(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ឥតទីពឹង, ជនមានពិការភាព, កុមារកំព្រា, ស្ត្រីមេម៉ាយ, អ្នកមានកូនច្រើន, អ្នកមានជំងឺរ៉ាំរ៉ៃ, ឬក្រីក្រ ចំនួន១១៥គ្រួសារ មកពីភូមិចំបក់មាស ភូមិទួលខ្មែរ ភូមិត្រាំពែរ និងភូមិខ្មារ ក្នុងឃុំស្នាមព្រះ ស្រុកបាកាន ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ២៥គីឡូក្រាម, ទឹកត្រី៦ដប, មីមួយកេសតូច និងថវិកា២ម៉ឺនរៀល។
ពិធីនេះប្រារព្ធធ្វើនៅបរិវេណវត្តចំបក់មាស ស្ថិតក្នុងភូមិចំបក់មាស ឃុំស្នាមព្រះ ស្រុកបាកាន ដោយបានការចូលរួមពីលោក ខូយ រីដា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ ព្រមទាំងគណៈកិត្តិយស លេខាធិការគណៈកម្មាធិការ សមាជិក សមាជិកា សាខាកាកបាទក្រហមខេត្ត និងអនុសាខាកាកបាទក្រហមស្រុក ជាច្រើននាក់ទៀត។
លោក ម៉ៅ ធនិន បានផ្ដាំផ្ញើការសួរសុខទុក្ខពីចម្ងាយពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខរបស់ ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនទុកឱ្យប្រជាពលរដ្ឋរបស់យើងណាម្នាក់ អត់ស្បៀងអាហារស្លាប់នោះទេ ត្រូវធ្វើយ៉ាងណាជួយប្រជាពល រដ្ឋឱ្យទាន់ពេលវេលា «ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
លោកបានបន្ថែមថា អំណោយទាំងអស់នេះ អាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានរយៈពេលខ្លី ប្រសិនបើមានការខ្វះខាតឬបញ្ហាផ្សេងៗ ត្រូវផ្តល់ដំណឹងមកមេភូមិ មេឃុំ ឬអាជ្ញាធរស្រុក ជាពិសេសលេខទូរស័ព្ទទាំង២ប្រព័ន្ធរបស់លោក ដើម្បីមានវិធានការឆ្លើយតបបានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់អាហារនោះទេ។
ម្យ៉ាងវិញទៀត ការនាំយកអំណោយចែកជូនប្រជាពលរដ្ឋងាយរងគ្រោះនាពេលនេះ ដោយមិនប្រកាន់វណ្ណៈ ជាតិ សាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីនោះឡើយ គឺយើងជួយពួកគាត់ក្នុងនាមមនុស្សធម៌ និងជាវប្បធម៌នៃការចែករំលែក។
ជាមួយគ្នានោះ លោក ម៉ៅ ធនិន ក៏បានជម្រាបជូនប្រជាពលរដ្ឋពីសមិទ្ធផលធំៗ ដូចជាទំនប់ទី៣ ទំនប់ទី៥ ទំនប់ដំណាក់ឈើក្រំ និងប្រឡាយមេ ប្រឡាយរង ប្រឡាយក្អែប ជាច្រើនទៀត ដែលប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ទទួលបានពីសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។ លោកក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចេះថែរទាំសុខភាព ត្រូវមានអនាម័យជាប់ជាប្រចាំ ក្នុងការចូលរួមទប់ស្កាត់រលកទី២ នៃជំងឺកូវីដ១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួង សុខាភិបាល។
ក្នុងនាមរដ្ឋបាលខេត្ត លោកក៏បានស្នើឱ្យលោកមេឃុំ មេភូមិ មន្ត្រីនគរបាលរដ្ឋបាល និងប្រជាការពារខិតខំបម្រើសេវាសាធារណៈ រក្សាការពារ សន្តិសុខ សណ្តាប់ធ្នាប់ លុបបំបាត់ភាពអសកម្មនានា សំដៅធ្វើយ៉ាងណាផ្តល់នូវភាពកក់ក្តៅជូនប្រជាជននៅមូលដ្ឋាន ឱ្យកាន់តែប្រសើរឡើង។
ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានបន្តចុះជួបសំណេះសំណាលសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងក្មួយៗក្រុមប្រឹក្សាយុវជន ក្នុងសាលាបឋមសិក្សាចំបក់មាស ព្រមទាំងពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានា ដែលមាននៅក្នុងសាលាផងដែរ៕