធឿន មន្ត្រីនៃការិយាល័យប្រឆាំងគ្រឿងញៀន និងអនុសេនីយ៍ទោ យុន តារាស័ក្ត មន្ត្រីនៃការិយាល័យប្រឆាំងគ្រឿងញៀន។
កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២០៖៣០នាទី កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន នៅចំណុចមុខក្លោងទ្វាវត្តរោងដំរី ស្ថិតនៅភូមិ៦ សង្កាត់កំពង់លាវ ក្រុង-ខេត្តព្រៃវែង។
ប្រតិបត្តិការនោះ សមត្ថកិច្ចបានចាប់ជនសង្ស័យឈ្មោះ ថៃ សាមាឌ ភេទប្រុស អាយុ២៦ឆ្នាំ និងឈ្មោះ ហឿន រ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ។ ជនសង្ស័យបានអះអាងថា មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រៃវែង បានដកកាំភ្លើងខ្លីពីចង្កេះរួចវាយក្បាលពួកគេ និងហៅបក្ខពួកមកព្រួតគ្នាចាប់វ៉ៃក្រៀកយកទៅការិយាល័យធ្វើទារុណកម្ម ហើយជម្រិតទារលុយបានសម្រេច ៤,០០០,០០០រៀលទៀតផង ជាថ្នូរនឹងការដោះលែងវិញ៕